Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុន​គោរព​វិញ្ញាណក្ខន្ធ​លោក​អាបេ​ក្នុង​ពិធី​បុណ្យសពដ៏​ចម្រូងចម្រាស​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​) ៖ ឥស្សរជន​ជប៉ុន​និង​បរទេស​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ពិធី​បុណ្យ​សព​ថ្នាក់​រដ្ឋ​ដ៏​ចម្រូងចម្រាស​​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា ខណៈ​មនុស្ស​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ដាក់​ផ្កា​និង​បួងសួង​។​

​ធាតុ​របស់​លោក​អាបេ ដែល​កាន់​ដោយ​ស្ត្រី​មេម៉ាយ​របស់​គាត់​គឺ​លោកស្រី​អាគី (Akie)​បាន​មក​ដល់​សាល​ប៊ូ​ដូ​កាន (Budokan) ក្នុង​ទីក្រុង​តូ​ក្យូ កន្លែង​ដែល​កាំភ្លើង ១៩​ដើម​ត្រូវ​បាន​បាញ់​បន្លឺ​​ឡើង​ជា​កិត្តិយស​ដល់​អតីត​មេដឹកនាំ​ដែល​គេ​សម្លាប់​នេះ​។​

​នៅក្នុង​វិយោគកថា នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ពណ៌នា​អ្នកនយោបាយ​រូប​នេះ​ថា​ជា “​មនុស្ស​ក្លាហាន​” ដោយ​រាយ​បញ្ជី​ស្នាដៃ​របស់​គាត់​ជាច្រើន​រួមមាន​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​​ទំនាក់ទំនង​ការទូត​របស់​ជប៉ុន​។​

​លោក​គី​ស៊ី​ដា​បាន​និយាយ​ខណៈ​គាត់​បែរមុខ​ទៅរក​រូបថត​របស់​លោក​អាបេ ដែល​ព្យួរ​នៅ​ពី​លើ​រចនា​សម្ព​ន​ផ្កា​ដ៏​ធំ​ដែល​ប្រើ​សម្រាប់​បង្ហាញ​ធាតុ មេដាយ និង​ទង់ជាតិ​ជប៉ុន​របស់គាត់ យ៉ាង​ដូច្នេះ​ថា​”​ខ្ញុំ​មាន​​អារម្មណ៍​សោកសៅ​ជា​ពន់ពេក​”​។​

​លោក​អាបេ​គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​យូរ​បំផុត​របស់​ជប៉ុន​និង​ជា​ឥស្សរជន​នយោបាយ​ដ៏​ល្បី​បំផុត​របស់​ប្រទេស ដែល​ល្បីល្បាញ​ខាង​ការបណ្តុះ​សម្ពន្ធភាព​អន្តរជាតិ និង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច “Abenomics” របស់គាត់​។​

​គាត់​បាន​លាលែង​ពី​តំណែង​នៅ​ឆ្នាំ ២០២០ ដោយសារ​បញ្ហា​សុខភាព​ចាស់​របស់​គាត់ ប៉ុន្តែ​នៅតែ​ជា​សំឡេង​នយោបាយ​ដ៏​សំខាន់ និង​បាន​កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ពេល​ដែល​​ខ្មាន់កាំភ្លើង​តែម្នាក់ឯង​បានសម្លាប់​គាត់​ដោយ​អាវុធ​កែច្នៃ​កាលពី​ថ្ងៃទី ៨ ខែកក្កដា​។​

​ការបាញ់ប្រហារ​នេះ​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ប្រទេសមួយ​ដែល​មាន​ឧក្រិដ្ឋកម្ម​កាំភ្លើង​ទាប​បំផុត និង​បាន​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​។​

​ប៉ុន្តែ​ការសម្រេចចិត្ត​ផ្តល់​ឱ្យ​គាត់​នូវ​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ ដែល​ជា​បុណ្យសព​ថ្នាក់​រដ្ឋ​លើ​ក​ទី​ពីរ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ក្នុងសម័យ​ក្រោយ​សង្គ្រាមលោកលើកទីពីរ បាន​ធ្វើឱ្យ​មាន​ការប្រឆាំង​ដោយ​ជន​​ជាតិ​ជប៉ុន​៦០​ភាគរយ​ប្រឆាំងនឹង​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ​។​

​បុណ្យសព​របស់​អាបេ​កាលពី​ថ្ងៃ​អង្គារ មាន​ការចូលរួម​ពី​ភ្ញៀវ​ប្រមាណ​៤.៣០០​នាក់ ក្នុងនេះ​៧០០​នាក់​ទៅ​ពី​បរទេស​

​ពិធី​លាគ្នា​ចុងក្រោយ​បាន​ចាប់ផ្តើម​នៅ​ម៉ោង​២​រសៀល ដោយ​ធាតុ​របស់លោក​អាបេ ស្ថិត​ក្នុង​ប្រអប់​មួយ​កាន់​ដោយ​ភរិយា​មេម៉ាយ​របស់​លោក ដែល​ស្លៀកពាក់​ក្នុង​ឈុយ​កាន់ទុ​ក្ខគី​ម៉ូណូ​ពណ៌​ខ្មៅ​

​ភ្លេង​បាន​លេង​ជាមួយ​នឹង​ការបាញ់​កាំភ្លើង​ផ្តល់​កិត្តិយស​១៩​ដង​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល ប្រជាជន​ជប៉ុន​រាប់ពាន់​នាក់​បាន​ជម្នះ​នឹង​ព្រះអាទិត្យ​ដ៏​ក្តៅ​ដើម្បី​តម្រង់​ជួរ​នៅ​ក្រៅ​អាគារ​ប៊ូ​ដូ​កាន​ដើម្បី​ដាក់​បាច់ផ្កា​និង​គោរព​។​អ្នក​តម្រង់​ជួរ​ខ្លះ​ត្រូវ​រង់ចាំ​ដល់​ពីរ​ម៉ោង​

​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​ទូ​ទាំង​រដ្ឋធានី​ដើម្បី​បញ្ចៀស​ហេតុការណ៍​អាក្រក់ ដោយ​ប៉ូលិស​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​មក​កាន់​ទី​ក្រុង​តូ​ក្យូ​។​

​ពួក​អ្នកជំនាញការ​ច្បាប់​និយាយថា ពិធី​បុណ្យ​សព​ថ្នាក់ជាតិ​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ធម្មនុញ្ញ និង​ជា​លើក​ទី​ពីរ​នៅ​ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​ចាប់តាំងពី​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី ស៊ី​ហ្គេ​រុ យ៉ូ​ស៊ី​​ដា (Shigeru Yoshida )​នៅ​ឆ្នាំ​១៩៦៧​។​អតីត​នាយ​រដ្ឋមន្ត្រី អ៊ី​សា​គុ សា​តូ​(Eisaku Sato) ដែល​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​សម័យ​សង្គ្រាម​យូរ​ជាង​គេ​លំដាប់​ទី​ពីរ​ហើយ​បាន​ទទួល​រង្វាន់​ណូបែល​សន្តិ​​ភាព​ផង មិន​ទទួលបាន​កិត្តិយស​ដូច្នេះ​ទេ​។​

​អ្នក​ជំនាញការ​នយោបាយ​និយាយ​ថា លោក​គី​ស៊ី​ដា​បាន​សំរេច​ធ្វើ​បុណ្យ​សព​ដ៏​ធំ​នេះ​ដោយ​មិន​បាន​ឆ្លងកាត់​សភា​ទេ ខណៈ​ប្រជាជន​ជប៉ុន​មាន​មតិ​ខ្វែងគ្នា​ដោយ​ក្នុង​ការស្ទង់មតិ​មួយ អ្នក​ឆ្លើយ​ដល់​ទៅ​៦០​ភាគរយ​ប្រឆាំង​វា​។​គេថា ចំណាយ​លើ​ពិធីបុណ្យ​នេះ​អស់​ប្រមាណ​១,៦៦​ពាន់​លាន​យេន​(១២​លាន​ដុល្លារ​)៕

Post navigation