Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកស្ទឹងសង្កែ បានស្រកវិញ ក្រោយពីបិទទ្វារទឹក អាងសេកសក

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ តំបន់ទំនាបនៃក្រុងបាត់ដំបង ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងទឹកស្ទឹងសង្កែ បន្ទាប់ពីទឹកស្ទឹងនេះ បានឡើងដល់កម្ពស់ ១៣,៩១ ម៉ែត្រ កាលពីយប់ ថ្ងៃទី៤ ខែតុលា តែនៅព្រឹកថ្ងៃទី៥ ខែតុលា ទឹកបានស្រកចុះបន្តិចវិញ ក្រោយពីគេបានបិទទ្វារ នៃទំនប់អាងទឹកសេកសក។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ថាៈ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង ដែលបានឡើងដល់កម្រិតកម្ពស់ ១៣,៩១ ម៉ែត្រ កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៤ ខែតុលា នោះ ធ្វើឱ្យមានទឹកហូរច្រាលតាមលូ ចូលលិចតំបន់ទំនាបខ្លះ ដូចជានៅផ្សារបឹងឈូកនោះ បានស្រកមកនៅកម្រិតកម្ពស់ ១៣,៦១ ម៉ែត្រវិញហើយ នាព្រឹកថ្ងៃនេះ ( ៥ តុលា ) បន្ទាប់ពីទ្វារទឹកអាងសេកសក បានទម្លាក់ចុះវិញ កាលពីរសៀលថ្ងៃទី៤ ខែតុលា។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ កម្ពស់ទឹកដែលត្រូវប្រកាសឱ្យមានការ ប្រុងប្រយ័ត្ន នៅក្រុងបាត់ដំបង នៅកម្ពស់ ១៤,៥០ ម៉ែត្រ តែនៅពេលទឹកឡើង ដល់កម្ពស់ ១៤ ម៉ែត្រ គឺទឹកចាប់ផ្តើមហូរចូលលិចតំបន់ទំនាប នៅក្នុងក្រុងបាត់ដំបង តាមតាមលូ។ ក្រុងបាត់ដំបង មិនទាន់មានទំនប់សណ្តរស្ទឹង សម្រាប់ការពារទឹកជំនន់នៅឡើយទេ ទើបធ្វើឱ្យមានការលិចលង់ នៅតំបន់ទំនាប ពេលទឹកស្ទឹងសង្កែឡើងដល់កម្ពស់ ១៣,៩០ ម៉ែត្រ នោះ។ ឯនៅស្រុកឯកភ្នំ ក៏មានការជន់លិច ដោយទឹកភ្លៀងដែរ នៅពេលទឹកស្ទឹងសង្កែ បានឡើងខ្ពស់។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ទឹកស្ទឹងសង្កែ ឡើងខ្ពស់នេះ បន្ទាប់ពីមាន ការបើកទ្វារអាងទឹកសេកសក ចំនួន ៧ ទ្វារ ដោយមួយទ្វារ កម្ពស់ ១ ម៉ែត្រ ក្រោយពីទឹក នៅក្នុងអាងសេកសក បានហក់ឡើងដល់កម្ពស់ ៥៧,៧៦ ម៉ែត្រ គឺលើសកម្រិតរក្សាទុក ០,២៦ ម៉ែត្រ (កម្រិតរក្សាទុក ៥៧,៥០ ម៉ែត្រ) តែនៅព្រឹកថ្ងៃទី៥ ខែតុលានេះ ទឹកបានស្រក មកនៅកម្ពស់ ៥៦,៧០ ម៉ែត្រ វិញហើយ។ ទ្វារអាងទឹកសេកសក នៅបន្តបើកចំនួន ២ ទ្វារ កម្ពស់ ១ម៉ែត្រ ។

កាលពីថ្ងៃម្សិលមិញ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់អាងសេកសក មានភ្លៀងធ្លាក់ថែមច្រើន ទៀត តែទ្វារទឹករបស់អាងសេកសក នៅបន្តបិទសិន ដើម្បីឱ្យទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង ស្រកចុះផុតការលិចលង់ ទើបបើកបញ្ចេញបន្តទៀត៕ V / N

Post navigation