Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធ្ងន់​ករ ! តុលាការ ចេញ​ដីកា​រឹបអូស​អចលនវត្ថុ ចំនួន ២​កន្លែង ដែលជា​របស់លោក សុន ឆ័យ​

Views: 8

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ បានចេញ​ដីកា​រឹបអូស ជា​បណ្តោះអាសន្ន នូវ​អចលនវត្ថុ ចំនួន ២ កន្លែង ដែលជា​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​។ ការសម្រេច នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក គី តិច និង​លោក ផូ សុធា​ផល មេធាវី​តំណាង​ឲ្យ​អាណត្តិ ម្ចាស់បំណុល ស្នើសុំ​ឲ្យ​តុលាការ ចេញ​ដីកា​សម្រេច​រក្សា​ការពារ រឹបអូស​ជា​បណ្តោះអាសន្ន នូវ​អចលនវត្ថុ​របស់លោក សុន ឆ័យ ចំនួន​ពីរ​កន្លែង ដែល​ស្ថិតនៅ​ភូមិ​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មួយកន្លែង​ទៀត ស្ថិតនៅ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ដីកា ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​រស្មី​កម្ពុជា ទើបតែ​ទទួលបាន នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​យោងតាម​ដីកា​សម្រេច​រឹបអូស ជា​បណ្តោះអាសន្ន ដែល​ចេញ​ដោយ​លោក អួ​ង វុ​ទ្ធា ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ បានសម្រេច ៖
១- រឹបអូស​ជា​បណ្តោះអាសន្ន លើ​អចលនវត្ថុ​ចំនួន ២ កន្លែង ជា​ទ្រព្យសម្បត្តិ​របស់ កូនបំណុល ឈ្មោះ សុន ឆ័យ មានៈ​
​ក​. អចលនវត្ថុ (​ថ្មី អគារ​) មាន​លេខ​ក្បាល ១៦០ មាន​ផ្ទៃដី​ទំហំ ៣៥៩ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ ១២០៤០៧០៩-០១៦០) ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១១ ចេញ​ដោយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ។​
​ខ​. អចលនវត្ថុ (​ដី អគារ​) មាន​លេខ​ក្បាល ៦១១ មាន​ផ្ទៃដី​ទំហំ ៧៥ ម៉ែត្រការ៉េ ស្ថិតនៅ មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ ១៧១០០២១២-០២១១ ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦ ចេញ​ដោយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តសៀមរាប ។​
២- ដើម្បី​ទទួលបាន​នូវ​ការលុបចោល ការអនុវត្ត​ការ​រឹបអូស ជា​បណ្ដោះអាសន្ន​នេះ លោក សុន ឆ័យ ត្រូវដាក់​ប្រាក់​តម្កល់ ទៅ​តុលាការ ចំនួន ៣.០០០.០០០.០០០ រៀល (​បី​ពាន់​លាន​រៀល​) ជា​ប្រាក់​រំដោះ​។​
៣- រឹបអូស​ប្រាក់​ប្រដាប់​ក្តី ដែល​ម្ចាស់បំណុល​បាន​បង់​រួច​។​

​ក្នុង​ដីកា​នេះ ក៏បាន​បញ្ជាក់ដែរថាៈ ភាគី​ដែល​មិន​សុខ​ចិត្តនឹង​ដីកា​សម្រេច​នេះ អាចដាក់​ពាក្យ សុំ​តវ៉ា ឬ​សុំ​លុបចោល​ដីកា​សម្រេច​រក្សា​ការពារ តាម​បញ្ញត្តិ​មាត្រា ៥៥០ និង​មាត្រា ៥៥៧ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​។​

លោក សុន ឆ័យ ផ្តល់​សម្ភាសន៍​ដល់​អ្នក​កាសែត នៅមុខ​តុលាការ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២​

​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លៀង​ទៀន កាលពី​ព្រឹក ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ ។ បន្ទាប់ពី​សវនាការ​ចប់ ចៅក្រម បានប្រកាស​សាលក្រម យកតែ​ម្តង ដោយ​សម្រេច​ផ្ដន្ទាទោស​លើ​ឈ្មោះ សុន ឆ័យ ពិន័យ​ជា​ប្រាក់​ចំនួន ៨ លាន​រៀល ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ។ ផ្តន្ទាទោស​នូវ​ទោស​បន្ថែម លើ​ជនជាប់ចោទ រួមមានៈ បិទ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស នៅ​ទីលំនៅ​របស់​ជនជាប់ចោទ នៅ​សាលាសង្កាត់ នៃ​ទីលំនៅ​របស់ ជនជាប់ចោទ នៅ​មណ្ឌលបោះឆ្នោត ឃុំ​-​សង្កាត់ នៃ​រាជធានី​-​ខេត្ត និង​នៅ​បញ្ឈរ​ព័ត៌មាន​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ២ ខែ​។ ផ្សាយ​សេចក្តីសម្រេច​ផ្ទ​ន្ទា​ទោស នៅក្នុង​សារព័ត៌មាន សរសេរ រយៈពេល ៨ ថ្ងៃ​។ សោហ៊ុយ​ចុះផ្សាយ ខាងលើ ជា​បន្ទុក​របស់​ជនជាប់ចោទ​។ ផ្សាយ​សេចក្តីសម្រេច​ផ្ទ​ន្ទា​ទោស តាម​គ្រប់​មធ្យោបាយ​ទូរ​គ​មនោគមន៍ សោតទស្សន៍ រយៈពេល ៨ ថ្ងៃ​។ សោហ៊ុយ​ចុះផ្សាយ ខាងលើ ជា​បន្ទុក​របស់​ទណ្ឌិត​។ បង្គាប់​ឲ្យ​ឈ្មោះ សុន ឆ័យ សង​សំណង​ជំងឺ​ចិត្ត ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី ចំនួន ៣.០០០ លាន​រៀល​។​

​សូម​រម្លឹកថា គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ក៏បាន​ដាក់ ពាក្យបណ្តឹង ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន លើក​ការ​ចោទ និង​បំភ្លៃ ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​ស្នើ​សុំឱ្យ​ផ្តន្ទាទោស តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត បួន​ពាន់​លាន​រៀល ឬ​ស្មើនឹង មួយ​លាន ដុល្លារ​អាមេរិក​។ បណ្តឹង​នេះ បានប្រគល់​សិទ្ធិ​ជូន​លោក គី តិច ជា​មេធាវី តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ពាក្យបណ្តឹង​ដាក់​ចូលទៅ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា លោក គី តិច មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​រំលេច​នូវ ពាក្យសម្តី មួយចំនួន​របស់លោក សុន ឆ័យ ក្នុង​បទសម្ភាសន៍​ជាមួយ បណ្តាញ​ព័ត៌មាន មួយចំនួន​។ សម្តី​ក្នុង​បទសម្ភាសន៍​ទាំងនោះ ត្រូវបាន​លោក​មេធាវី ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ជាការ​ផ្តល់ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទម្លាក់កំហុស ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់ នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត​។​

​លោក​មេធាវី គី តិច បានស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស លើ​ឈ្មោះ សុន ឆ័យ តាម​បញ្ញត្តិ​ច្បាប់ និង​ទាមទារ​សង សំណង​ជំងឺ​ចិត្ត នៃ​ការខូចខាត​ជូន គណបក្ស​ប្រជាជន​កម្ពុជា មួយ​លាន​ដុល្លារ​អាមេរិក​៕/V

Post navigation