Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គឿ​ម ជន​៖ កងកុមារ​ក្នុង​របប​ខ្មែរក្រហម​

Views: 3


ដោយៈ ឃន់ ឃីម អ្នកស្ម័គ្រចិត្ត​កម្ពុជា ខេត្តសៀមរាប​/​សៀមរាប​៖​ខ្ញុំ​ឈ្មោះ គឿ​ម ជន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ គឺជា​កសិករ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ ប្តី​របស់ខ្ញុំ​ឈ្មោះ អ៊ូ សុខ បាន​ស្លាប់​កាលពី​២០​ឆ្នាំមុន​។ សព្វថ្ងៃ​ខ្ញុំ​គឺជា​ស្ត្រី​មេម៉ាយ និង​មានកូន​ចំនួន​៦​នាក់​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ សួន គឿ​ម និង ម្តាយ​ឈ្មោះ មាស​ជូ​។​ខ្ញុំ​មាន​បងប្អូន​ចំនួន​បួន​នាក់​ហើយ​ខ្ញុំ​គឺជា​កូនច្បង​ក្នុង​គ្រួសារ​។​នៅពេល​​ខ្ញុំ​ធំ​ដឹងក្តី​បន្តិច ខ្ញុំ​ត្រូវ​ទូល​ដំឡូងទៀន ដំឡូងជ្វា ដំឡូង​គ និង​ចេក​លក់ ឬ​ដូរ​យក​អង្ករ​និង​ស្រូវ​ពី​អ្នកភូមិ​មក​ដាំ​ហូប នៅពេល​គ្រួសារ​ខ្ញុំ​មិនមាន​អង្ករ​គ្រប់គ្រាន់​។

​នៅ​ឆ្នាំ​១៩៧០ គ្រួសារ​ខ្ញុំ​ធ្វើស្រែ​ចម្ការ​ប៉ុន្តែ​ជីវភាព​គ្រួសារ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​។ នៅ​ដើមឆ្នាំ​១៩៧០ ដដែល ខ្ញុំ​បាន​ឆ្លៀត​ចូលរៀន​នៅ​សាលា​ដែល​ស្ថិតនៅក្នុង​វត្ត​ជាមួយ​ក្មេងៗ​នៅក្នុង​ភូមិ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អាន​អក្សរ​ខ្លះ​។ កាលនោះ​មាន​គ្រូ​វ័យ​ចំណាស់​ម្នាក់ គឺជា​អ្នក​បង្រៀន​ខ្ញុំ​និង​ក្មេងៗ​ក្នុងភូមិ ហើយ​គាត់​គឺជា​គ្រូ​ដ៏​ល្អ​។ គ្រូ​បាន​ខិតខំ​បង្រៀន​សិស្ស​ឲ្យ​ចេះ​អាន​អក្សរ​គ្រប់ៗ​គ្នា​។ នៅពេល​ខ្មែរក្រហម​ចូល​មកដល់​ក្នុងភូមិ ខ្ញុំ​លែង​បាន​រៀន​ទៀតហើយ ។ចំណែក​គ្រូ​របស់ខ្ញុំ​ក៏​ដឹង​មិន​ទៅដល់​ទីណា​ដែរ​។​

គឿម ជន អាយុ៥៩ឆ្នាំ គឺជាកសិករ រស់នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ដើមឆ្នាំ​១៩៧៥ ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​មិនទាន់​ផ្លាស់​ទៅណា​ទេ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧៥ ទើប​ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​អ្នកភូមិ រួមទាំង​គ្រួសារ​របស់ខ្ញុំ​ចេញ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ទៅ​ស្រុក​វ៉ារិន ដើម្បី​លើក​ទំនប់​គោក​ស្រុក​។ កាលនោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​១២​ឆ្នាំ ត្រូវ​រែក​ដី​ចាក់​លើ​ខ្នង​ទំនប់​គោក​ស្រុក បន្ទាប់មក​ទើប​ត្រឡប់មក​ធ្វើស្រែ​នៅក្នុង​ភូមិ​វិញ​។ រហូតដល់​អាយុ​១៤​ឆ្នាំ ខ្ញុំ​ត្រូវ​ចល័ត​ទៅ​ស្រុក​វ៉ារិន​លើក​ទំនប់​គោក​ស្រុក​ម្តងទៀត​។ បន្ទាប់ពី​លើក​ទំនប់​គោក​ស្រុក​រួចរាល់​ខ្ញុំ​និង​គ្រួសារ​ចល័ត​ទៅធ្វើ​ស្រែចម្ការ​នៅ​ភ្នំ​បាយ​ដុស​។

នៅ​ទីនោះ ខ្ញុំ​និង​គ្រួសារ​ស្ទើរតែ​បាត់បង់​ជីវិត​ដោយសារ​ខ្មែរក្រហម​ចោទថា ជា​ខ្មាំង ប៉ុន្តែ​សំណាងល្អ​ខ្ញុំ​បាន​នាំ​ឪពុកម្តាយ និង​ប្អូន​រត់គេចខ្លួន​។ អំឡុងពេល​រត់គេចខ្លួន ម្តាយ និង​ឪពុក​របស់ខ្ញុំ មាន​ជំងឺ​ដោយ​ម្តាយ​របស់ខ្ញុំ​អាច​ដើរ​បាន​ជិតៗ ចំណែក​ឪពុក​ខ្ញុំ​ឈឺ​ធ្ងន់​ដូច្នេះ​ត្រូវ​លើក​គាត់​ដាក់​លើ​រទេះ​ឈើ​គ្មាន​កង់​ដើម្បី​អូស​ចេញទៅ​។ យើង​ជិត​នឹងត្រូវ​ខ្មែរក្រហម​ចាប់បាន​នៅ​បាក់​រនាស់ ប៉ុន្តែ​ខ្ញុំ​បាន​យក​ឪពុក​និង​ម្តាយ​របស់ខ្ញុំ​ទៅ​លាក់​ក្នុងព្រៃ ហើយ​ប្អូន​ដែល​ពរ​នៅ​បី​ជាប់​នឹង​ដៃ​រួម​ជាមួយនឹង​អីវ៉ាន់​លាក់ទុក​នៅ​គុម្ពោធ​ព្រៃ​ម្ខាង​ទៀត​។ បន្ទាប់ពី​ខ្មែរក្រហម​ដើរ​ចេញទៅ​ផុត ខ្ញុំ​ទៅ​ឪពុកម្តាយ ប្អូន និង​របស់របរ​បន្ត​ដំណើរ​ទៅមុខទៀត​។ នៅពេល​ឃ្លាន​ម្តងៗ​ខ្ញុំ និង​គ្រួសារ​មិនមាន​បាយ​សម្រាប់​ហូប​ឡើយ គឺ​មានតែ​ដំឡូង​ដុត​។​

​គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​មកដល់​ភូមិ​វិញ ពេលនោះ​ប្រធាន​សហករណ៍​ប្រកាសថា ប្រជាជន​មកពី​ភូមិ​ណា​ទៅ​នៅ​កន្លែង​នោះ​វិញ​។ កាលនោះ​ស្រុកកំណើត​របស់​ឪពុក​ខ្ញុំ​នៅ​នគរ​ភាស ស្ថិតនៅក្នុង​អង្គរជុំ ដូច្នេះ​គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​។ ទៅដល់​នគរ​ភាស គ្រួសារ​ខ្ញុំ​ត្រូវ​បំបែក​ឲ្យ​ទៅធ្វើ​ការ​រៀងៗ​ខ្លួន នៅសល់តែ​ឪពុក​របស់ខ្ញុំ​ដែល​ឈឺ​នៅផ្ទះ​ជាមួយ​ប្អូន​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅធ្វើ​ជី​ដាក់​ស្រែ កាប់​ដីដំបូក​ទម្លាក់​ចូលក្នុង​រណ្តៅ​ដើម្បី​ច្របល់​ចូលគ្នា​ជាមួយ​អាចម៍គោ និង​លាមក​មនុស្ស​។ យើង​ច្របល់​វា​ឲ្យ​ចូលគ្នា​ហើយ ទើប​យក​វា​ទៅ​ចាក់​លើ​ពុម្ព​ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត បន្ទាប់មក​យើង​យក​វា​ទៅ​ដាក់​ក្នុង​ជំរំ​ដើម្បី​ទុកដាក់​ស្រែ​។ ម្តាយ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើស្រែ ស្ទូងស្រូវ ប៉ុន្តែ​បើ​ម្តាយ​ខ្ញុំ​ស្ទូង​មិន​ហើយ​តាម​ផែនការ អង្គការ​មិន​ឱ្យឈប់ សម្រាក​ជាដាច់ខាត​។ ដូច្នេះ​ពេល​ខ្ញុំ​ធ្វើ​ជី​រួចរាល់ ខ្ញុំ​តែងតែ​មកជួយ​ស្ទូង​ម្តាយ​ជានិច្ច​ដោយមាន​ការអនុញ្ញាត​ពី​ប្រធាន​សហករណ៍​។ ចំណែក​ឪពុក​របស់ខ្ញុំ ទោះបី​គាត់​ឈឺ​ក៏​គាត់​ខំប្រឹង​ដើរ​ទៅយក​របប​អាហារ​មក​ទុក​ហូប ប្រសិនបើ​គាត់​ទៅ​មិនទាន់​ម៉ោង​ទេ​គឺ​គ្មាន​អាហារ​ហូប​ឡើយ​។

​ខ្ញុំ​ធ្វើការ​នៅ​ខាង​ផលិត​ជី​បាន​មួយរយៈ ប្រធាន​កង​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​ដេញ​សេក​នៅ​ស្រែ​ក្រុង និង​អំពៅ​បី​ដើម នៅពេល​ស្រូវ​ជិត​ទុំ​។ ពេល​ខ្ញុំ​ត្រឡប់មក​ជិត​ដល់​ទីរួមស្រុក​ពួក​វិញ ស្រាប់​ខ្មែរក្រហម​ប្រមូល​ខ្ញុំ​និង​ក្មេងៗ​ឲ្យ​ចូលក្នុង​ជំរំ ព្រោះ​នៅ​ខាងក្រៅ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​វៀតណាម និង​ខ្មែរក្រហម​។ ខ្ញុំ​បាន​ស្នាក់នៅ​ក្នុង​ជំរំ​មួយ​យប់​។ នៅពេល​កងទ័ព​វៀតណាម​ដេញ​យោធា​ខ្មែរក្រហម​ចេញទៅ​អស់ ខ្ញុំ​ក៏​ចេញពី​ជំរំ​មក​ខាងក្រៅ​វិញ​។ កងទ័ព​វៀតណាម​បាន​ដាំបាយ​២០​ឆ្នាំង​សម្រាប់​ឲ្យ​ខ្ញុំ​និង​ក្មេងៗ​ហូប​។ បន្ទាប់មក​ខ្ញុំ​បាន​ជួប​ឪពុកម្តាយ​និង​បងប្អូន​វិញ ហើយ​នាំគ្នា​ត្រឡប់មក​រស់នៅ​ភូមិ​ប្រាសាទ​វិញ​។ នៅពេល​ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ ខ្ញុំ​បាន​រៀបការ​បែកចេញ​ពី​ឪពុកម្តាយ និង​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​រហូតមកដល់​បច្ចុប្បន្ន​៕សរន

Post navigation