Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គយប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗរួមទាំងចង្កូតឆ្វេង និងស្តាំជិត២ម៉ឺនគ្រឿងបានថវិកាជាង១០៦លានដុល្លារ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ឯកឧត្តម គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹង​ថា គិត​មក​ទល់​មក​ពេល​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ពន្ធ​ពី​រថយន្ត​គ្មាន​ពន្ធ​ជ្រក​ក្រោម​ផ្លា​ក​លេខ​ផ្សេង​ៗ​ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​បាន​ជាង​១០៦​លាន​ដុល្លារ​ពី​រថយន្ត​ជិត​២​ម៉ឺន​គ្រឿង​។

Picture

ឯកឧត្តម គុណ ញឹ​ម ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន បង្ហាញ​លទ្ធផល​«​បិទ​បញ្ចប់​ការងារ​ប្រមូល​ពន្ធ​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស​» នា​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣ នៅ​អគ្គនាយកដ្ឋាន​គយ​បាន​លើក​ឡើង​ថា ក្នុង​យុទ្ធនាការ​ប្រមូល​ពន្ធ​ពី​រថយន្ត​គ្មាន​ពន្ធ​ដែល​ជ្រក​ក្រោម​ផ្លា​ក​លេខ​ផ្សេង​ៗ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល​ដោយ​មាន​រថយន្ត​ទាំង​ចង្កូត​ស្តាំ និង​ឆ្វេង ចំនួន ២០០៤៩​គ្រឿង​បាន​មក​បង់ពន្ធ​កក់​ប្រាក់ និង​ចុះបញ្ជី​តែ​ក្នុង​នោះ​មាន​តែ​រថយន្ត​ចំនួន​១៨ ៤១៤​គ្រឿង​ទេ​ដែល​បាន​បង់ពន្ធ​តាម​និ​តិ​វិធី​ច្បាប់ ដោយ​ទទួល​បាន​ប្រាក់​ពន្ធ​អាករ​ចំនួន​១០៦​លាន​ដុល្លារ និង​នៅ​សល់​ជិត​២​ពាន់​គ្រឿង​ទៀត ដែល​មិន​បាន​មក​បង់ពន្ធ​តាម​និ​តិ​វិធី​។

Picture

ឯកឧត្តម​គុណ ញឹ​ម ក្នុង​យុទ្ធនាការ​ដំណាក់កាល​ទី​១​មាន​រថយន្ត​សរុប​ចំនួន​៩៧៥៣​គ្រឿង​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​កក់​ប្រាក់ ដោយ​ទទួល​បាន​ចំណូល​ប្រមាណ​ជាង​៧៦​លាន​ដុល្លារ​។ ក្នុង​នោះ​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន​២៧១៣​គ្រឿង និង​រថយន្ត​ចង្កូត​ស្តាំ​ដែល​មក​កក់​ប្រាក់​មាន​ចំនួន​៧០៤០​គ្រឿង (​តែ​រថយន្ត​ដែល​កក់​ប្រាក់ ហើយ​បង្វែរ​ប្រាក់​កក់​ទៅ​ជា​ប្រាក់​ពន្ធ​មាន​ចំនួន​៧០២៧ និង​នៅ​សល់​ចំនួន​១៣​គ្រឿង​ទៀត មិន​បាន​មក​បញ្ចប់​និ​តិ​បង្វែរ​ប្រាក់​កក់​ទៅ​ជា​ប្រាក់​បង់ពន្ធ​) ។

Picture

ចំណែក​ក្នុង​យុទ្ធ​ការ​ដំណាក់កាល​ទី​២ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​៧ ដល់​ថ្ងៃ​ទី​៣១​ខែកក្កដា និង​បាន​ពន្យារ​ហូត​ដល់​៣១​ធ្នូ ឆ្នាំ​២០២២ គយ​ប្រមូល​ពន្ធ​ជាង​៣០​លាន​ដុល្លារ​ពី​រថយន្ត​ចង្កូត​ស្តាំ និង​ចង្កូត​ឆ្វេង​។

ឯកឧត្តម​ក៏​បានឱ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​ទី​២​នេះ គឺជា​ដំណាក់​ផ្តោត​ទៅ​លើ​ការ​ប្រមូល​រថយន្ត​ចង្កូត​ស្តាំ​ដែល​មិន​កែ​ចង្កូត​ក្នុង​នោះ​មាន​រថយន្ត​ចំនួន​ជាង​៩៨៥៥​គ្រឿង​បាន​មក​ចុះបញ្ជី​។គិត​មក​ដល់​ថ្ងៃ​ឱសានវាទ គឺ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ មាន​រថយន្ត​ចំនួន ៧៩១០​គ្រឿង ដែល​ម្ចាស់​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ ដោយ​ប្រមូល​បាន​ថវិកា​ជាង​២៦ លាន​ដុល្លារ ដូច្នេះ​នៅ​សល់​១៩៤៥​គ្រឿង​ទៀត មិន​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​ទេ​។

Picture

ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ដំណាក់កាល​ទី​២​នេះ​គយ​ក៏​បាន​ប្រមូល​ពន្ធ​ពី​រថយន្ត​ច​ង្វេ​ត​ផង​ដែរ​ដោយសារ​ម្ចាស់​បាន​ខកខាន​ក្នុង​ការ​មក​បំពេញ​កាត​ព្វ​ពន្ធ កាលពី​ដំណាក់កាល​ទី​១​ដែល​មាន​ចំនួន​៤៤១​គ្រឿង និង​ទទួល​បាន​ថវិកា​ប្រមាណ​ជិត​៤​លាន​ដុល្លារ​។

ឯកឧត្តម​ក៏​បានឱ្យ​ដឹង​ថា ចំពោះ​រថយន្ត​ដែល​នៅ​សល់​មិន​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​ទាំង​ជិត​២​ពាន់​គ្រឿង​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា រថយន្ត​មួយ​គ្រឿង​ជាប់​កាតព្វកិច្ច​ពន្ធ​ជាង​៣​ពាន់​ដុល្លារ​ដូច្នេះ​សុ​រប​ទាំងអស់​ស្មើនឹង​ជាង​៦​លាន​ដុល្លារ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​នៅ​សល់​មិន​មក​បំពេញ​កាតព្វកិច្ច​អាច​មក​ពី​ម្ចាស់​រថយន្ត​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត​មក​បង់​ដោយសារ​ជា​ប្រភេទ​រថយន្ត​ស៊េរី​ចាស់​ៗ​ហើយ​រថយន្ត​ខ្លះ​ត្រូវ​បាន​បុក​បណ្តាល​ឱ្យ​ខូច​ហើយ​រថយន្ត​ខ្លះ​ទៀត​បាន​ដោះ​ជា​គ្រឿងបន្លាស់ និង​មួយ​ចំនួន​ត្រូវ​បាន​លក់​បន្ត​ទៅ​ឱ្យ​អ្នក​ផ្សេង​បន្ត​ជាដើម​។

ឯកឧត្តម​អគ្គនាយករ​ដ្ឋា​ន​គយ​បាន​គូសបញ្ជាក់​ថា ៖«​យើង​បាន​ចាត់ចែង​កម្លាំង​ផ្សព្វផ្សាយ​ផង​ចុះ​ទៅ​ដល់ទី​តាំង​ការដ្ឋាន​ការងារ​ផង និង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ម្ចាស់​ផង ប៉ុន្តែ​មាន​មូលហេតុ​ផ្សេង​ៗ​គ្នា​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ខក​ខានមិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​។

Picture

ជា​រួម​នៅ​ក្នុង​ដំណាក់កាល​ទី​២​នេះ​យើង​ប្រឹងប្រែង​ប្រមូល និង​ចំណាយ​កម្លាំង​យ៉ាងច្រើន​ពេលវេលា​ក៏​ច្រើន​នៅ​ក្នុង​ដំណាក់កាល​ទី​២​នេះ​ពីព្រោះ​សុទ្ធសឹងតែ​ជា​ប្រភេទ​រថយន្ត​ដឹក​ដី ដឹក​ថ្មី ដឹក​ខ្សាច់ អ៊ីចឹង​ហើយ​ត្រូវការ​កម្លាំង​ចុះ​ទៅ​ដល់​ការដ្ឋាន​ចុះ​ទៅ​ដល់​ស្រុក ឃុំ និង​ខ្នង​ផ្ទះ​ជាដើម​»​។

ក្នុង​សន្និសីទកាសែត​នោះ​ដែរ ឯកឧត្តម គុណ ញឹ​ម បាន​វា​.​យ​តម្លៃ​យុទ្ធនាការ​ប្រមូល​ពន្ធ​ពី​រថយន្ត​ដែល​គ្មាន​ពន្ធ​ទាំង​ពីរ​ដំណាក់កាល​នេះ ជា​ជោគជ័យ​មួយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​បាន​ប្រមូល​ចំណូល​ចូល​រដ្ឋ ពោល គឺ​យុទ្ធនាការ​នេះ​ចំណេញ​ទាំងអស់​គ្នា ដោយ​រដ្ឋ​ទទួល​បាន​ចំណូល ចំណែក​អ្នកកាន់កាប់​រថយន្ត​ខុសច្បាប់ ទទួល​បាន​នូវ​ការ​ប្រើប្រាស់​រថយន្ត​ដែល​ស្របច្បាប់​វិញ​៕