Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់​ទឹកភ្លៀង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​និង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​បាន​ស្រក​តែ​កម្លាំង​នគរបាល​ព្រំដែន​នៅតែ​ត្រៀម​ ​បម្រុង​កម្លាំង​អន្តរាគមន៍​

Views: 2

ដោយៈ​ប​.​ជ័យ / បន្ទាយមានជ័យ​៖​នគរបាល​ព្រំដែន​វរ​:​លេខ​៨១៥ អះអាងថា​ខ្លួន​បាន​ត្រៀម​បម្រុង​កម្លាំង អន្តរាគមន៍​ជានិច្ច​ទោះបី​ជំនន់​ទឹកភ្លៀង​ឡើង​ឬ​ស្រក​ក៏ដោយចុះ​។​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨​ខែសីហា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ព្រំដែន​កម្ពុជា​- ថៃ​និង​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ បាន​ស្រក​ចុះ​ខ្លះ​វិញ​ហើយ​។​
​តែ​ទោះជា​យ៉ាងណា​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ​កម្លាំង​នគរបាល​ទាំងអស់​នៅតាម​គោលដៅ​និង​ដែន​សមត្ថកិច្ច​ខ្លួន​ត្រូវ​ត្រៀម​បម្រុង អន្តរាគមន៍​ក្នុងអំឡុងពេល​ទឹកជំនន់​ទឹកភ្លៀង​និង​ទឹក​ហូរ​ធ្លាក់​ពី​ព្រំដែន​ថៃ ។​

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​រួម​ដំណើរ​ដោយ​លោក មេបញ្ជាការរង​ទទួល​ការងារ​សេនាធិការ បាន​ដឹកនាំ និង​ត្រៀមកម្លាំង សម្ភារ មធ្យោបាយ រួចជាស្រេច ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់​ដោយ​គ្រោះទឹកជំនន់​នេះ ។​ពោលគឺ​ដោយសារ តំបន់​មួយចំនួន​នៅ​ស្រុក​ម៉ាឡៃ​និង​អូរ​បណ្តោយ​ព្រំដែន​រង​ការប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ។​

​លោក​វរសេនីយ៍ឯក សួង សៅ បាន​ឲ្យ​ដឹងថា យោងតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ដើម្បី​ទ្រោល​នឹង​សភាពការណ៍​គ្រោះទឹកជំនន់​ទឹកភ្លៀង​និង​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ នៅថ្ងៃនេះ​លោក​បាន​ដឹកនាំ​និង​ត្រៀមកម្លាំង​ក្រោម​ឱវាទ​ចំនួន​២០​នាក់​ទូក​ចំនួន​បួន​គ្រឿង​និង​រថយន្ត​ចំនួន​បី​គ្រឿង រួចជាស្រេច ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដឹកជញ្ជូន​មក​ទីទួល​សុវត្ថិភាព ។

​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​ក្នុងភូមិ​សាស្ត្រ ដែល​កំពុង​លិចលង់ ក្នុងនោះ ក៏មាន​ប៉ុស្តិ៍​ចំនួន​ពីរ គឺ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ខ្លា​ងាប់​និង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ភូមិ​ថ្មី និង​ផ្ទះ​របស់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​មួយ​ខ្នង​ផងដែរ ដែល​លិចលង់​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។​
​ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃទី​១៨ ខែសីហា នេះ​គឺ​បាន​ស្រក​ចុះ​ប្រហែល​១០​សង់ទីម៉ែត្រ ។​

​ដោយឡែក​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ទួល​ពង្រ​និង​កម្លាំង​ប្រជា​ការពារ​នៅថ្ងៃនេះ​ដែរ​បាន​ជួយ​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​និង​សិស្សសាលា​ដែល​ធ្វើដំណើរ​លើ​កំណាត់​ផ្លូ​លំ​ដែល​រង​ផល់ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ប្រវែង​៨០​ម៉ែត្រ​នៅ​ចំណុច​ផ្លូវ​ត​ភ្ជាប់​ពី​បឹង​៧៥​ស្ថិតនៅ​ភូមិ​អូរ​អំពិល​ឆ្ពោះទៅ​ចំណុច​មុខ​សាលាបឋមសិក្សា សន្តិភាព​ក្នុងភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕​សរន​

ជំនន់​ទឹកភ្លៀង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​និង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​បាន​ស្រក​តែ​កម្លាំង​នគរបាល​ព្រំដែន​នៅតែ​ត្រៀម​​បម្រុង​កម្លាំង​អន្តរាគមន៍​(រូបថត ប.ជ័យ)

Post navigation