Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​អ្នក​ស្លាប់​ក្នុង​ការតវ៉ា​នៅ​អ៊ីរ៉ង់​កើនឡើង​ជុំវិញ​ការស្លាប់​ស្ត្រី​ជាប់ឃុំ​ជនជាតិ​ឃឺ​ដ​ម្នាក់​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​មនុស្ស ១៧ នាក់​ត្រូវបាន​សម្លាប់​ខណៈ​ភាពចលាចល​សង្គម​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​២២​កញ្ញា​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​ការស្លាប់​ស្ត្រី​ជាប់ឃុំ​ជនជាតិ​ឃឺ​ដ ឈ្មោះ ម៉ាសា អា​មី​នី (Mahsa Amini)​ខណៈ​សេវាកម្ម​អន​ឡាញ​ត្រូវបាន​កាត់ផ្តាច់​នៅក្នុង​ការបង្ក្រាប​សន្តិសុខ​។​

​នាង​អា​មី​នី​អាយុ ២២ ឆ្នាំ​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន បន្ទាប់​ពី​ការចាប់ខ្លួន​របស់​នាង​ពី​សំណាក់​ប៉ូលិស​សីលធម៌​ដ៏​គួរ​ឱ្យ​ខ្លាច​របស់​សាធារណរដ្ឋ​អ៊ីស្លាម​ដោយ​ចោទប្រកាន់​នាង​ថា​បាន​ពាក់​កន្សែង​​ជួតក្បាល​ហ៊ី​ចាប​តាមរបៀប “​មិន​សមរម្យ​” ហើយ​ព័ត៌មាន​នៃ​ការស្លាប់​របស់​នាង​បាន​បង្ក​ឱ្យ​មាន​កំហឹង​ពេញ​ផ្ទៃ​ប្រទេស​។​

​បាតុករ​ត្រូវគេ​ស្តាប់​ឮ​ស្រែក​ថា “​ស្លាប់​ទៅ​ជន​ផ្តាច់ការ​” និង “​ស្ត្រី ជីវិត សេរីភាព​”​នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុងអំឡុងពេល​នៃ​រលក​បាតុកម្ម​ធំ​បំផុត​​ដែល​អង្រួន​ប្រទេស​ក្នុង​រយៈពេល​ជិត​បី​ឆ្នាំ​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បានដាក់​ប៉ូលិស​សីលធម៌​នៅក្នុង​បញ្ជីខ្មៅ​ទណ្ឌកម្ម​របស់ខ្លួន ដោយ​ចាប់​ប៉ូលិស​នេះ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​នាង​អា​មី​នី និង​បាន​លើកឡើង​ពី​”​ការរំលោភបំពាន​​និង​អំពើ​ហិង្សា​លើ​ស្ត្រី​អ៊ីរ៉ង់ និង​ការរំលោភ​សិទ្ធិ​របស់​អ្នក​តវ៉ា​អ៊ីរ៉ង់​ដោយ​សន្តិវិធី​”​។​

​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​មួយចំនួន​បាន​ដុត​កន្សែង​ជួតក្បាល​និង​កាត់សក់​ជា​និមិត្តរូប​ដើម្បី​តវ៉ា​ចំពោះ​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង ដើម្បី​បន្ទរ​តាម​ការតវ៉ា​ពី​ទីក្រុង​ញូវយ៉ក​រហូត​ដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឱ្យដឹងថា ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវការ​បាន​កើនឡើង​ដល់​យ៉ាងហោចណាស់​១៧ នាក់ រួម​ទាំង​បុគ្គលិក​សន្តិសុខ​ប្រាំ​នាក់​ផងដែរ​។​ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​អ៊ីរ៉ង់ (IHR) ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូ​ស្លូ បាន​និយាយថា ខ្លួន​បាន​រាប់ការ​ស្លាប់​ជន​ស៊ីវិល​យ៉ាងតិច ៣១ នាក់​។​

​នាយក​ប្រតិបត្តិ​អង្គការ លោក ម៉ា​មូដ អា​មី​រី ម៉ូ​ហ្គាដ​ដា​ម (Mahmood Amiry-Moghaddam) បាន​និយាយថា ប្រជាជន​អ៊ីរ៉ង់​បាន​ប្រមូលផ្តុំ​គ្នា​”​ដើម្បី​សម្រេចបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​​សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​…​ហើយ​រដ្ឋាភិបាល​កំពុង​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ​ជា​មួយ​គ្រាប់កាំភ្លើង​”​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​និង​អង្គការ​សិទ្ធិមនុស្ស​ដទៃ​ទៀត​បាន​និយាយថា កងកម្លាំង​សន្តិសុខ​បាន​បាញ់​ទៅលើ​ហ្វូង​មនុស្ស​ជា​មួយ​គ្រាប់​បាញ់​ចាប​និង​គ្រាប់​ដែក​ហើយ​បាន​ដាក់ពង្រាយ​ឧស្ម័ន​​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន IRNA ផ្លូវការ​បាន​និយាយថា ក្រុមបាតុករ​បាន​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស ដុត​រថយន្ត​ប៉ូលិស និង​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​។​

​រូបភាព​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​បាន​បង្ហាញ​ក្រុមបាតុករ​កម្ទេច​ឬ​ដុត​រូបភាព​មេដឹកនាំ​កំពូល លោក អាយ៉ា​តូឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei) និង​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​លោក កា​សេម សូឡី​ម៉ា​នី (Qasem Soleimani)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​និយាយថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​ថតរូប​ជា​ស្ត្រី​ពីរ​នាក់​គឺ នាង នី​លូ​ហ្វា ហា​មេ​ឌី (Niloufar Hamedi) នៃ​កាសែត​កំណែទម្រង់ Shargh និង​នាង យ៉ាល់​ដា ម៉ៅ​យេ​រី (Yalda Moayeri) ដែល​ធ្វើការ​ឱ្យ​សារព័ត៌មាន​ក្នុងស្រុក ក៏ដូចជា​សកម្មជន​ឈ្មោះ ម៉ូ​ហា​ម៉េត រី​ហ្សា ចា​ឡៃ​ពួ (Mohammad-Reza Jalaipour) ។​

Iran International ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បាន​និយាយថា អ្នក​ធ្វើ​យុទ្ធនាការ​សេរីភាព​បញ្ចេញមតិ​ដ៏​លេចធ្លោ ហូ​ស​សេន រ៉ូ​ណាហ្គី (Hossein Ronaghi) ត្រូវបាន​ចាប់ខ្លួន ខណៈ​គាត់​កំពុង​ផ្តល់​បទសម្ភាសន៍​ដល់​ពួកគេ​៕

ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​មួយចំនួន​បាន​ដុត​កន្សែង​ជួតក្បាល​និង​កាត់សក់​ជា​និមិត្តរូប​ដើម្បី​តវ៉ា​ចំពោះ​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​

Post navigation