Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនជាតិព្នង នៅតែរក្សាទម្លាប់ប្រពៃណី ធ្វើពិធីសែនព្រេន

Views: 11

ដោយៈ សុខុម / ស្ទឹងត្រែងៈ បងប្អូនជនជាតិព្នង រស់នៅភាគឦសាន សព្វថ្ងៃ នៅតែបន្ត រក្សាទំនៀមទម្លាប់ ប្រពៃណី ជួបជុំគ្នា ធ្វើពីធីសែនព្រេន ដើម្បីសុំសេចក្តីសុខចម្រើន ពីម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំពីបុរាណ។

កាលពីកន្លងទៅថ្មីនេះ បងប្អូនជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរី រតនៈគិរី និងក្រចេះ បានជួបជុំគ្នា នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីរៀបចំពិធី សែនព្រេន។ ពិធីនោះមានកាប់ក្របី ប្រគំភ្លេង ដោយវាយគងបឺតស្រាពាង មានចាស់ទុំ ជាអ្នករៀបចំ។

លោក សេត កាល អាយុ ៧៥ ឆ្នាំ រស់នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាមេកន្ទ្រាញជនជាតិព្នង បានបញ្ជាក់ថាៈ កូនចៅជំនាន់ក្រោយ ជាអ្នកបន្តវេន រក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នង ពេលបានធ្វើពិធីសែនព្រេនម្តងៗ នៅពេលទៅធ្វើស្រែចំការ តែងតែទទួលបានភោគផលច្រើន ហើយសត្វចង្រៃ មិនស៊ីបំផ្លាញ ផលដំណាំឡើយ។

លោកបានបន្តថាៈ ការរស់នៅរបស់កូនចៅ នៅក្នុងភូមិ ក៏ទទួលបានសេចក្តីសប្បាយ សុខចម្រើនគ្រប់គ្នា សត្វពាហនៈ មិនកើតជំងឺឆ្លង ទើបចាស់ទុំ នាំគ្នាដឹកនាំធ្វើពិធីនេះឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែកុម្ភៈ ។

លោក ជ្រោយ ញ៉ុង តំណាងបងប្អូនជនជាតិទាំងអស់ នៅក្នុងកម្មវិធីសែនព្រេន បានបញ្ជាក់ថាៈ នេះជាការគោរព តាមចាស់ទុំ តៗគ្នាមក ព្រោះយល់ឃើញថា ប្រពៃណីមួយនេះ មិនអាចលប់បំបាត់ចោលបានទេ ទោះបីថា សម្លៀកបំពាក់ សម្ភារៈ ប្រើប្រាស់ មួយចំនួន ត្រូវបាត់បង់ទៅហើយក៏ដោយ តែប្រពៃណីសែនព្រេន មិនបោះបង់ ចោលឡើយ ហើយការសែនព្រេននេះ មានចាស់ព្រឹទ្ធាចារ្យ មានស្រី មានប្រុសទាំងអស់ មកចូលរួមកាប់ក្របី ហើយមានកម្មវិធីវាយឃ្មោះទៀត និងកម្មវិធីរបស់ជនជាតិដើម ភាគតិចព្នង អញ្ចឹងវប្បធម៌ប្រពៃណីហ្នឹង វាមានអញ្ចឹង។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថាៈ ការរៀបចំរបស់ បងប្អូនជនជាតិព្នង ពេលនេះ ពិតជាបានបង្ហាញឲ្យឃើញពីការសាមគ្គីភាពមួយ នៅក្នុងឃុំ របស់យើង ព្រោះថា អាជ្ញាធរ ឃុំ-ស្រុក តែងតែចង់ឲ្យប្រជាពលរដ្ឋយើង ទទួលបានសិទ្ធិ រស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាង។

លោកបានបន្តថាៈ ពិធីនេះ អាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយ បងប្អូនជនជាតិដើម ជាថវិកា ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិយើង ឲ្យកាន់តែមានភាពសប្បាយរីករាយ ស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ៕/V

Post navigation