Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារ​អេស៊ីលីដា​និង​ធនាគារ​ជប៉ុន SMBC អបអរ​ខួប​១០​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​

Views: 3

ដោយៈ​សុផល​/​ភ្នំពេញ​៖ កាល​១០​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​២០១២ ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​ជប៉ុន Sumitomo Mitsui Banking Corporation (SMBC)​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការបង្កើត​ការិយាល័យ​សារ​ជីវ​កម្ម​អន្តរជាតិ​របស់​ធនាគា​រ​អេស៊ីលីដា​ដើម្បី​អាចឱ្យ​ធនាគារ​ផ្តល់​សេវាកម្ម​ដល់​សហគ្រាស​ធំៗ​ពិសេសសហគ្រាស​ជប៉ុន​។​

​ឥឡូវ​នៅ​ឆ្នាំ​២០២២​នេះ គឺជា​គម្រប់​ខួប​១០​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារ​ទាំងពីរ ហើយ​បន្ទាប់ពី​សម្រេចបាន​សមិទ្ធិ​ផល​ដ៏​ល្អ​និង​ជោគជ័យ​គួរឱ្យកត់សម្គាល់​ភាគី​ទាំង​ពីរបាន​យល់ព្រម​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ជាពិសេស​ការការពារ​ប​រិ​ស្ថាន សង្គម​និង​អភិបាលកិច្ច​សារ​ជីវ​កម្ម​។​

​ថ្លែង​ក្រោយ​ការចូលរួម​អបអរ​ខួប​១០​ឆ្នាំ​ភាពជា​ដៃគូ​រវាង​អេស៊ីលីដា​និង​ធនាគារ​ជប៉ុន SMBC​នៅ​ព្រឹក​ថ្ងៃទី​១២​សីហា​នៅ​ការិយាល័យ​កណ្តាល លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា​រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​ធនាគារ​ជប៉ុន​SMBC​សហការ​ជាមួយ​ធនាគារ​អេស៊ីលីដា​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​គឺ​បង្កើត​ការិយាល័យ​សារ​ជីវ​កម្ម​អន្តរជាតិ​របស់​ធនាគា​រ​អេស៊ីលីដា​ដើម្បី​អាចឱ្យ​ធនាគារ​ផ្តល់​សេវាកម្ម​ដល់​សហគ្រាស​ធំៗ​ពិសេស សហគ្រាស​ជប៉ុន​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១២​កន្លងទៅ​។​

​បណ្ឌិត​ អ៊ិន ​ចាន់នី ​បាន​បន្តថា​គោលដៅ​សហប្រតិបត្តិការ​រវាង​ធនាគារ​ទាំងពីរ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​ក្រុមប្រឹក្សាភិបាល​រហូតដល់​ភាគ​ទុ​និក​ដោយ​យើង​បាន​សហការគ្នា​បានល្អ​ណាស់​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​បន្តទៀតថា​បន្ទាប់​ពី​ចុះ​អនុស្សារណៈ​ជាមួយគ្នា​រួចហើយ​ធនាគារ​ជប៉ុន​SMBC​បាន​ចូល​ហ៊ុន​និង​បាន​កាន់កាប់​ភាគហ៊ុន​ចំនួន​១២.២៥​ភាគរយ​នៅ​ឆ្នាំ​២០១៤​និង​បង្កើន​ហ៊ុន​រហូតដល់​ទៅ​១៨.២៥​ភាគរយ​រហូតមកដល់​ប​បច្ចុប្បន្ន​។​​ចំពោះ​ការិយាល័យ​សារ​ជីវ​កម្ម​អន្តរជាតិ​នៅពេល​ចុះ​អនុស្សារណៈ​នៅ​ឆ្នាំ​២០១២​មាន​អតិថិជន​តែ​៩​ពាន់​ខ្នាត​សារ​ជីវ​កម្ម​ដែលមាន​ទឹកប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​។​ប៉ុន្តែ​មកដល់​សព្វថ្ងៃ​ចំនួន​អតិថិជន​បាន​កើន​ដល់​២១​ពាន់​ខ្នាត​សាជីវកម្ម​មាន​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​បណ្ឌិត​អ៊ិន​ចាន់នី​បានឱ្យដឹង​ទៀតថា​ក្រៅពី​ពង្រឹង​ធនធាន​តាំងពី​ថ្នាក់​វិជ្ជាជីវៈ​រហូតដល់​ភាគ​ទុ​និក​យើង​បាន​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​។​ដោយ​ខាង​ភាគី​ជប៉ុន​បា ន រៀបចំ​ទស្សនកិច្ច​មួយ​ឱ្យ​ខាង​ធនាគារ​អេស៊ីលីដា​ទៅ​មើល​ធន​គារ​BPTN​មួយ​ដែល​គាត់​បាន​កាន់កាប់​ភាគហ៊ុន​ច្រើន​នៅ​ប្រទេស​ឥណ្ឌូនេស៊ីក្នុងការ​បង្កើត​អេបឌីជីថល​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ថា​« ការជួប​ជុំគ្នា​ថ្ងៃនេះ​គឺ​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធិផល​ដែល​ធនាគារ​យើង​ទាំងពីរ​បាន​សហការគ្នា​បានល្អ​»​។​

​បណ្ឌិត​អ៊ិន ចាន់នី បន្ទាប់ពី​បាន​ពិភាក្សាគ្នា​រួចមក​ធនាគារ​ទាំងពីរ​បាន​ប្តេជ្ញា​ពង្រឹង​ភាពជា​ដៃគូ​ជាមួយគ្នា​បន្ថែមទៀត​ដើម្បី​បង្កើន​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​ផ្តោតលើ​ចំណុច​ធំៗ​ដូចជា​មូលនិធិ​ការផ្គត់ផ្គង់​ការលូតលាស់​និង​ពិនិត្យមើល​បន្ថែមទៀត​ពា​ក់​ព័ន្ធ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែ​ទំនើប​ឡើង​ក៏ដូចជា​ពិនិត្យមើល​ហិរញ្ញប្បទាន​ពាណិជ្ជ កម្ម​អន្តរជាតិ​ដើម្បី​ពង្រីក​បន្ថែមទៀត​។​

​បណ្ឌិត អ៊ិន ចាន់នី​បានឱ្យដឹង​ទៀតថា​ក្រៅពីនេះ​ធនាគារ​ទាំងពីរ​ក៏​បា​នេ​ក​ភាព​គ្នា​ទៅលើ​ការងារ​ចំនួន​៣​សំខាន់ៗ​គឺ​ទី​១ បរិស្ថាន ទី​២ សង្គម​និង​ទី​៣​អភិបាលកិច្ច​សារ​ជីវ​កម្ម​។​លោកបាន​បន្តថា​ការងារ​បរិស្ថាន​នេះ​ធនាគារ​ទាំងពីរ​នឹង​រៀបចំ​យ៉ាងណា​ក្នុង​ការផ្តល់​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​រក្សាបាន​នូវ​បរិស្ថាន​ល្អ និង​មិន​បំពាន​បរិស្ថាន​។​

​បណ្ឌិត​អ៊ិន​ចាន់នី​បាន​បន្ថែមថា​«​ការផ្តល់​សេវាកម្ម​ធនា​គារ​និង​ហិរញ្ញវត្ថុ​មិនមែន​ចេះតែ​ផ្តល់​បានទទួល​ផលចំណេញ​តែមួយ​មុខ​នោះទេ​គឺ​គិត​អំពី​បរិស្ថាន​ថា​តើ​អ្នកទទួល​សេវា​ពី​យើង​ទៅប្រើ​ប្រាស់​នឹង​បាន​ប្រើ​ទៅតាម​អ្វីដែល​បាន​ឯកភាពគ្នា​ដែរឬទេ​តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​បរិស្ថាន​គឺ​យើង​ពិនិត្យមើល​ចំណុច​បរិស្ថាន​នេះ​»​។​

បណ្ឌិត​អ៊ិន​ចាន់នី​បាន​បន្តទៀតថា​ចំពោះ​សង្គម​យើង​ពិនិត្យមើល​ទាំង​អ្នកពាក់ព័ន្ធ​សហការី​និង​អតិថិជន​របស់​យើង​ចូលរួម​ជាមួយគ្នា​និង​កម្មវិធី​សង្គម​ផ្សេងៗ​ដែល​យើង​ធ្លាប់ធ្វើ​កន្លងមក​បានល្អ​និង​បង្កើន​ការចូលរួម​បន្ថែមទៀត​។​

​បណ្ឌិត​អ៊ិន​ចាន់នី​បានឱ្យដឹងថា​ចំណែក​អភិបាលកិច្ច​សារ​ជីវ​កម្ម​ទោះបីជា​យើង​មាន​ចំណាត់ថ្នាក់​បានល្អ​ហើយ​ក៏ដោយ​ក៏ត្រូវ​គិតគូរ​បន្តទៀត​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​អន្តរជាតិ​ជា​សាកល​។ នៅ​ក្នុងការ​ចំណាត់ថ្នាក់​E&S​គេ​ឱ្យ​ពិន្ទុ​៥​។​ប៉ុន្តែ​យើង​សព្វថ្ងៃ​ទទួលបាន​ពិន្ទុ​៣​លើ​មធ្យម​អីចឹង​ប​ង្កើ​វា​ឱ្យដល់​៤​ក្នុង​រយៈពេល​មិន​លើសពី​២​ឆ្នាំ​ទេ​។​ចំណែក​ចំណាត់ថ្នាក់​អភិបាលកិច្ច​សារ​ជីវ​កម្ម​វា​អាស្រ័យ​លើ​ចំណាត់​ថ្នាក់លើ​ប្រទេស​បើ​ប្រទេស​នឹង​កើន​យើង​នឹងមាន​កំណើន​ទៅតាម​នឹង​ដែរ​»​។​

​គួររម្លឹកថា​៖​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​១០​ឆ្នាំមុន​ធនាគារ​ទាំងពី​រ​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក ចំពោះ​អតិថិជន​របស់ខ្លួន ក៏ដូចជា​សហប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន លើ​សកម្មភាព​ដូចជា ៖ ឥណទាន​សម្រាប់​មុខ​ជំនួញ សេវា​បញ្ញើ​-​សន្សំ សេវា​ផ្ទេរប្រាក់ សេវា​ចាត់ចែង​សាច់ប្រាក់ ហិរញ្​ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ធនាគារ​ជាច្រើន​ទៀត ។ ម្យ៉ាងវិញទៀត​ធនាគារ​ទាំងពីរ នឹង​ផ្លាស់ប្តូរ​ព័ត៌មាន​ទូទៅ​ដែល​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​, ឧស្សាហកម្ម​, ផលិតផល​ហិរញ្ញវត្ថុ​, ទីផ្សារ​ហិរញ្ញវត្ថុ និង​ធនាគារ​, ពាណិជ្ជកម្ម​អន្តរជាតិ​, ប្រព័ន្ធ​ផ្សេងៗ និង​ច្បាប់​ស្តីពី​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ព័ត៌មាន​របស់​អតិថិជន ដែល​ប្រើប្រាស់​សេវា​ឥណទាន​របស់​ប្រទេស​ទាំងពីរ​ជាមួយគ្នា៕Ph

Post navigation