Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំណុច​គន្លឹះ​ទាំង​ប្រាំពីរ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​បិទ​កីឡា​ជាតិ​លើក​ទី​៣

Views: 6

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡា​ជាតិ​លើក​ទី​៣ ត្រូវបាន​បិទ​នា​ព្រលប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ហើយ​ជាមួយគ្នា​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានផ្ដល់​នូវ​ចំណុច​គន្លឹះ​ចំនួន​ប្រាំពីរ​រួមមាន​៖

​ទី​១. ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រាជធានី​ខេត្ត​ដែល​មិនទាន់មាន​ក្រុមកីឡា​ចូលរួម​ប្រកួត ត្រូវបង្កើត​អង្គភាព​កីឡា ឬ​សមាគម​កីឡា​ប្រចាំ​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​រាជធានី​ខេត្ត​របស់ខ្លួន​ដោយមាន​យន្តការ​គ្រប់គ្រង​ដឹកនាំ​ច្បាស់លាស់​មាន​តម្លាភាព​ក្នុងការ​គ្រប់គ្រង និង​បង្កើន​សមត្ថភាព​កីឡាករ​កីឡាការិនី​រប​ស់​ខ្លួន​ជាប្រចាំ​សម្រាប់​ចូលរួម​ក្នុង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។​
ទី​២. ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រាជធានី​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្កើត​ក្រុមកីឡា​ដែល​ខ្លួន​មាន​ឧត្តមភាព និង​ត្រូវ​រៀបចំ​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង តាម​ពេលវេលា សមស្រប​សម្រាប់​ពង្រឹង​សមត្ថភាព​កីឡាករ​កីឡាការិនី ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឱ្យបាន​កាន់តែច្រើន​។​

​ទី​៣. គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ត្រូវ​ជំរុញ​ល្បឿន​នៃ​ការត្រៀមខ្លួន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាស្រេច​ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ខ្ពស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​កម្រិត​អន្តរជាតិ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ទី​៤. គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​ខេត្ត​ត្រូវ​ពង្រីក​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ស្របតាម​អភិក្រម «​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ជាបន្ទាន់​សំដៅ​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ ការគ្រប់គ្រង និង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​នៅ​ឆ្នាំ​២០២៣​។​

​ទី​៥. សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​ទាំងអស់ សូម​ចូលរួម​ដល់​មូលនិធិ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ដល់​ភាព ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​កម្រិត​អន្តរជាតិ​នេះ​។​
​ទី​៦. សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី «​ប្រជាជន​ម្នាក់ ជា​ម្ចាស់ផ្ទះ​ម្នាក់​» ពិសេស​ប្រជាជន​នៅតាម​រាជធានី​ខេត្ត​ដែល​ត្រូវ​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ សូម​រៀបចំ​អនាម័យ​ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ និង​រៀបចំ​តុបតែង​លម្អ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​មូលដ្ឋាន​របស់ខ្លួន​សំដៅ​លើក​មុខមាត់​កម្ពុជា និង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

ទី​៧. សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​រៀបចំ​កម្មវិធី​យុទ្ធនា​ការអប់រំ​សង្គម «​មាន​អ្វី​លើសពី​ការប្រកួត​កីឡា​» (Beyond the Games) របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បច្ច័យ​ជា​វិជ្ជមាន​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា​ថា​កីឡា​ជាតិ​លើក​ទី​៣ គឺមាន​ប្រតិភូ​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី​ចូល​​រួម​សរុប ៣.៣៣៦​នាក់ មកពី​២៥​រាជធានី​-​ខេត្ត និង បី​ក្រសួង ដោយ​ប្រកួត​លើ ៣៨​ប្រភេទ​កីឡា ស្មើនឹង ៣៣៤​វិញ្ញាសា​។​

​ចំពោះ​កីឡា​ជាតិ​ជនពិការ លើក​ទី​១ មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២១៣​នាក់ មកពី ១៥​រាជធានី​-​ខេត្ត ដែល​ប្រកួត​លើ ប្រាំពីរ​ប្រភេទ​កីឡា ស្មើនឹង ៤៥​វិញ្ញាសា​។​​រីឯ​លទ្ធផល​បច្ចេកទេស​រុ​ប​នៃ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ សម្រាប់​ក្រសួង​-​ស្ថាប័ន និង​រាជធានី​ខេត្ត​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​រួមមាន​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​
​លេខ​១ ឈ្នះ​មេដាយមាស ១០៤, ប្រាក់ ៦១ និង​សំរឹទ្ធ ៤៩ សរុប ២១៤​គ្រឿង​។ ក្រសួងការពារជាតិ ឈរ​លេខ​២ ឈ្នះ​មេដាយមាស ៦០, ប្រាក់ ៣៣ និង​សំរឹទ្ធ ៣១ សរុប ១២៤​គ្រឿង​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២៩, ប្រាក់ ២៤ និង​សំរឹទ្ធ ២៤ សរុប ៧៧​គ្រឿង​។ ខេត្តព្រៃវែង ឈរ​លេខ​៤ ឈ្នះ​មេដាយមាស ១៧, ប្រាក់ ២៨ និង​សំរឹទ្ធ ២៩ សរុប ៧៤ និង​ខេត្តសៀមរាប ឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១៥, ប្រាក់ ២២ និង​សំរឹទ្ធ ២១ សរុប ៥៨​គ្រឿង​។​

​ចំណែក​កីឡា​ជាតិ​ជនពិការ លើក​ទី​១ ក្នុងចំណោម ៤៥​វិញ្ញាសា គឺ​ខេត្តសៀមរាប ឈរ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្ដើមបាន​មេដាយមាស ១៥, ប្រាក់ ៤ និង​សំរឹទ្ធ ៩ សរុប ២៨​គ្រឿង​។ ខេត្តស្វាយរៀង ឈរ​លេខ​២ ឈ្នះ​មេដាយមាស ៧, ប្រាក់ ៥ និង​សំរឹទ្ធ ១ សរុប ១៣​គ្រឿង​។ ខេត្តកំពត ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៤ និង​ប្រាក់ ៣ សរុប ៧​គ្រឿង​។ រាជធានី​ភ្នំពេញ ឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣, ប្រាក់ ៩ និង​សំរឹទ្ធ ១០ សរុប ២២​គ្រឿង​។ ខេត្តកំពង់ស្ពឺ ឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣, ប្រាក់ ៤ និង​សំរឹទ្ធ ៣ សរុប ១០​គ្រឿង និង​ខេត្តព្រៃវែង ឈរ​លេខ​៦ ឈ្នះ​មេដាយមាស ៣, ប្រាក់ ១ និង​សំរឹទ្ធ ៣ សរុប ៧​គ្រឿង​៕​

Post navigation