Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

CMAC ជួយហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន លើបច្ចេកវិទ្យាបោសសម្អាតគ្រាប់មីន

Views: 5

ដោយៈ ទេព មង្គល / ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសេចក្ដីប្រកាសព័ត៌មានមួយ ស្តីពីកិច្ចសហប្រតិបត្តិការ លើសកម្មភាពកំចាត់មីន មនុស្សធម៌ ជាមួយប្រទេសអ៊ុយក្រែន តាមរយៈផ្តល់ការហ្វឹកហ្វឺន ដល់មន្ត្រីជំនាញ អ៊ុយក្រែន លើបច្ចេកវិទ្យាបោសសម្អាត គ្រាប់មីន ដែលត្រូវប្រព្រឹត្តទៅនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថាៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានកិត្តិយសសូមជម្រាបជូនសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន សកម្មភាពកំចាត់មីនមនុស្សធម៌ ជូនដល់មន្ត្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន។

បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារសង្គ្រាមនៅលើទឹកដី នៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គ ចំពោះប្រជាពលរដ្ឋអ៊ុយក្រែន ដែលមានបំណងវិលត្រឡប់ ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។ ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធ ភណ្ឌសង្គ្រាម ជាសកម្មភាពមនុស្សធម៌ ដ៏ចាំបាច់ និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាព ប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។ ទន្ទឹមនឹងនេះ កិច្ចការបោសសម្អាតគ្រាប់មីន និងសំណល់ យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជា ការកសាងទំនុកចិត្តរបស់ ប្រជាពលរដ្ឋ លើសុខសុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ ត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។

ផ្អែកលើបទពិសោធន៍ ដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ប្រកបដោយជោគជ័យ តាមរយៈការអនុវត្ត សកម្មភាពកំចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២ នោះ រាជរដ្ឋាភិបាលកម្ពុជា មានសុឆន្ទៈ ក្នុងការជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុង វិស័យសកម្មភាពមិនមនុស្សធម៌ ជូនប្រជាជនអ៊ុយក្រែន។ ក្នុងស្មារតីនេះ នាសម័យប្រជុំ កំពូលអាស៊ានលើកទី ៤០-៤១ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងឯកភាពជាមួយឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការ បោសសម្អាតមីន មនុស្សធម៌នៅប្រទេសអ៊ុយក្រែន។

ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ អង្គភាព CMAC នឹងរៀបចំ ការហ្វឹកហ្វឺនជូនមន្ត្រីជំនាញសកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ន នៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា “SESU នៅកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីន ប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន ។

ក្នុងកម្មវិធីហ្វឹកហ្វឺននេះ មាន ៤ វគ្គ ដែលអាចអនុញ្ញាត ជូនប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មាន ដូចជា (១) ពិធីបើកវគ្គហ្វឹកហ្វឺន (២) ដំណើរទស្សនកិច្ចចំការមីន (៣) ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាព សកម្មភាពមីននិងការធ្វើប្រតិបត្តិការបង្ហាញ និង (៤) ពិធីបិទវគ្គហ្វឹកហ្វឺន ៕ V / N

Post navigation