Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារពិភពលោក៖ ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

Views: 8

ដោយៈ ទេព មង្គល / ភ្នំពេញៈ ធនាគារពិភពលោក បាននិយាយថាៈ ជំងឺរាតត្បាត បំផ្លាញ វឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ខណៈអត្រាភាពក្រីក្រ នៅកម្ពុជា បានធ្លាក់ ចុះសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ វាយតម្លៃភាពក្រីក្រ ក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាព បរិយាបន្ន និងភាពធន់ជាងមុន» របស់ធនាគារពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

របាយការណ៍វាយតម្លៃភាពក្រីក្រ របស់ធនាគារពិភពលោក បានលើកឡើងថាៈ នៅក្នុងរយៈពេល ១០ ឆ្នាំ កន្លងមកនេះ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពីកម្រិត ៣៣,៨ ភាគរយ មកនៅត្រឹម ១៧,៨ ភាគរយ ដោយជួយឱ្យប្រជាជនកម្ពុជា ជិត ២ លាននាក់ បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០ មក អត្រានេះ បានកើនឡើង ២,៨ ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦ ម៉ឺននាក់ បានធ្លាក់ទៅស្ថិតនៅក្រោម កម្រិតប្រាក់ចំណូល នៃភាពក្រីក្រវិញ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង ការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាៈ ” កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូរ ជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លងមក។ ប៉ុន្តែទន្ទឹមនឹងជោគជ័យ គួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើន ស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេ មិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះ មានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញ នូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បាត់បង់ការងារនិងប្រាក់កម្រៃ។

របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថាៈ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ កម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា មានភាពល្អប្រសើរ ដោយការកើនឡើងនូវ ប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំ ក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខ ដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ ដល់ការផ្លាស់ប្តូរ ជារចនាសម្ព័ន្ធ ឆ្ពោះទៅរកវិស័យ មានផលិតភាព កាន់តែខ្ពស់ ជួយបង្កើតបានការងារ ដែលមានប្រាក់ខែ កាន់តែប្រសើរ នៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។

ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាពប្រសើរឡើង សម្រាប់មួយភាគធំ នៅក្នុងចំណោមប្រជាជនទូទៅ។ ការកែលម្អ នៃស្ថានភាពនេះ បានធ្វើឱ្យគម្លាត រវាងស្តង់ដារជីវភាពរបស់គ្រួសារ នៅទីជនបទ និងនៅទីប្រជុំជន រួមតូចជាងមុន។

លោកស្រី ប្រធានគ្រប់គ្រង ការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានលើក អនុសាសន៍ថាៈ កម្ពុជា គួរពិចារណាលើអន្តរាគមន៍ ផ្នែកគោលនយោបាយ មួយចំនួន ដើម្បីគាំទ្រដល់ ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច ដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះ រួមមាន ការផ្ទេរសាច់ប្រាក់ តាមគោលដៅកំណត់ វិធានការពង្រឹង កិច្ចគាំពារសង្គម និងការវិនិយោគ លើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕ V / N

Post navigation