Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​គំរាម​ជា​ថ្មី​ថា​នឹង​ប្រើ​កម្លាំង​ដើម្បី​ចូល​គ្រប់គ្រង​តៃវ៉ាន់​

Views: 14

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​បាន​គំរាម​ជាថ្មី​ថា​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​នាំ​កោះ​តៃវ៉ាន់​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។

​សេចក្តីថ្លែងការណ៍​ដូច្នេះ​កាលពី​ថ្ងៃ​ពុធ​ដោយ​ការិយាល័យ​កិច្ចការ​​តៃវ៉ាន់​នៃ​គណៈរដ្ឋមន្ត្រី​ចិន និង​នាយកដ្ឋាន​ព័ត៌មាន​របស់​វា​កើត​ឡើង​ចំពេលយោធា​ចិន​បាននិងកំពុង​ធ្វើ​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​និង​បើក​យន្តហោះ​រួមទាំង​នាវាចម្បាំង​ចូល​ក្នុង​អ្វីដែល​តៃវ៉ាន់​អះអាងថា​ជា​​ដែនអាកាស​និង​ដែនទឹក​របស់​ខ្លួន​អស់​ពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០​សីហា​នេះ នាវា​កងទ័ពជើងទឹក​ចិន​ត្រូវបាន​គេ​ឃើញ​សកម្ម​ក្នុង​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​និង​ខាងលិច​កោះ​តៃវ៉ាន់ នៅពេល​ចិន​ប៉េកាំង​បន្តធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ជា​ការផ្តល់​​មេរៀន​ចំពោះ​ការ​សមគំនិត​គ្នារវាង​កម្លាំង​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​និង​ក្រុម​មេដឹកនាំ​អាម៉េរិក​ដែល​នៅតែ​ចចេស​បន្ត​ផែនការ​ទស្សនកិច្ច​របស់​ប្រធាន​សភា​របស់​ខ្លួន​មក​កាន់​កោះ​ដែល​ចិន​អះអាងថា​ជា​ទឹក​​ដី​របស់​ខ្លួន​។​

​សមយុទ្ធ​យោធា​ចិន​រំខាន​ដល់​ការ​ជើងហោះហើរ​ស៊ីវិលនិង​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ដ៏​សំខាន់ ព្រមទាំងបណ្តាលអោយ​មាន​ការ​ថ្កោលទោស​ពី​អាម៉េរិក ជប៉ុន​និង​ប្រទេស​ដទៃ​ទៀត​។​

​សេចក្តីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​«​ខិតខំ​ធ្វើការ​ដោយ​ស្មោះ​បំផុត​ដើម្បី​សំរេច​អោយបាន​ការបង្រួបបង្រួម​ដោយ​សន្តិវិធី​។​តែ​យើង​នឹង​មិន​ច្រាន​ចោល​ការ​​ប្រើ​កម្លាំង យើង​នឹង​រក្សាទុក​ជំរើស​ចាត់វិធានការ​តាម​មធ្យោបាយ​ចាំបាច់​ទាំងអស់​។​នេះ​ដើម្បី​ការពារ​ទល់នឹង​ការជ្រៀតជ្រែក​មកពី​ក្រៅ និង​សកម្មភាព​ផ្តាច់ខ្លួន​ទាំងអស់​»​។​

​វា​បាន​បន្ថែមថា «​យើង​តែងតែ​ត្រៀម​ខ្លួន​ប្រើ​កម្លាំង​ឆ្លើយតប ឬ​មធ្យោបាយ​ចាំបាច់​ផ្សេងៗ​ចំពោះ​ការជ្រៀតជ្រែក​ដោយ​កម្លាំង​មក​ពី​ខាងក្រៅ ឬ​ចំណាត់ការ​រ៉ាឌីកាល់​ដោយ​សមាភាព​ផ្តាច់ខ្លួន​។​គោលដៅ​​ផ្តាច់​ព្រា​ត់របស់​យើង​គឺ​ត្រូវ​ធានា​លទ្ធភាព​នៃ​ការបង្រួបបង្រួម​ឡើងវិញ​ដោយ​សន្តិវិធី និង​ជំរុញ​ដំណើរការ​នេះ​»​។​

​ចិន​បាន​និយាយថា ចំណាត់ការ​គំរាម​នេះ​ជំរុញ​ឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​កាលពី​សប្តាហ៍​មុន​ដោយ​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​មក​កាន់​កោះ​តៃវ៉ាន់​ទោះជា​ទាំង​រដ្ឋាភិបាល​និង​កង​​ទ័ព​ចិន​បាន​ព្រមាន​ជាមុន​ក្តី។​

​តៃវ៉ាន់​និយាយថា ដំណើរ​ទស្សនកិច្ច​ដូច្នេះ​ជា​រឿង​ធម្មតា និង​ថា​ចិន​ប្រើ​វា​ជា​លេស​ដើម្បី​បង្កើន​ការ​សម្លុត​គំរាម​ដោយយោធា។​

​បន្ថែម​លើ​ការបង្ហាញ​កម្លាំងយោធា ចិន​ក៏​បាន​កាត់ផ្តាច់​ការចរចា​អំពី​បញ្ហា​ជា​ច្រើន​ចាប់​ពី​សន្តិសុខ​សមុទ្រ​ដល់​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​សហរដ្ឋ​អាម៉េរិក ។​

​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ថា សមយុទ្ធ​យោធា​ចិន​ឆ្លុះបញ្ចាំង​មហិច្ឆតា​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចង់​គ្រប់គ្រង​ផ្នែក​ដ៏​ធំ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច នៅពេល​យោធា​តៃវ៉ាន់​ចាប់​​ផ្តើម​សមយុទ្ធ​យោធា​ផង​ដែរ​ដើម្បី​ត្រៀម​ទប់ទល់​ចិន​៕

Post navigation