Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចប់រដូវបិទនេសាទ មន្ត្រីជលផលខេត្តស្ទឹងត្រែង បង្រ្កាបបំផ្លាញឧបករណ៍ និងបានឃាត់ខ្លួនមនុស្ស ទៅតុលាការ

Views: 1

ដោយ: សុខុម / ស្ទឹងត្រែង: មន្ត្រីជលផលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែឧសភា មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីជលផលខេត្តស្ទឹងត្រែង ដកហូតបាននូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន និងបានបំផ្លាញរនាំង ចាប់យកត្រី ព្រមទាំងឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងកសាងសំណុំរឿង ទៅតុលាការ។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានប្រាប់ឲ្យដឹងថាៈ រដូវបិទនេសាទឆ្នាំនេះ សម្រាប់យុទ្ធនាការការពារ និងអភិរក្សធនធានជលផល ក្នុងរដូវបិទនេសាទរបស់ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរ មូលដ្ឋាន កម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ បានដកហូតមងបណ្ដែតវែងៗ ដែលប្រជានេសាទលួចបណ្ដែត បានប្រវែង ១៦.៥០០ ម៉ែត្រ សន្ទូចរនងដែលដាក់ នៅតាមអន្លង់អភិរក្ស និងតំបន់ហាមឃាត់ បានចំនួន ៤.០៦៩ ផ្លែ ដែលប្រជានេសាទ លួចដាក់នៅកន្លែងអភិរក្ស និងដាក់ក្នុងអន្លង់ចាប់ត្រីមេពូជ។

ជាមួយគ្នានេះ មន្ត្រីជលផលខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសនេសាទ ដោយឧបករណ៍ឆក់ ក្នុងនោះដកហូតបាន ក្បាលឆក់ ៣គ្រឿង ដងឆក់ ២គូ អាគុយ ២គ្រឿង ថ្នង ២គ្រឿង និងទូកម៉ាស៊ីនចំនួន ៥គ្រឿង ហើយបានបំផ្លាញរបាំងព្រួលសាច់អួន ប្រវែង ១.៣៧០ ម៉ែត្រ បង្គោល ៦០០ ដើម, លូសាច់អួន ៨មាត់, លប ២៧គ្រឿង, លូប្រើស ៨ គ្រឿង ព្រមទាំងបាន លែងត្រីបបែលយក្សទឹកសាប ចំនួន ៣ក្បាល កូនត្រីបបែលយក្សទឹកសាប ១ក្បាល និងត្រីមេពូជ ប្រមាណ ១២០ គីឡូក្រាម ចូលក្នុងធម្មជាតិវិញ។

ក្នុងអំឡុងពេលនោះដែរ មន្ត្រីជលផលខេត្តស្ទឹងត្រែង បានផ្សព្វផ្សាយ អប់រំ ណែនាំ ប្រជានេសាទ ដែលនេសាទដោយប្រើឧបករណ៍ មងបណ្តែតគ្រប់ប្រភេទ ក្នុងរដូវបិទ នេសាទ ចំនួន ៥៥៩ នាក់ និងធ្វើកិច្ចសន្យាកុំឲ្យប្រព្រឹត្តិបន្តទៀត ចំពោះប្រជានេសាទ ដែលនៅតែបន្តនេសាទ នៅក្នុងរដូវបិទនេសាទ ចំនួន ១១៥ នាក់។ ទន្ទឹមនឹងនេះ មន្ត្រីជលផលខេត្តស្ទឹងត្រែង ក៏បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាអ្នកប្រមូលទិញត្រី ឲ្យបញ្ឈប់ទិញត្រី បានពីការនេសាទខុសច្បាប់ ចំនួន ១៨នាក់ បានចុះផ្សព្វផ្សាយដល់ អាជីវករលក់ត្រី នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ពីប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ និងណែនាំអ្នកលក់ឧបករណ៍នេសាទ ពីប្រភេទឧបករណ៍នេសាទ ខុសច្បាប់ បានចុះផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដល់សគមន៍នេសាទតាមដងទន្លេទាំង៣។ ផ្សព្វផ្សាយពីរដូវបិទនេសាទ ឲ្យបានជ្រួតជ្រាប តាមវិទ្យុ ទូរទស្សន៍ ផ្សាយតាមមេក្រូ ខិតប័ណ្ណ បណ្តាញទំនាក់ទំនងសង្គម និងជួបផ្ទាល់ តាមខ្នងផ្ទះ ហើយក៏បានចុះល្បាតជាប្រចាំ នៅតាមតំបន់អភិរក្សសត្វផ្សោតទាំងបួនអន្លង់ ដើម្បីបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសជលផល។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បាននិយាយបន្តថាៈ ដល់រដូវបើកនេសាទ ឡើងវិញ មន្ត្រីជំនាញនៅតែបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ​អាជ្ញាធរមូលដ្ឋាន​ និងសហគមន៍នេសាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មេីស ក្នុងដែននេសាទជាបន្ត។

លោក ស្រី សមវិចិត្រ សំណូមពរដល់ប្រជានេសាទ ឲ្យគោរពច្បាប់ ស្ដីពីជលផល​ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ​ កុំប្រេីឧបករណ៍នេសាទហាមឃាត់​កុំនេសាទកន្លែង អភិរក្ស​ឬកន្លែងហាមឃាត់ កុំចាប់ប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ បេីសិននេសាទបាន សូមលែងទៅវិញ និងចូលរួមការពារ​និងអភិរក្សធនធានជលផល ទាំងអស់គ្នា៕/V-PC

Post navigation