Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆ្នាំ​២០២២​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ទទួលបាន​ថវិកា​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​ពី​ការលក់​ឥណទាន​កាបូន

Views: 9

​ដោយ​៖​ដេប៉ូ​/​មណ្ឌលគិរី​៖ ឆ្នាំ​២០២២​នេះ ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ចំនួន​៦០​ម៉ឺន​ដុល្លារ បាន​យកទៅ​ផ្តល់ជូន​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ចំនួន​២០​ភូមិ ហើយ​ក្នុងនេះ​មួយ​ភូមិៗ​អាច​ទទួលបាន​ថវិកា​ចាប់ពី​២​ម៉ឺន​ដល់​៤​ម៉ឺន​ដុល្លារ ដែល​ជួយ​ធ្វើឱ្យ​ការអភិវឌ្ឍន៍​តាម​តំបន់​មូលដ្ឋាន​របស់​ប្រជា​សហគមន៍​កាន់តែ​ប្រសើរឡើង​។​នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​របស់​ក្រសួងបរិស្ថាន​។​

​បញ្ជាក់​ក្នុងពេល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន ចុះ​សិក្សា​ស្វែងយល់​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ៖​សម្រាប់​ការលក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០២០ គឺ​បាន​ថវិកា​សរុប ១១,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ថវិកា​នេះ​រួមទាំង​ដែន​ជម្រក​កែវ​សីមា និង​រួមទាំង​ដែនជម្រកសត្វព្រៃ​ចំនួន​២​ទៀត​ដែល​យើង​កំពុង​លក់​ដែរ​គឺ​ដែនជម្រកសត្វព្រៃ​តា​តៃ និង​ឧ​ទ្យា​ជាតិ​ក្រវាញ​ខាងត្បូង​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ។​ពេលនេះ​យើង​បាន​ដាក់លក់​បន្ថែមទៀត​នៅ​ដែនជម្រកសត្វព្រៃ​ចំនួន​៤​ផ្សេងទៀត​គឺ ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​គូលែន​ក្រុង​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា​និង​ក្នុង​តំបន់ភ្នំ​ពក ភ្នំ​ត្នោត​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា “​នាពេលនេះ​យើង​កំពុង​បន្ត​នីតិវិធី​បន្ថែមទៀត​គឺ​នៅក្នុង​ក្របខណ្ឌ​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ដែល​នៅជាប់​ខេត្តពោធិ៍សាត់​និង​ជាប់​ខេត្តបាត់ដំបង​”​។​

​លោក រដ្ឋលេខាធិការ​បានបញ្ជាក់​ថា​ក្នុងការ​អនុវត្ត​គម្រោង​រេ​ដ​បូក​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដោយបាន​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ក៏ដូចជា​ការចូលរួម​ពីំ​ណាក់​ប្រជា​សហគមន៍​បានធ្វើ​ឱ្យទទួល​នូវ​លទ្ធផល​គួរ​ជាទី​មោទកភាព​។​
លោក​រដ្ឋ​លេខ​សា​ធិ​ការ​បាន​មានប្រសាសន៍ថា​៖”​សម្រាប់​ផ្ទៃដី​អនុវត្ត​គម្រោង​រេ​ដ​បូក​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ទំហំ ១៦៦.៩៨៣​ហិកតា​។​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) អនុវត្ត​គម្រោង​រេ​ដ​បូក តាំងពី​ឆ្នាំ​២០១៦​មក ពោលគឺ​ចាប់តាំងពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវបាន​ផ្ទេរ​ឱ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​”​។​


ជាមួយគ្នានេះ​លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ដែរ​ថា​គម្រោង​រេ​ដ​បូក​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា​យើង​ដូចជា​ជួយ​កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ កាត់បន្ថយ​ការបាត់បង់​ជីវៈចម្រុះ អភិវឌ្ឍ​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន តាមរយៈ​ការប្រើប្រាស់​ថវិកា​បែងចែក​ផលប្រយោជន៍​គម្រោង​រេ​ដ​បូក សម្រាប់​បំពេញបន្ថែម​ទៅក្នុង​ថវិកា​នៃ​ផែនការ​វិនិយោគ​ភូមិ ឃុំ​។ គម្រោង​មួយ​នេះ​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​លោកស្រី ឆាយ គឹម​ហៀក ប្រធាន​ផ្នែក​សហគមន៍រ​រេ​ដ​បូក​កែវ​សីមា នៃ​អង្គការ WCS បានឱ្យដឹងថា​នៅ​ឆ្នាំ​២០២២​នេះ គឺ​អង្គការ​មាន​យន្តការ​ថ្មីៗ សម្រាប់​បែងចែក​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​ឥណទាន​កាបូន​នេះ ដោយ​ផ្អែកទៅលើ​ការចូលរួម​អនុវត្តន៍ គម្រោង​រេ​ដ​បូក​របស់​សហគមន៍​នីមួយៗ ដោយ​ក្នុងនេះ​គេ​បានដាក់​ពិន្ទុ​លើ​សូចនាករ​ចំនួន​៣​ក្នុងនេះ​ដូចជា​៖ ពិនិត្យមើល​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​ច្រើនជាងគេ​គឺ​បាន​ពិន្ទុ​តិច​, ភូមិ​ណា​ដែល​ចុះ​ល្បាត​ញឹកញាប់ និង​រាយការណ៍​ពីបទ​ល្មើស ព្រៃឈើ​ច្រើន​នោះ នឹង​បាន​ពិន្ទុ​ច្រើន​ជាដើម​។​
គួរ​បញ្ជាក់ថា​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​តាមរយ​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​ក្នុងនេះ​មានដូចជា​៖​ការបញ្ជូន​កូន​ឱ្យចូល​សិក្សា និង​មានការ​ចូលរួម​សកម្មភាព​នានា ដើម្បី​ការពារ​ធនធានធម្មជាតិ​ជាដើម​៕​

Post navigation