Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សចំនួនបួននិងអង្គការសង្គមស៊ីវិលដែលដាក់ញត្តិជំទាស់នឹងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមិនបានចូលខ្លួនតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ដើម្បីមកតទល់គ្នាទេ!

Views: 3

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖រហូតមកដល់​ពេលនេះគណបក្សនយោបាយ​ទាំងបួនដែល​បានដាក់​ញត្តិ​ជូនទៅ​រដ្ឋសភា ជំទាស់​នឹង​ការធ្វើវិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៤ ដែល​បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​នូវ​កង្វល់​នានា ជុំវិញ​ការធ្វើ​វិសោធន​កម្មនេះ ពុំបាន​អញ្ជើញ​ចូលរួម​តាម​ការអញ្ជើញ​របស់ក្រសួងយុត្តិធម៌នោះទេ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីម្សិលមិញ។

សេចក្តីប្រកាសព័ត៌មានចំនួនពីរទំព័រចុះថ្ងៃទី៥ខែសីហាឆ្នាំ២០២២បានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងយុត្តិធម៌ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា កាលពី​ថ្ងៃទី​២៩ ខែកក្កដាឆ្នាំ​២០២២ កន្លងទៅ​, ក្រសួងយុត្តិធម៌បាន​អញ្ជើញ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ដែល​យល់ថា ឬ​អះអាងថា ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ះពាល់​ដល់​របបប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដើម្បី​មកជួបពិភាក្សា​តទល់​មុខ​គ្នា​ដោយផ្ទាល់ នៅ​ចំពោះមុខ​មហាជន តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម​បណ្ដាញសារព័ត៌មាន សំដៅ​ជម្រះ​ចោល​នូវ​កង្វល់​មិន​ត្រឹមត្រូវ​នានា ជុំវិញ​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ​។ ប៉ុន្តែរហូតមកដល​ពេលនេះគណបក្ស នយោបាយ​ទាំងបួនដែល​បានដាក់​ញត្តិ​ជូនទៅ​រដ្ឋសភា ជំទាស់​នឹង​ការធ្វើវិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៤ ដែល​បានចេញ​សេចក្តី ថ្លែងការណ៍​សម្តែង​នូវ​កង្វល់​នានា ជុំវិញ​ការធ្វើ​វិសោធន​កម្មនេះ ពុំបាន​អញ្ជើញ​ចូលរួម​តាម​ការអញ្ជើញ​របស់ក្រសួងយុត្តិធម៌​នោះទេ​។​

​ប្រភពដដែលបន្តថា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ប្រសិនបើ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ពិតជា​មានបំណង​ដោយ​សុទ្ធចិត្តដើម្បី​ចង់​ការពារ​រដ្ឋធម្មនុញ្ញ​, របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, របប​រាជា និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដូច​អ្វីដែល​បាន​អះអាង​ពិតប្រាកដ​មែន​នោះ​, គួរណា​ស់ តំណាង​គណបក្សនយោបាយ ឬ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ អញ្ជើញ​តាម​ការអញ្ជើញ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​ស្វែងយល់​ឱ្យបាន​ត្រឹមត្រូវ​អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​ការធ្វើ​វិសោធនកម្ម លើក​ទី​១០ នេះ ឬ​ដើម្បី​លើកយក​ទឡ្ហីករ​ណ៍​មក​តទល់​ពន្យល់​គ្នា​ទៅវិញទៅមក​ជាមួយ​ក្រសួងយុត្តិធម៌ ដោយ មានការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញសារព័ត៌មាន ដើម្បី​អាចឱ្យ​សាធារណជន អាច​យល់ច្បាស់​ថា តើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ពិតជា​បាន​ប៉ះពាល់​ដល់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឬ​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដូច​អ្វីដែល​គណបក្សនយោបាយ​ទាំង ៤ ឬ អង្គការ​សង្គម​ស៊ីវិល ទាំង ១០៤ បានលើកឡើង​នោះដែរ ឬទេ​?។

​សេចក្តីប្រកាសព័ត៌មានបន្តថា ក្រសួងយុត្តិធម៌មានការ​សោកស្តាយ​ដោយ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ខាងលើ មិនបាន​ចូលរួម​តាម​ការអញ្ជើញ​ខាងលើនេះ ក្រោមលេស​នានា​ដោយ​មិន​សម​ហេតុផល​។​
ក្រសួងយុត្តិធម៌ សង្ឃឹមថា តាមរយៈ​ការបកស្រាយ​បំភ្លឺ​ជា​បន្តបន្ទាប់​របស់​តំណាង​រាជរដ្ឋាភិបាល​,គណបក្ស នយោបាយ​ទាំងបួន និង​អង្គការ​សង្គម​ស៊ីវិល​ទាំង ១០៤ ពិតជា​អាច​ទទួលយក​នូវ​ការពន្យល់​បកស្រាយ បំភ្លឺ​របស់​តំណាង​រាជរដ្ឋាភិបាល​អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​។​

​ក្រសួងយុត្តិធម៌ សូមបញ្ជាក់​ជូន​ថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ នេះ ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​អនុម័ត​ដោយ​មតិ​ភាគច្រើន​លើសពី​ពីរភាគបី​នៃ​ចំនួន សមាជិក​រដ្ឋសភា​ទាំងមូល នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០២២ ហើយ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សម្រេច​ផ្តល់យោបល់​យល់ព្រម​ទាំង​ស្រុង​លើ ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​ដោយ​ឥត​កែប្រែ​ដោយ​មតិ​ភាគច្រើន​លើសពី​ពីរភាគបី​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា ទាំងមូល នា​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៤ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នេះ​។ ជា​នីតិវិធី​បន្ត​, ច្បាប់​ធម្មនុញ្ញ​នេះ នឹងត្រូវ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ ដើម្បី​ទ្រង់​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ ដែលជា​នីតិវិធី​ចុងក្រោយ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​អនុលោម​ទៅតាម​នីតិវិធី​ជា​ធរមាន​ន ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​នីតិវិធី​ទាំងនេះ​បាន​ចប់សព្វគ្រប់​, រដ្ឋធម្មនុញ្ញ​ក្រោយ​វិសោធន​កម្មនេះ នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​សម្រាប់​ជាតិ ដើម្បី​ធានា​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ទាំងប្រជាជន​កម្ពុជា ទាំង​គណបក្សនយោបាយ​ទាំងអស់​ដែល​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពមិន​ជាប់គាំង និង​កិច្ចដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព​ស្ថាប័ន​កំពូល​របស់​ជាតិ ពិសេសស្ថាប័ន​នីតិប្រតិបត្តិ ដែលមាន​បេសកកម្ម​ដឹកនាំ​ការងារ​ទូទៅ​របស់​ជាតិ​៕សរន

Post navigation