Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប៖ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

Views: 6

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងដែលនឹងត្រូវបិទផ្សាយមានចំនួនជាង៩,៧លាននាក់និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។

នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៣នេះដែរគ.ជ.បបានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ​លុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់ ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)

លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.បប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៣ខែមករានេះថាគ.ជ.បតែងរៀបចំបញ្ជីបោះឆ្នោត​​នេះដោយផ្អែកទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២២។ បន្ទាប់ពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតដំបូង ដែលក្នុងការរៀបចំបញ្ជីបោះឆ្នោតដំបូងនេះ មានរៀបចំបញ្ជីពីរ។ ទី១. បញ្ជីឈ្មោះដែលឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតដែលបានរក្សាក្នុងបញ្ជីបោះឆ្នោតរួមជាមួយននឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មីនិងទី២.បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះមានន័យថាអ្នកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក ប៉ុន្តែក្នុងករណីដែលគាត់ស្លាប ឬផ្លាស់ចេញ គឺពួកគាត់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

លោកអគ្គលេខាធិការរង គ.ជ.ប បានបន្តថា សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករានេះ គឺជាការបិទផ្សាយបញ្ជីពីរ គឺបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ គឺឈោ្មះ ភេទ ថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោត និងលេខកូដរាជធានី ខេត្ត ឈោ្មះនិងលេខកូដឃុំ សង្កាត់ និងភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងលេខកូដរបស់អ្នកបោះឆ្នោត អត្តលេខអ្នកបោះឆ្នោត រូបថតរបស់អ្នកបោះឆ្នោតផងដែរ។

លោកអគ្គលេខាធិការរងបញ្ជាក់ថា ចំនួនឈ្មោះដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥.១៦១.៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេស គឺមានចំនួន ២៣.៧៨៩ ការិយាល័យ។ ដោយឡែកសម្រាប់អ្នកផ្លាស់ចេញ អ្នកស្លាប់ និងឈ្មោះស្ទួន និងអ្នកដែលត្រូវដកហូតសិទ្ធិចេញពីបញ្ជីបោះឆ្នោត គឺមានចំនួន ២៧១.១៤២នាក់។

នេះជាតួលេខដែលមាននៅក្នុងទិន្នន័យ នៃលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។
ឯកឧត្តម សោម សូរីដា បានបន្តថា គោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះរបស់ខ្លួនដើម្បីប្តឹងតវ៉ា ឬប្តឹងជំទាស់ ករណីដែលឈ្មោះរបស់ខ្លួន និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតមានការកត់ត្រាមិនបានច្បាស់លាស់ ឬក៏មិនត្រឹមត្រូវទៅតាមឯកសារដែលពួកគាត់បានប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត និងត្រូវប្រើសម្រាប់ពេលបោះឆ្នោត។ ហើយប្រជាពលរដ្ឋអាចប្តឹងតវ៉ាទៅនិងបញ្ជីបោះឆ្នោតដំបូងចំំពោះជនទាំងឡាយណាដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ពាក្យបណ្តឹងតវ៉ាអាចធ្វើឡើងពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនបានច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបោះឆ្នោតដោយមិនត្រឹមត្រូវ។

គួរបញ្ជាក់ថា យន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺ៖
១. ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថ្នាក់ដំបូង ដែលត្រូវទទួល និងដោះស្រាយពាក្យបណ្តឹង។ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្ដឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។ អ្នកប្តឹងត្រូវបំពេញទម្រង់ ១២០២ ចំនួន ៣ច្បាប់ (ករណីប្តឹងតវ៉ា) ឬចំនួន ៤ច្បាប់ (ករណីប្តឹងជំទាស់) ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ដោះស្រាយក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

២. ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្តឹងតវ៉ា អ្នកប្តឹងជំទាស់ ឬអ្នកត្រូវគេប្តឹងជំទាស់ ឬតំណាង ដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលទម្រង់ ១២០៣ ពីក្រុមប្រឹក្សា ឃុំ សង្កាត់ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។ អ្នកប្តឹងត្រូវបំពេញ ទម្រង់ ១២០២ ចំនួន ៣ច្បាប់ (ករណីប្ដឹងតវ៉ា) ឬចំនួន ៤ច្បាប់ (ករណីប្តឹងជំទាស់)។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។
៣. ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្តី- សម្រេចរបស់ គ.ជ.ប មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង រយៈពេល ៥ថ្ងៃយ៉ាងយូរ (ត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣) បន្ទាប់ពីថ្ងៃទទួលបានទម្រង់ ១២០៣ របស់ គ.ជ.ប ហើយក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និង ពាក្យបណ្តឹងជំទាស់ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង។ នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ត្រូវអនុវត្តតាមនីតិវិធី របស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចយល់ព្រមលើ ពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចេញសេចក្តីសម្រេច ឱ្យ គ.ជ.ប អនុវត្ត។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕ សរន

សកម្មភាពបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣(រូបថត គ.ជ.ប)

Post navigation