Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទារកប្រមាណជា ៥៣៣ នាក់ ទទួលអាហារូបត្ថម្ភ ពីអភិបាលខេត្តកំពង់ស្ពឺ

Views: 3

ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា សម័យតេជោ ឧស្សាហកម្ម មានការរីកចម្រើនខ្លាំង នៅតាមផ្ទះភាគច្រើន គេសង្កេតឃើញ លោកយាយ លោកតា ដែលកូនៗ ត្រូវចេញទៅប្រកបការងារ ជាកម្មករ កម្មការិនីរោងចក្រ ហើយបានទម្លាក់ចៅ ឱ្យមើលបីបាច់ថែរក្សា ។

លោក វ៉ី សំណាង​បានលើកឡើងដូច្នេះ កាលពីព្រឹកថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ទឹកដោះគោ ដល់កុមារតូច មានអាយុចាប់ពីមួយថ្ងៃ ដល់ ២ឆ្នាំ ដែលកំពុងរស់ក្នុងបន្ទុកតាយាយ ចំនួន ៥៣៣ នាក់ ក្នុងភូមិទាំង ១៩ នៃឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ដោយគិតក្នុងចំណោម អ្នកដែលធ្វើការក្នុងរោងចក្រ មានប្រមាណ ៩០ ភាគរយ ជាស្រ្តី  ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីអាចឱ្យពួកគេ ទៅធ្វើការនៅតាមទីប្រជុំជនបាន ស្ត្រីខ្លះ ត្រូវបង្ខំចិត្តទុកកូនរបស់ខ្លួន ឱ្យនៅស្រុកកំណើត ឬផ្ញើជាមួយក្រុមគ្រួសារ ដែលមានម្តាយ ឪពុក ដែលមានវ័យចាស់ ឱ្យមើលចិញ្ចឹមបីបាច់ថែទាំ ជំនួសពេញមួយថ្ងៃៗ ដើម្បីពួកគេ មានឱកាសក្នុងការប្រកបកិច្ចការងារ។ ដូច្នេះនៅតាមផ្ទះនីមួយៗ ក្នុងភូមិ គេសង្កេតឃើញ តែតាយាយប៉ុណ្ណោះ ដែលនៅជាមួយចៅ ហាក់បីដូចមនុស្សចាស់ មានកូនតូចអញ្ចឹង។

លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងនូវការកោតសរសើរ ដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ដែលគិតមកទល់ពេលបច្ចុប្បន្ននេះ ហាក់មានភាព ល្អប្រសើរខ្លាំង កូនក្មួយមានការងារធ្វើគ្រប់គ្នា។ កាលដើមឡើយ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ មិនត្រូវបានគេទទួលស្គាល់ឡើយ ហើយមានរហូតពេលខ្លះ ត្រូវបានគេ រើសអើង ថែមទៀតផង ដោយខ្លះថា ពលរដ្ឋក្នុងខេត្តនេះ មានភាពខ្ជិលច្រអូស ចេះតែឡើង ត្នោតមួយមុខប៉ុណ្ណោះ។ តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ពលរដ្ឋក្នុងខេត្តនេះ មានជីវធូរធារ ស៊ីវិល័យ ហើយគិតមកថ្ងៃនេះ អ្នកឡើងត្នោត សឹងតែមិនមានទៀតទេ។

ជាមួយគ្នានេះដែរ លោក វ៉ី សំណាង ក៏បានបញ្ជាក់បន្ថែមថាៈ សម្រាប់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគជាច្រើន គឺបាននិងកំពុងដាក់គោលដៅវិនិយោគ ដោយក្នុងនោះមានរោងចក្រ មួយចំនួន កំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនី បន្ថែមទៀត ឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្រ បន្តបើកទ្វារនេះដែរ រដ្ឋបាលខេត្ត កំពុងជួបនូវវិបត្តិកង្វះ កម្មករ ដើម្បីបំពេញតម្រូវការងារ ដោយក្នុងនោះ ខេត្តកំពុងប្រកាសរកកម្មករ ប្រមាណជាង ១ ម៉ឺននាក់បន្ថែមទៀត។

គូបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្ន គិតសរុបមានចំនួន ដល់ទៅ ៣៨១ កន្លែង ហើយមានកម្មករ និយោជិត សរុប ១៥៥.៥៥២ នាក់ ស្រី ១១៥.២៦៦ នាក់ ។ ក្នុងនោះ វាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង មានចំនួន ដល់ទៅ ១៨៧ កន្លែង និងមានកម្មករ និយោជិត សរុប ១៤៥.៤២៧ នាក់ ស្រី ១១០.៧៤១ នាក់ ផងដែរ៕ V / N

Post navigation