Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គង់ តឹង៖ ខ្ញុំកើតកូននៅតាមផ្លូវ ប៉ុន្តែសំណាងល្អបានយាយម៉បជួយ

Views: 2

ដោយៈ វី ស៊ីថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម/ភ្នំពេញ៖ខ្ញុំឈ្មោះ គង់ តឹង អាយុ៨៦ឆ្នាំ មានស្រុកកំណើតនៅល្វាលើ ឃុំទន្លូងស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កាលពីតូចខ្ញុំរស់នៅក្នុងចម្ការកៅស៊ូមួយដែលអ្នកភូមិហៅថា ចម្ការកៅស៊ូភូមិថ្លុក ស្ថិតនៅក្នុងឃុំទន្លូង ដោយមានគ្រួសារជាច្រើនរស់នៅទីនោះ។ ខ្ញុំរស់នៅចម្ការកៅស៊ូភូមិថ្លុកបានមួយរយៈ ក៏ប្តូរមករស់នៅក្នុងភូមិល្វាវិញ។ ខណៈនោះមានជនជាតិបារាំងបានចូលមកភូមិរបស់ខ្ញុំ និងបានវាស់ដីដាំកៅស៊ូ ហើយខ្ញុំដែលមានអាយុប្រហែល១២-១៣ឆ្នាំ ក៏បានទៅបោសស្លឹកកៅស៊ូឲ្យបារាំងក្នុងមួយថ្ងៃទទួលបានប្រាក់៥-៦រៀល។

គង់ តឹង អាយុ៨៦ឆ្នាំ សព្វរស់នៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំបានរៀបការនៅអាយុ១៦ឆ្នាំ ជាមួយប្តីឈ្មោះ ឈឹង។ ខ្ញុំមានកូនប្រាំបួននាក់ (ស្លាប់៤នាក់ នៅរស់៥នាក់) គឺប្រុសបីនាក់ និងស្រីពីរនាក់។ កូនប្រុសច្បងរបស់ខ្ញុំស្លាប់ម្នាក់ នៅពេលខ្មែរក្រហមជ្រើសរើសកូនរបស់ខ្ញុំឱ្យចូលធ្វើយោធា ហើយមានការទម្លាក់គ្រាប់បែកត្រូវចំរណ្ដៅដែលកូនរបស់ខ្ញុំចូលទៅលាក់ខ្លួនស្ថិតនៅខាងស្រែតានង។ នៅសម័យសង្រ្គាមវៀតណាម ប្រជាជននៅក្នុងភូមិបានរត់ចេញទៅនៅក្នុងព្រៃ និងជីករណ្ដៅត្រង់សេទុកលាក់ខ្លួន។ ខ្ញុំឃើញរថក្រោះអាមេរិកាំងបើកឆ្លងកាត់ភូមិ ប៉ុន្តែមិនបានធ្វើបាបប្រជាជនទេ។ បន្ទាប់មក មានកងទ័ពវៀតកុងចូលមកតាមក្រោយ។ នៅអំឡុងពេលនោះ ក៏មានការទម្លាក់គ្រាប់បែកធ្វើឲ្យ តាកុយ និងយាយក្អែក ស្លាប់ពេលចេញទៅងូតទឹកនៅតាមអូរ។

ចំណែកនៅភូមិបេងកោងក៏មានប្រជាជនស្លាប់ដែរ នៅពេលដែលអ្នកទាំងនោះចេញទៅជម្រះស្មៅនៅចម្ការ ហើយគ្រាប់បែកធ្លាក់មកចំ។ ខ្ញុំស្គាល់មេបញ្ជាការរបស់កងទ័ពវៀតកុងឈ្មោះតាទៀននិងតាតាន។អាមេរិកនិងវៀតកុងបានចូលមកភូមិរយៈពេលប្រហែល២ឆ្នាំក៏ដកទ័ពចេញទៅវិញអស់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចំនួន៣-៤គ្រួសារពីភ្នំពេញឱ្យមកនៅភូមិរបស់ខ្ញុំ ប៉ុន្តែក្រោយមកមិនដឹងខ្មែរក្រហមយកប្រជាជនជម្លៀសទាំងនោះទៅទីណាឡើយ។ ចំណែកខ្ញុំនៅធ្វើស្រែចម្ការធម្មតា ហើយមួយរយៈក្រោយប្រជាជននៅក្នុងភូមិចាប់ផ្ដើមធ្វើការងារប្រវាស់ដៃ និងចូលជាសហករណ៍ ប៉ុន្តែមិនទាន់ប្រមូលទ្រព្យសម្បត្តិយកទៅដាក់រួមទេ។ មិនយូរប៉ុន្មាន ខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិល្វាលើឲ្យទៅរស់នៅភូមិចង្គំ ហើយនៅទីនោះខ្មែរក្រហមប្រាប់ខ្ញុំឲ្យប្រមូលទ្រព្យសម្បត្តិដាក់រួម។ ខ្ញុំរស់នៅភូមិចង្គំបានមួយរយៈ ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅរស់នៅស្រុកឆ្លូង ខេត្តក្រចេះ។ នៅទីនោះខ្ញុំទទួលដំណឹងថាកូនប្រុសរបស់ខ្ញុំម្នាក់ទៀតបានស្លាប់។

ប្ដីរបស់ខ្ញុំតូចចិត្តស្ដាយស្រ ណោះកូន។ ប្តីរបស់ខ្ញុំហូបបាយមិនចូល គិតតែយំនឹកកូន ព្រោះកាលពេលគាត់រស់នៅភូមិចង្គំ កូនប្រុសខ្ញុំធ្លាប់ទៅលេងគាត់ម្ដង រួចនិយាយថា «ពេលខ្ញុំមកលេងឪលើកក្រោយចាំខ្ញុំយកអាវមកឲ្យឪមួយ» ប៉ុន្តែមិនទាន់បានមកលេងផង ក៏ត្រូវខ្មែរក្រហមសម្លាប់។ កូនរបស់ខ្ញុំដែលធ្វើកងទ័ពខ្មែរក្រហមនោះក៏ធ្លាប់មកលេងខ្ញុំនៅឆ្លូងដែរ ហើយខ្ញុំហៅកូនឲ្យហូបពោត ប៉ុន្តែកូនរបស់ខ្ញុំបានឆ្លើយថាមិនហូបទេ។

លុះដល់ពេលយប់ខ្មែរក្រហមចាប់កូនរបស់ខ្ញុំនិងមិត្តភក្តិកូនរបស់ខ្ញុំម្នាក់ទៀតយកទៅសម្លាប់ចោលនៅមាត់ព្រែក ប៉ុន្តែមិត្តភក្តិកូនរបស់ខ្ញុំបានរត់រួចខ្លួន ស្លាប់តែកូនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំរស់នៅស្រុកឆ្លូងមិនបានប៉ុន្មានផង ក៏ផ្លាស់ទៅរស់នៅម្លិចវិញ។ នៅទីនោះខ្ញុំដើរបេះបន្លែ ស្លឹកឈើ ដែលខ្ញុំអាចបេះបានយកមកហូបព្រោះមិនមានអាហារ ហើយកាលនោះខ្ញុំពោះធំ៣ខែ។
ប្ដីរបស់ខ្ញុំបានស្លាប់នៅឆ្លូង ដោយសារតែមានអ្នកភូមិឈ្មោះ ប៉ាន់ បានមកបបួលគាត់រត់ត្រឡប់ទៅស្រុកកំណើតវិញ ហើយត្រូវខ្មែរក្រហមចាប់ពួកគាត់បាននៅឆ្លូង និងយកទៅសម្លាប់ចោលទាំងពីរនាក់។ ក្មួយរបស់ប្ដីខ្ញុំដែលរត់ទៅតាមក្រោយ ប៉ាន់ និងប្តីរបស់ខ្ញុំ ដែលបានដឹងរឿងនោះ បានមកប្រាប់ខ្ញុំថា ពូបានស្លាប់ហើយ។

ផ្លូវលំនៅក្នុងនៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំត្រូវបានអ្នកភូមិម្លិចឃាត់មិនឲ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់ទៀត។ នៅទីនោះ ប្រជាជនដែលមានសណ្តានចិត្តល្អបានលួចដាំបាយឲ្យខ្ញុំហូបឆ្អែតបានពីរពេល។ ក្រោយមកខ្ញុំចេញដំណើរពីភូមិម្លិចដល់ភូមិកំពង់រទេះ ស្រាប់តែឃើញកងទ័ពរំដោះ និងកងទ័ពវៀតណាមចូលមកដល់។ ខណៈនោះ ស្រាប់តែខ្ញុំឈឺពោះកើតកូននៅតាមផ្លូវ ហើយសំណាងល្អមានឆ្មបម្នាក់បានជួយបង្កើតកូនឲ្យខ្ញុំ។ ខ្ញុំបានស្នាក់អាស្រ័យនៅផ្ទះយាយម៉បនោះមួយយប់។ ដោយសារតែកូនរបស់ខ្ញុំកើតមកតូចពេក ទើបអ្នកស្រុកបានបង្អាប់កូនរបស់ខ្ញុំថា «អាដបទឹកសុទ្ធ» ហើយបាននិយាយប្រាប់កូនស្រីរបស់ខ្ញុំម្នាក់ទៀតដែលកំពុងពរប្អូនដែលទើបនឹងកើតថា «បីវាធ្វើអ្វី! មិនបោះវាចោលទៅ!» ពេលនោះកូនស្រីរបស់ខ្ញុំតបទៅអ្នកស្រុកវិញថា ខ្ញុំមិនបោះបង់ប្អូនរបស់ខ្ញុំទេ។

លុះព្រឹកឡើងទើបមានឡានកងទ័ពវៀតណាមមកដឹកខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំនិងកូនចុះពីឡានរួចទៅស្នាក់នៅភូមិក្ដុលរយៈពេល៣យប់ទើបចេញទៅរស់នៅភូមិពងទឹកបណ្តោះអាសន្នរយៈពេលជិតមួយខែទៀត។ នៅពេលនោះ អ្នកភូមិមកប្រាប់ខ្ញុំថា ប្រសិនបើមានកន្លែងណារស់នៅ ចេញទៅរស់នៅកន្លែងនោះទៅ ដូច្នេះខ្ញុំក៏សម្រេចចិត្តមករស់នៅស្រុកកំណើតនៅភូមិល្វាលើវិញ៕សរន

Post navigation