Views: 1
ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ យន្តហោះគំរូហាយប្រ៊ីដ (HWB) ឬយន្តហោះដឹកអ្នកដំណើរខ្នាតធំដែលមានស្លាបបញ្ចូលគ្នាជាមួយតួ (BWB)ដែលបង្កើតឡើងដោយសាកលវិទ្យាល័យពហុបច្ចេកទេសភាគពាយព្យ (NPU)របស់ចិនបានបញ្ចប់ការហោះហើរសាកល្បងរបស់ខ្លួនដោយជោគជ័យ ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់នៃការផ្ទៀងផ្ទាត់គំនិតស្រាវជ្រាវបច្ចេកវិជ្ជាខ្ពស់បែបនេះ។
យន្តហោះគំរូនេះបានធ្វើការហោះហើរសាកល្បងនៅឯអាកាសយានដ្ឋានអាកាសចរណ៍ទូទៅជីងបៀន (Jingbian) នៃទីក្រុងយូលីន (Yulin) ក្នុងខេត្តសាអានស៊ី (Shaanxi)ភាគពាយព្យប្រទេសចិន ដោយអនុវត្តការសាកល្បងដូចជាការហោះហើរនិងការចុះចត ការហោះឆ្លងកាត់ទីវាល ការហោះហើរស្វ័យប្រវត្តិលើផ្លូវដែលបានគ្រោងទុក និងបំពេញផែនការហោះហើរដែលបានគ្រោងទុកដោយជោគជ័យ។
លោក ចាង យ៉ុងជី (Zhang Yongjie) សាស្ត្រាចារ្យមកពីសាលាជំនាញអាកាសចរណ៍ស៊ីវិលនៃសាកលវិទ្យាល័យ NPU បាននិយាយថា”ក្នុងពេលកំពុងមានការកើនឡើងជាបន្តបន្ទាប់នៃតម្រូវការសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសសកល ការឡើងកម្តៅផែនដី និងវិបត្តិថាមពលអន្តរជាតិ ការអភិវឌ្ឍអាកាសចរណ៍បៃតង ដែលសន្សំសំចៃ ការពារបរិស្ថាន មានផាសុខភាព និងមានសុវត្ថិភាព បានក្លាយជាការឯកភាពគ្នាមួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិ”។
លោកចាងនិយាយថា រូបរាងរបស់យន្តហោះដែលបង្កើតឡើងដោយ NPU នេះមានតួធំនិងសំប៉ែត ដែលមានភាពបត់បែនខ្លាំង។ លោកចាងបន្តថាការផ្លាស់ប្តូររវាងតួនិងស្លាបគឺរលូនដោយគ្មានឧបសគ្គនោះទេ ហើយកាប៊ីនមានទីតាំងនៅក្រោមតួរាងកំប៉ោងរបស់វា។ លោកចាងបានបន្ថែមថា យន្តហោះប្រភេទនេះ ដែលមានស្លាបនិងតួរួមបញ្ចូលគ្នា ត្រូវបានគេហៅថា យន្តហោះ HWBដែលជាទិសដៅអភិវឌ្ឍន៍របស់យន្តហោះស៊ីវិលនាពេលអនាគត៕



យន្តហោះកំប៉ោង HWB ហោះហើរសាកល្បងដោយជោគជ័យ