Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឃាតកម្មសម្លាប់ប្រពន្ធ នៅខណ្ឌដង្កោ ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួននៅខេត្តកណ្ដាល

Views: 10

ដោយ: សរិទ្ធ/ភ្នំពេញ:ជនដៃដល់ជាប្ដី ដែលបានសម្លាប់ប្រពន្ធខ្លួនឯង នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ ឈានដល់ការចាប់ខ្លួននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្ដារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ កង គា ហៅ អាឈី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ឈ្មោះ គឹម សំអាន អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ប្រពន្ធហើយ ក៏គេចខ្លួនរហូតមកដល់វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក៏ទទួលដំណឹងថា ជនសង្ស័យបានធ្វើដំណើរតាមរថយន្តក្រុង ពីខេត្តពោធិ៍សាត់ មករាជធានីភ្នំពេញវិញ ទើបកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅស្ទាក់ចាប់បាន នៅចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានការសម្លាប់ប្រពន្ធខ្លួនឯងគឺ «ប្រច័ណ្ឌ» ដោយសារតាមទាន់ប្រពន្ធបានឆាតទាក់ទងជាមួយអ្នកថ្មី ហើយទាស់សម្តីគ្នារហូតទ្រាំមិនបាន ក៏ដាច់ចិត្តសម្លាប់ប្រពន្ធ រួចយកភួយគ្របពីលើសព និងចាក់សោរបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង។ ក្រោយសួរនាំរួចកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដែលជាម្ចាស់មូលដ្ឋានដើម្បីបន្តនីតិវិធី៕/R

Post navigation