Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

Views: 8

ដោយៈសុផល/ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២០ខែមីនាបានដឹកនាំប្រតិភូក្រសួងចុះពិនិត្យ វឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ គិតត្រឹមពាក់កណ្តាលខែមីនានេះ ខណៈ ផ្លូវជាតិលេខ៥ ប្រវែង៣៦៦ គ.ម៖ ព្រែកក្តាម-ធ្លាម្អម សម្រេច៩៨% ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត សម្រេច៦៩%និងបាត់ដំបង- សិរីសោភ័ណ សម្រេច១០០%។

គួរជម្រាបថា៖គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២លានដុល្លារអាមេរិក។ដោយសារមានបញ្ហាការរាតត្បាត នៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ។

ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គ.មក៏កំពុងដំណើរការស្ថាបនា ស្ទើររួចរាល់ទាំងស្រុង។ ផ្លូវជាតិលេខ៥នេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ (១)ភាគខាងត្បូង ពីព្រែកក្តាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥ គ.ម សម្រេចបាន ៩៨% (២) ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គ.ម សម្រេចបាន ៦៩% និង (៣) ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គ.ម សម្រេចរួចរាល់១០០%ហើយ។ ក្នុងនោះកំណាត់ ពីព្រែកក្តាម ទៅដល់សិរីសោភ័ណ ប្រវែង ៣៣១គ.ម គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គ.ម គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ។

នៅក្នុងឱកាសចុះបំពេញបេសកកម្មនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលសម្លាប់មនុស្សប្រមាណ ៥នាក់ ក្នុងមួយថ្ងៃ នាំឱ្យខាតបង់ថវិកាជាតិ ដល់ទៅ ៥០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ៕/r

Post navigation