Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត លែងមានល្បឿនលឿន

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅពេលចុងក្រោយនេះ លែង មានសន្ទុះជឿនលឿន ដោយសារទឹកស្ទឹងព្រែកត្នោត នៅតែហូរចុះមក ដោយមានបរិមាណច្រើន និងកន្លែងដែលអាចធ្វើបាន ដោះស្រាយផលប៉ះពាល់ មិនទាន់រួច ទោះជាយ៉ាងណា លទ្ធផលដែលបានអនុវត្តរួច ប្រមាណជា ៧១ ភាគរយ នៃគម្រោងទាំងមូលនោះ អាចដោះស្រាយបាន នូវបញ្ហាប្រឈមពីគ្រោះទឹកជំនន់ ស្ទឹងព្រែកត្នោត បានមួយផ្នែកធំ សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅក្នុងរដូវវស្សា កន្លងទៅនេះ រួចហើយ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ  គម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនេះ (២៦ វិច្ឆិកា) អនុវត្តការងារសម្រេចបានលទ្ធផល ប្រមាណជា ៧១ ភាគរយ នៃគម្រោងទាំងមូលហើយ។ នៅក្នុងរយៈពេលចុងក្រោយនេះ ល្បឿនការងារនៃគម្រោង មានសន្ទុះយឺត ដោយសារទឹកស្ទឹងព្រែកត្នោត​នៅមានបរិមាណ ហូរចុះ មកច្រើន ធ្វើឱ្យរាំងស្ទះដល់ការដ្ឋានមួយចំនួន និងកន្លែងដែលត្រូវធ្វើ បានដោះស្រាយ ផលប៉ះពាល់ មិនទាន់ចប់។

លោក ជា សុខនី បាននិយាយឱ្យដឹងទៀតថាៈ ក្រុមការងារអន្តរក្រសួង កំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការដោះស្រាយ ផលប៉ះពាល់របស់គម្រោងនេះ ដើម្បីឱ្យក្រុមហ៊ុនអនុវត្តការងារ បន្តទៀតបាន។ ទោះជាយ៉ាងណា លទ្ធផលអនុវត្តបានប្រមាណជា ៧១ ភាគរយ មកហើយ នោះ បានរួមចំណែកក្នុងការកាត់បន្ថយ នូវការគំរាមកំហែង ពីគ្រោះទឹកជំនន់ ស្ទឹងព្រែកត្នោត ដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបានមួយរដូវវស្សា កន្លងទៅនេះ មួយផ្នែកធំហើយ។

គម្រោងខាងលើនេះ អនុវត្តដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd.  ដោយប្រើប្រាស់ជំនួយហិរញ្ញប្បទាន សម្បទាន បានមកពីសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលតែងតែយាយីដល់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងដែលដឹកនាំផ្ទាល់ ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនេះ រួមមាន ការងារស្តារស្ទឹងព្រែកត្នោត ប្រវែង ២៦ គីឡូម៉ែត្រ , ស្តារស្ទឹងតូច ប្រវែង ២,៥ គីឡូម៉ែត្រ  ពង្រឹងទំនប់សណ្តរ ការពារទឹកជំនន់ សងខាងស្ទឹងព្រែកត្នោត ប្រវែងត្រូវបុកដែកសន្លឹក (Sheet pile) ខាងឆ្វេងច្រាំង ប្រវែង ៨,៨២ គីឡូម៉ែត្រ ខាងស្តាំ ប្រវែង ៦,៥៥ គីឡូម៉ែត្រ។ ចំពោះកំណាត់ច្រាំង ដែលងាយច្រោះដី ត្រូវបានការពារ ដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូម៉ែត្រ និងរៀបជញ្ជាំងការពារ ប្រវែង ៤១៧ ម៉ែត្រ ។ សាងសង់ និងជួសជុលប្រឡាយភា្ជប់ លេខ១ ប្រវែង ១៥០ ម៉ែត្រ, ប្រឡាយភា្ជប់លេខ២ ប្រវែង ៩០០ ម៉ែត្រ (ចាក់បេតុងត្រង់ ៥០០ ម៉ែត្រ), ប្រឡាយភា្ជប់លេខ៣ ប្រវែងស្តារ ៥.៧០០ ម៉ែត្រ, ប្រឡាយលេខ៧៨ ធ្វើការជួសជុល និងចាក់បេតុង ប្រវែង ២.៨០០ ម៉ែត្រ, ប្រឡាយជីកថ្មី ប្រវែង ៤.៥០០ ម៉ែត្រ, ប្រឡាយស្រោច ស្រពហនុមាន ប្រវែងជួសជុល ៣.៦០០ ម៉ែត្រ (ក្នុងនោះចាក់បេតុង ១.០០០ ម៉ែត្រ),  ព្រែកហូរ ប្រវែងស្តារ និងចាក់បេតុង ៧.២០០ ម៉ែត្រ,ព្រែកយាយជា ប្រវែងស្តារ ១.៤០០ ម៉ែត្រ និងព្រែកថី ប្រវែងស្តារ និងចាក់បេតុង ៣.៦០០ ម៉ែត្រ។ សាងសង់សំណង់យកទឹក​មួយកន្លែង, សំណង់សម្រួលចរន្តទឹក ចំនួន ៤ កន្លែង, សំណង់បង្វែរចរន្តទឹក ចំនួន ៣ កន្លែង, សំណង់ដោះទឹកចំនួន ០២ កន្លែង និងសំណង់តាមប្រឡាយចំនួន៥៨កន្លែង។

ក្រោយការសាងសង់រួច គម្រោងខាងលើនេះ ជួយកាត់បន្ថយទឹកជំនន់ បានមួយផ្នែកធំ និងមានលទ្ធភាពស្រោចស្រព លើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និង បានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា៕/V-PC

Post navigation