Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

FDA​និង CDC របស់​អាម៉េរិក​មើលឃើញ​សញ្ញា​ដំបូង​នៃ​ការជាប់​ពាក់ព័ន្ធ​របស់​វ៉ាក់សាំង​កូវី​ដ Pfizer ជាមួយនឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល តែ​ក្រុមហ៊ុន​ថា​មិន​មាន​ភស្តុតាង​

Views: 9

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​បាន​ចេញ​ការ​ព្រមាន​ថា វ៉ាក់សាំង​កូវី​ដ​អា​ប់​ដេត​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer Inc និង​ដៃគូ​អាល្លឺម៉ង់ BioNTech អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ប្រភេទ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហៅថា អាស្គី​ម៉ិក​ស្ត្រូក (Ischemic stroke) ចំពោះ​មនុស្ស​ចាស់​នេះ​បើ​យោង​តាម​ទិន្នន័យបឋម​ដែល​​បាន​វិភាគ​ដោយ​អាជ្ញាធរ​សុខាភិបាល​អាម៉េរិក​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)​និង​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA)​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មករា​ថា មូលដ្ឋាន​ទិន្នន័យ​វ៉ាក់សាំង​របស់ CDC​បាន​រក​​ឃើញ​បញ្ហា​សុវត្ថិភាព​ដែល​អាច​កើតមាន ដែល​ក្នុងនោះ​មនុស្ស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ​ទំនងជា​នឹង​មាន​អាស្គី​ម៉ិក​ស្ត្រូ​កនៅ ២១ ថ្ងៃក្រោយ​ទទួល​វ៉ាក់សាំង Pfizer/BioNTech​។​

​អេ​ស្គី​ម៉ិក​ស្ត្រូក ដែល​គេ​ស្គាល់​ផង​ដែរ​ថា កំណក​ឈាម​ក្នុង​ខួរក្បាល គឺ​បណ្តាលមកពី​ការស្ទះ​នៅក្នុង​សរសៃឈាម​ដែល​នាំ​ឈាម​ទៅកាន់​ខួរក្បាល​។​

FDA និង CDC បាន​និយាយថា ការសិក្សា​ធំៗ​ផ្សេងទៀត ប្រព័ន្ធ​រាយការណ៍​អំពី​ផលវិបាក​នៃ​វ៉ាក់សាំង​របស់ CDC មូលដ្ឋាន​ទិន្នន័យ​របស់​ប្រទេស​ផ្សេង​ទៀត និង​មូលដ្ឋាន​ទិន្នន័យ​របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​បាន​ព្រមាន​អំពី​បញ្ហា​សុវត្ថិភាព​មួយ​នេះ​នោះ​ទេ ដោយ​បន្ថែម​ថា វា​ទាមទារ​ការស៊ើបអង្កេត​បន្ថែមទៀត​។​

​អាជ្ញាធរ​សុខាភិបាល​ទាំងពីរ​បាន​និយាយថា “​ទោះបីជា​ចំនួន​សរុប​នៃ​ទិន្នន័យ​នាពេល​បច្ចុប្បន្ន​នេះ​បង្ហាញថា វា​មិន​ទំនង​ទាល់តែសោះ​ដែល​ថា​សញ្ញា​នៅក្នុង​ទិន្នន័យ VSD (Vaccine Safety Datalink) តំណាង​ឱ្យ​ហានិភ័យ​គ្លីនិក​ពិតប្រាកដ​ក៏​ដោយ ក៏​យើង​នៅ​តែ​ជឿ​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​សាធារណជន​”​។​

​ក្រុមហ៊ុន Pfizer និង BioNTech បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ទទួលដំណឹង​អំពី​របាយការណ៍​មួយចំនួន​តូច​អំពី​អាស្គី​ម៉ិក​ស្ត្រូក​ចំពោះ​មនុស្ស​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ បន្ទាប់​ពី​ការចាក់​វ៉ាក់សាំង​ថ្មីៗ​របស់​ពួកគេ​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​បន្ថែមថា “​ទាំង Pfizer និង BioNTech និង CDC ឬ FDA​មិន​បាន​សង្កេត​ឃើញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​នៅ​ទូ​ទាំង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្សេងទៀត​នៅក្នុង​សហរដ្ឋ​អាម៉េរិក​​និង​នៅ​ទូទាំង​ពិភពលោក​នោះទេ ហើយ​មិន​មាន​ភស្តុតាង​ណាមួយ​ដើម្បី​សន្និដ្ឋាន​ថា អាស្គី​ម៉ិក​ស្ត្រូ​ក​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​នោះដែរ​”​។​

​ក្តីបារម្ភ​អំពី​សុវត្ថិភាព​នេះ​មិន​ត្រូវបាន​រកឃើញ​ជាមួយ​របប​វ៉ាក់សាំង​ពីរ​ដូសរ​បស់​ក្រុមហ៊ុន Moderna​នោះទេ ហើយ​ទាំង CDC និង FDA បន្ត​ណែនាំ​ឱ្យ​មនុស្ស​គ្រប់រូប​ដែល​មាន​អាយុ​ចាប់ពី ៦ ខែ​ឡើង​ទៅ ត្រូវ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ពួកគេ​៕

​វ៉ាក់សាំង​កូវី​ដ​អា​ប់​ដេត​ថ្មី​របស់​ក្រុមហ៊ុន Pfizer Inc អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​អាស្គី​ម៉ិក​ស្ត្រូ​កក្នុងចំណោម​មនុស្ស​វ័យចាស់​

Post navigation