Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ខណៈចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយនេះកំពុងកើនឡើងខ្ពស់ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រហែលជាកុមាររាប់ពាន់បានស្លាប់។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅក្នុងខេត្តចំនួន១០ រយៈពេល៣ខែ។ ទោះយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងទីក្រុងជាច្រើននៃប្រទេសតួកគី ដែលរងការខូចខាត បានសម្តែងការខឹងសម្បា និងអស់សង្ឃឹមចំពោះការឆ្លើយតបយឺតយ៉ាវ និងមិនគ្រប់គ្រាន់ពីអាជ្ញាធរ ចំពោះគ្រោះរញ្ជួយដីដ៏ប្រល័យបំផុតដែលបានវាយប្រហារប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៩៩។​

ប្រជាពលរដ្ឋម្នាក់ឈ្មោះ មូរ៉ាត់ អាលីណាក់ (Murat Alinak) ដែលផ្ទះរបស់គាត់នៅក្នុងទីក្រុង ម៉ាឡាត់យ៉ា (Malatya) ប្រទេសតួកគី បានដួលរលំ និងសាច់ញាតិរបស់គាត់កំពុងបាត់ខ្លួន បាននិយាយថា «មិនមាននរណាម្នាក់នៅទីនេះទេ។ យើងស្ថិតនៅក្រោមព្រិល ដោយគ្មានផ្ទះ និងគ្មានអ្វីទាំងអស់។ តើខ្ញុំត្រូវធ្វើអ្វី? តើខ្ញុំអាចទៅណាបាន?»

នៅទីក្រុងហាម៉ា (Hama) ប្រទេសស៊ីរី ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាប់ដាឡា អាល់ដាហាន (Abdallah al Dahan) បាននិយាយថា «វាជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុត ដែលខ្ញុំមិនដែលបានឃើញក្នុងជីវិតខ្ញុំ»។

ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយប្រឈមនឹងផ្លូវដែលត្រូវបានបំផ្លាញ អាកាសធាតុមិនអំណោយផល និងកង្វះខាតធនធាន និងឧបករណ៍ធុនធ្ងន់។ តំបន់មួយចំនួនគ្មានប្រេងឥន្ធនៈ និងអគ្គិសនី។

មន្ត្រីផ្នែកជំនួយ បានសម្តែងការព្រួយបារម្ភ ជាពិសេសអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី ដែលរងទុក្ខរួចហើយដោយវិបត្តិមនុស្សធម៌ បន្ទាប់ពីសង្គ្រាមស៊ីវិលជិត១២ឆ្នាំ។

ក្រុមអ្នកជួយសង្គ្រោះតួកគី ជាង១២ ០០០នាក់ កំពុងធ្វើការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ រួមជាមួយនឹងទាហានចំនួន៩ ០០០នាក់។ ប្រទេសជាង៧០ បានផ្តល់ក្រុមជួយសង្គ្រោះ និងជំនួយផ្សេងទៀត។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៨ រិចទ័រ កាលពីថ្ងៃចន្ទ បានធ្វើឱ្យអគាររាប់ពាន់ រួមទាំង មន្ទីរពេទ្យ សាលារៀន ដួលរលំ ហើយមនុស្សរាប់ម៉ឺននាក់រងរបួស និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតគ្មានផ្ទះសម្បែង នៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៥ ៨៩៤នាក់ និងជាង ៣៤ ០០០ នាក់បានរងរបួស រីឯនៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់កើនដល់ប្រមាណ១ ៩៣២នាក់៕