Views: 8
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្រសួងការបរទេសចិនបានប្រតិកម្មនៅថ្ងៃសុក្រទី៣កុម្ភៈថា ពាក្យចចាមអារ៉ាមនិងការនិយាយបំប៉ោងមិនមានលក្ខណៈស្ថាបនាទេ ដរាបណាការពិតនៅមិនទាន់ត្រូវបានបញ្ជាក់ ជុំវិញរបាយការណ៍របស់ក្រសួងការពារជាតិអាម៉េរិកដែលថា បាឡុងចារកម្មចិនមួយហោះលើសហរដ្ឋអាម៉េរិក។
មន្ទីរបញ្ចកោណអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២កុម្ភៈថា ខ្លួនកំពុងតាមដានបាឡុងពណ៌ស ដែលមន្ត្រីអាម៉េរិកចោទថាជាឧបករណ៍ចាករម្មចិនខណៈវាហោះខ្ពស់លើសហរដ្ឋអាម៉េរិកដែលហាក់កំពុងឃ្លាំមើលទីតាំងអាវុធនុយក្លេអ៊ែរដែលមានភាពរសើបខ្លាំងនានា។
តាមសំណើរបស់ប្រធានាធិបតី ចូ បៃដិន រដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន និងក្រុមមន្ត្រីយោធាកំពូលបានពិចារណាបាញ់ទម្លាក់បាឡុងនោះ ប៉ុន្តែបានសម្រេចចិត្តថាការធ្វើបែបនេះនឹងបង្កគ្រោះថ្នាក់ដល់មនុស្សច្រើនពេកនៅលើដី នេះបើតាមមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ប្រាប់ទៅអ្នកយកព័ត៌មាន។
មន្ត្រីរូបនោះបាននិយាយថា បាឡុងនេះបានហោះពីលើភាគពាយព្យសហរដ្ឋអាម៉េរិក កន្លែងដែលមានមូលដ្ឋានទ័ពអាកាសដ៏រសើប និងកាំជ្រួចយុទ្ធសាស្ត្រនៅឃ្លាំងក្រោមដី។
តែអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់បាននិយាយនៅថ្ងៃសុក្រថា«យើងកំពុងតាមដានការបញ្ជាក់អំពីបញ្ហានេះ ។យើងសង្ឃឹមថា ភាគីទាំងពីរអាចដោះស្រាយបញ្ហានេះដោយចិត្តត្រជាក់និងដោយប្រុងប្រយ័ត្ន»៕

បាឡុងពណ៌ស ដែលមន្ត្រីអាម៉េរិកចោទថាជាឧបករណ៍ចាករម្មចិនកំពុងហោះនៅលើរដ្ឋម៉ុងតាណា