Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ៊ុន សាន ៖ ឪពុក​ខ្ញុំ​កាន់សីល​៨ ប្រធាន​កង​ប្រើ​គាត់​ឱ្យ​ធ្វើ​ទ្រូ​ដាក់​ត្រី​

Views: 3

ដោយៈ សៀង កញ្ញា អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ហ៊ុន សាន អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ហ៊ុន ហ៊ុ និង​ម្តាយ​ឈ្មោះ ម៉ី សុខ ព្រមទាំង​មាន​បងប្អូន​បង្កើត​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ ហើយ​ខ្ញុំ​គឺជា​កូន​ទី​២​ក្នុង​គ្រួសារ​។​
​កាលពី​កុមារភាព ខ្ញុំ​មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ ដោយសារ​មាន​ប្អូន​ច្រើន ដូច្នេះ​ខ្ញុំ​ត្រូវ​ឈប់រៀន​ដើម្បី​រៀបចំ​បាយទឹក​ឲ្យ​ប្អូន​ហូប​បន្ទាប់ពី​ត្រឡប់​មកពី​សាលារៀន​។ ប្អូនៗ​របស់ខ្ញុំ​រៀន​បាន​ច្រើនជាង​ខ្ញុំ​។ ខ្ញុំ​បាន​រៀបការ​នៅ​សម័យ​សង្គមរាស្ត្រនិយម​។ ក្រោយមក​ខ្ញុំ​ក៏មាន​ផ្ទៃពោះ និង​កើត​បាន​កូនស្រី​ម្នាក់ ចំណែក​ប្តី​របស់ខ្ញុំ​ក៏​ចាក​ចេញពីផ្ទះ​ទៅ​មាន​ប្រពន្ធ​ថ្មី​ទុក​ឲ្យ​ខ្ញុំ​ចិញ្ចឹម​កូន​ម្នាក់ឯង​។​

​ចូលមក​ដល់​របប លន់ នល់ ខ្ញុំ​បាន​បាត់បង់​បងស្រី​ម្នាក់​។ បងស្រី​របស់ខ្ញុំ​ស្លាប់​នៅពេល​កំពុង​មានការ​វាយ​ប្រយុទ្ធ​គ្នា​និង​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក ហើយ​នៅពេល​គាត់​ចេញពី​ត្រង់​សេ (​លេណដ្ឋាន​) មក​ខាងក្រៅ យន្តហោះ​បាន​ទម្លាក់​គ្រាប់បែក​ត្រូវចំ​គាត់​បណ្តាល​ឲ្យ​ដា​ច់ក​ស្លាប់​ភ្លាមៗ​ជាមួយ​កូន​របស់គាត់​ដែល​កំពុង​ឱប​ជាប់​នឹង​ទ្រូ​។ ខ្ញុំ​យំ​និង​ស្តាយ​បងស្រី​ខ្ញុំ​ជា​ពន់ពេក​។ ក្រោយមក​ខ្ញុំ​និង​គ្រួសារ​ព្រមទាំង​អ្នកភូមិ​មួយចំនួន​បាន​ភៀសខ្លួន​ចេញពីផ្ទះ អ្នកភូមិ​ខ្លះទៅ​នៅ​ភ្នំពេញ អ្នកភូមិ​ខ្លះទៀត​ទៅ​នៅ​ស្រុក​ផ្សេង​ដែល​ខ្លួន​គិតថា​មាន​សុ​វត្តិភាព​។ ចំណែក​គ្រួសារ​ខ្ញុំ​បាន​ភៀសខ្លួន​ទៅ​នៅ​ពាម​បួន ក្នុង​ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម​។ នៅ​ទីនោះ វៀតណាម​បាន​រាក់ទាក់​ជាមួយ​ជនភៀសខ្លួន​ខ្មែរ ហើយ​បាន​ផ្តល់នូវ​អំណោយ ដូចជា អង្ករ ទឹកត្រី អំបិល និង ម្ហូបអាហារ​ផ្សេងទៀត​ដល់​យើង​។ វៀតណាម​បាន​ឲ្យ​យើង​ដាំ​សណ្តែកដី ធ្វើ​ចម្ការ​ដើម្បី​ទុកជា​ស្បៀង​សម្រាប់​ហូប​ខ្លួនឯង​។

​នៅពេលដែល​យោធា​ខ្មែរក្រហម​វាយ​បែក​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ឃោសនា​ឲ្យ​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ​។ នៅពេលនោះ​ខ្មែរក្រហម​បាន​និយាយថា «​បងប្អូន​អើយ​មក​នៅ​ស្រុកកំណើត​យើង​វិញ នៅទីនេះ​សម្បូរ​ហូប ហើយ​មិនបាច់​យក​អ្វី​ច្រើន​មក​តាម​ខ្លួន​ទេ​»​។ ខ្ញុំ​និង​គ្រួ​សារបាន​វិល​ត្រឡប់មក​ស្រុកកំណើត​យើង​វិញ ប៉ុន្តែ​បាន​ខុសពី​ការរំពឹងទុក​របស់​យើង​។ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​នៅ​កង​នារី ច្រូតស្រូវ​។ ពេលនោះ ខ្មែរក្រហម​កំណត់ ដោយ​អ្នកណា​ច្រូតស្រូវ​លឿន ខ្មែរក្រហម​ឲ្យ​ហូបបាយ​ឆ្ងាញ់ ចំណែកឯ​អ្នក​ដែល​ច្រូត​យឺត ខ្មែរក្រហម​ឲ្យ​ហូប​បបរ​រាវ​។ សំណាង​ដែរ ខ្ញុំ​ពូកែ​ច្រូតស្រូវ ហើយ​ខ្ញុំ​ច្រូត​លឿន​ណាស់ គឺ​បាន​លេខ​១​រហូត​។ ខ្ញុំ​បាន​បាយ​ហូប​គ្រប់គ្រាន់ ហើយ​នៅសល់​ខ្លះ​ខ្ញុំ​លួចលាក់​យកមក​ឲ្យ​កូន និង​ម្តាយ ។​

ហ៊ុន សាន អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​កាលនោះ​ខ្មែរក្រហម​បែងចែក​ឲ្យ​ម្តាយ​របស់ខ្ញុំ​នៅ​កង​ផ្សេង​ពី​ខ្ញុំ​។ ប្រធាន​កង​បាន​ប្រើ​ម្តាយ​ខ្ញុំ​ឲ្យ​ដក​សណ្តែកដី ដាំ​ល្ពៅ និង​បន្លែ​ផ្សេងៗ​ទៀត​។ កន្លែង​ដែល​ម្តាយ​ខ្ញុំ​រស់នៅ​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ទេ​។ ចំណែក​កូន​របស់ខ្ញុំរ​ស់​នៅ​និង​ធ្វើការ​នៅក្នុង​កងកុមារ​។ ប្រ​ធា ន​កង​ប្រើ​កូន​របស់ខ្ញុំ​ឲ្យ​រើស​អាចម៍គោ​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​១០​គីឡូ បើ​រើស​មិន​បានទេ ប្រធាន​កង​មិន​ឲ្យ​ហូបបាយ​ទេ​។ ខ្ញុំ​អាណិត​កូនស្រី​ខ្ញុំ​ណាស់​។ រីឯ​ឪពុក​ខ្ញុំ​នៅក្នុង​កង​តា​តា ដូច្នេះ​ប្រធាន​កង​បាន​ប្រើ​គាត់​ឲ្យ​ធ្វើ​ឈ្នាង និង​ធ្វើ​ទ្រូ សម្រាប់​ដាក់​ត្រី​។ ខ្ញុំ​ពិតជា​អាណិត​ឪពុក​របស់ខ្ញុំ​ខ្លាំងណាស់​ព្រោះ​គាត់​បាន​កាន់សីល​៨ ដល់​មករ​បប​ខ្មែរក្រហម ប្រធាន​កង​ប្រើ​គាត់​ឲ្យ​ធ្វើការ​បែប​ហ្នឹង ប៉ុន្តែ​ប្រសិនបើ​ឪពុក​ខ្ញុំ​មិន​ធ្វើ​ខ្មែរក្រហម​នឹង​សម្លាប់​គាត់​ចោល​។ ចំណែក​បងប្អូន​ខ្ញុំ​ផ្សេងទៀត​ក៏​មិនបាន​នៅ​ជុំគ្នា​ជាមួយ​ខ្ញុំ​ដែរ គឺ​បែក​ទៅធ្វើ​ការ​តាម​កង​រៀងខ្លួន​។ ក្រោយមក​ខ្ញុំ​ទទួលដំណឹង​ថា​ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារ​គេ​បំពុល​ថ្នាំ ហើយ​ខ្ញុំ​ក៏​មិនបាន​ដឹងថា​ហេតុអ្វី​បានជា​គេ​បំពុល​ប្អូន​ខ្ញុំ​ដែរ​។​

​មួយរយៈ​ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ខ្ញុំ​និង​ប្រជាជន​ទៅ​នៅ​ភ្នំ​ឱ​រ៉ា​ល់ ដោយ បាន​ប្រាប់ថា​នឹង​ឲ្យ​ខ្ញុំ​ហូប​នំ​បញ្ចុក​នៅ​ទីនោះ ប៉ុន្តែ​តាម​ពិតជា​កលល្បិច​រប​ស់​ខ្មែរក្រហម ដែល​បាន​ត្រៀម​ដាក់​ថ្នាំ​សម្លាប់​ខ្ញុំ​និង​ប្រជាជន​។ នៅពេលដែល​ខ្ញុំ​និង​ប្រជាជន​ដើរទៅ​ដល់​ចង្កេះភ្នំ​ឱ​រ៉ា​ល់ កងទ័ព​វៀតណាម​បាន​វាយ​ចូលមក​រំដោះប្រជាជន ហើយ​ប្រាប់​ប្រជាជន​ឲ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ចំណែក​យោធា​ខ្មែរក្រហម​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់អស់​។ ខ្ញុំ​និង​គ្រួសារ​នាំគ្នា​មក​រស់នៅ​ភូមិកំណើត​វិញ​។ ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់ ហើយ​រយៈពេល​១​ខែ​បន្ទាប់មក ឪពុក​របស់ខ្ញុំ​ក៏បាន​ស្លាប់​បន្តទៀត​។ ខ្ញុំ​កំព្រា​ឪពុកម្តាយ​តាំងពី​ពេល​នោះមក​។ បន្ទាប់មក ខ្ញុំ​ប្រកប​របរ​លក់​តា​ប៉ែ និង​បាន​យក​ក្មេង​ដែល​កំព្រា​ឪពុកម្តាយ​ចំនួន​៥​នាក់មក​ចិញ្ចឹម រហូតដល់​កូនចិញ្ចឹម​របស់ខ្ញុំ​ធំ និង​មាន​ប្តី​ប្រពន្ធ​រៀងៗ​ខ្លួន សព្វថ្ងៃនេះ​៕សរន


ហ៊ុន សាន ផ្តល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​ដល់​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ នៅ​អំឡុងពេល​ចូលរួម​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

Post navigation