Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចក្រភព​ជំនួញ​របស់​មហាសេដ្ឋី​ឥណ្ឌា​លោក​អា​ដា​នី​វាយបក​វិញ​ក្រោយ​មាន​របាយការណ៍​វាយប្រហារ​អំពី​ការ​ក្លែងបន្លំ​ពី​អាម៉េរិក​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន​របស់​លោក ហ្គោ​តាម អា​ដា​នី (Gautam Adani) បាន​ហក់​ឡើង​ស្រឺតៗ​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​សប្តាហ៍​មុន ដែល​បាន​បំផ្លាញ​អស់​ជិត ៤៥ ពាន់​លាន​ដុល្លារ​ពី​អាណាចក្រ​ជំនួញ​ដ៏​ធំ​របស់​មហាសេដ្ឋី​ឥណ្ឌា​រូបនេះ​។​

​ការធ្លាក់ចុះ​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​របាយការណ៍​មួយ​ដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​អាម៉េរិក Hindenburg Research ដែល​បាន​ចោទប្រកាន់​អំពី “​ការ​បោក​បញ្ឆោត​ភាគហ៊ុន​ដ៏​អាក្រក់​និង​គម្រោងការណ៍​ក្លែងបន្លំ​គណនេយ្យ​អស់​ជាច្រើន​ទសវត្សរ៍​”​។​

​ក្រុមហ៊ុន​ឥណ្ឌា​បាន​និយាយថា ខ្លួន​ជា​ជនរងគ្រោះ​ពី​ការវាយប្រហារ​កេរ្តិ៍ឈ្មោះ “​ដ៏​អាក្រក់​ដោយ​ចេតនា​” ហើយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​មាន​កម្រាស់ ៤១៣ ទំព័រ​ដែល​ខ្លួន​និយាយ​ថា​បាន​បដិសេធ​រាល់​ការអះអាង​របស់​ក្រុមហ៊ុន​អាម៉េរិក Hindenburg ។​

​ដោយ​ដាក់​រហស្សនាម​ឱ្យ​ក្រុមហ៊ុន Hindenburg ថា “​ម៉ា​ដូ​ហ្វមក​ប្រចាំ​ម៉ាហាថែ​ន​” (Madoffs of Manhatta) ដែល​សំដៅលើ​អ្នក​ហិរញ្ញវត្ថុ​បោកប្រាស់​ឈ្មោះ បឺ​នី ម៉ា​ដូ​ហ្វ (Bernie Madoff) សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​និយាយថា ការចោទប្រកាន់​របស់​ក្រុមហ៊ុន Hindenburg គឺ “​គ្មានអ្វី​ក្រៅពី​ការ​កុហក​នោះទេ​”​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា “​នេះ​មិន​គ្រាន់តែ​ជា​ការវាយប្រហារ​យ៉ាង​អយុត្តិធម៌​មកលើ​ក្រុមហ៊ុន​ជាក់លាក់​ណាមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការវាយប្រហារ​ដែល​បាន​គ្រោងទុក​មុន​ទៅលើ​ប្រទេស​ឥណ្ឌា ដែល​មាន​ឯករាជ្យភាព បូរណភាព និង​គុណភាព​នៃ​ស្ថាប័ន​របស់​ឥណ្ឌា និង​ការរីកចម្រើន​និង​មហិច្ឆតា​របស់​ឥណ្ឌា​ទៀតផង​”​។​

​ក្រុមហ៊ុន Hindenburg បាន​ឆ្លើយតប​វិញ​ថា “​អនាគត​របស់​ឥណ្ឌា​កំពុង​ត្រូវបាន​រារាំង​ដោយ​ក្រុមហ៊ុន Adani Group ដែល​ជ្រក​ក្រោម​ទង់ជាតិ​ឥណ្ឌា ខណៈ​កំពុង​លួច​ប្រទេស​នេះ​ជា​ប្រព័ន្ធ​”​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា “​ទាក់ទង​នឹង​ខ្លឹមសារ ការឆ្លើយតប​កម្រាស់ ៤១៣ ទំព័រ​របស់​លោក​អា​ដា​នី រួមបញ្ចូល​តែ​ប្រហែល ៣០ ទំព័រ​ប៉ុណ្ណោះ​ដែល​ផ្តោត​លើ​បញ្ហា​ទាក់ទង​នឹង​របាយការណ៍​របស់​យើង​”​។​

“​ការឆ្លើយតប​នៅ​សេសសល់ ៣៣០ ទំព័រ​ទៀត​គឺជា​កំណត់ត្រា​តុលាការ រួម​ជាមួយ​កំណត់ត្រា​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់ ព័ត៌មាន​ទូទៅ និង​ព័ត៌មាន​លម្អិត​អំពី​គំនិត​ផ្តួចផ្តើម​សាជីវកម្ម​ដែល​មិន​ពាក់ព័ន្ធ​ចំនួន ៥៣ ទំព័រ ដូច​ជា​របៀប​ដែល​ក្រុមហ៊ុន​លើកទឹកចិត្ត​សហគ្រិន​ស្ត្រី​និង​ការផលិត​បន្លែ​សុវត្ថិភាព​ជាដើម​”​។​

​ជម្លោះ​កាលពី​សប្តាហ៍​មុន​បាន​ឃើញ​លោក​អា​ដា​នី ដែល​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី បាន​ធ្លាក់ចុះ​ពី​លេខ ៣ នៅក្នុង​បញ្ជី​អ្នក​មាន​របស់​ទស្សនា​វ​ដ្តី Forbes ។​

​នៅ​ថ្ងៃ​ចន្ទ​នេះ បុរស​វ័យ ៦០ ឆ្នាំ​រូប​នេះ​បាន​ស្ថិតនៅ​លំដាប់​ទី ១១ ក្នុង​ចំណាត់ថ្នាក់ ដែល​ដាក់​ទ្រព្យសម្បត្តិ​របស់​គាត់​នៅ​ចំនួន ៩០,៧ ពាន់​លាន​ដុល្លារ ទាប​ជាង​មហាសេដ្ឋី​ឥណ្ឌា លោក មូ​កេស អាម​បា​នី (Mukesh Ambani) ទៅទៀត ។​

​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Adani Enterprises បាន​ស្ទុះ​ងើប​ឡើងវិញ ៧,៣ ភាគរយ​នៅ​ទីក្រុង​មុំ​បៃ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ខណៈ​កំពង់ផែ​នានា​បាន​ជួញដូរ​ខ្ពស់ជាង ៤,៥ ភាគរយ​។​

​ប៉ុន្តែ​ក្រុមហ៊ុន Adani Total Gas បានឃើញ​ការជួញដូរ​ជាប់​ទ្រឹង​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​ធ្លាក់ចុះ ២០ ភាគរយ​។ ក្រុមហ៊ុន Adani Power និង Adani Wilmar ក៏​បាន​រង​ផលប៉ះពាល់​ផង​ដែរ​បន្ទាប់​ពី​ធ្លាក់ចុះ ៥ ភាគរយ​រៀងៗ​ខ្លួន​។​

​ក្រុមហ៊ុន Adani Transmission បាន​ធ្លាក់ចុះ ១៨,៣ ភាគរយ ហើយ​ក្រុមហ៊ុន Adani Green Energy បាន​បាត់បង់ ១៣ ភាគរយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។​

​ក្រុមហ៊ុន​ស៊ីម៉ងត៍ ACC និង Ambuja Cements ដែល​ទើបនឹង​ទិញ​ថ្មីថ្មោង​របស់លោក​អា​ដា​នី​បាន​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ការជួញដូរ​នៅ​កម្រិត ២,៦ និង ៥,៧ ភាគរយ​ខ្ពស់ជាង​សប្តាហ៍​មុន​៕

​មហាសេដ្ឋី​ឥណ្ឌា​លោក ហ្គោ​តាម អា​ដា​នី

Post navigation