Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក​យ អាត ៖ កង​ដឹកជញ្ជូន​

Views: 1


ដោយ ៖ ភា រស្មី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ក​យ អាត អាយុ​៧២​ឆ្នាំ គឺជា​ប្រជាពលរដ្ឋ សព្វថ្ងៃ​រស់នៅ​ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ហង្ស ក​យ និង​ម្ដាយ​ឈ្មោះ ឯម រឿង​។ ឪពុកម្ដាយ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​។ ខ្ញុំ​មាន​បងប្អូន​សរុប​៩​នាក់ បងប្អូន​១​នាក់​ស្លាប់​ក្នុង​របប លន់ នល់​, ៣​នាក់់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម និង​១​នាក់​ទៀត​ស្លាប់​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​។ ខ្ញុំ​កើត​នៅ​ភូមិ​ពោធិ៍​ស្នាយ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។

​ក​យ អាត អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​កាលពី​ក្មេង​ខ្ញុំ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍​ស្នាយ រហូតដល់​ថ្នាក់​ទី​១០​សង្គមចាស់​។ ដោយសារ​គ្រួសារ​របស់ខ្ញុំ​មាន​សមាជិក​ច្រើន និង​មាន​ជីវភាព​ខ្វះខាត ទើប​ឪពុកម្ដាយ​របស់ខ្ញុំ​ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​ជាមួយ​លោក​អ៊ំ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ទៅ​រស់នៅ​ផ្ទះ​អ៊ំ​របស់ខ្ញុំ​រយៈពេល​មួយឆ្នាំ បន្ទាប់មក​បាន​ទៅ​រស់នៅ​ផ្ទះ​ពូ​របស់ខ្ញុំ​រយៈពេល​មួយឆ្នាំ​ទៀត​។ នៅ​ទីនោះ​ខ្ញុំ​មិនបាន​រៀនសូត្រ​ទេ​។ ក្រោយមក ខ្ញុំ​សម្រេចចិត្ត​មក​រស់នៅ​វត្ត​ពោធិ៍​ស្នាយ​វិញ​ដើម្បី​បាន​រៀនសូត្រ​បន្ត​។ ខ្ញុំ​រៀន​រហូត​បញ្ចប់​ថ្នាក់បឋមសិក្សា និង​បាន​បន្ត​ការសិក្សា​នៅ​អនុវិទ្យាល័យ​បាភ្នំ​។ បន្ទាប់ពី​ប្រឡង​ជាប់​អនុវិទ្យាល័យ ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​មីង​របស់ខ្ញុំ​នៅឯ​ស្រុក​បាភ្នំ និង​បាន​បន្ត​ការសិក្សា​នៅ​ទីនោះ​។
​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ចេញពី​តំណែង​ប្រមុខរដ្ឋ​។ នៅពេលនោះ​មាន​ភាពចលាចល​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ឈប់រៀន និង​ត្រឡប់មកផ្ទះ​វិញ​។ រយៈពេល​៦​ខែ​បន្ទាប់ពី​រដ្ឋប្រហារ ខ្ញុំ​បាន​សុំ​ម្ដាយ​របស់ខ្ញុំ​ចូល​ព្រៃម៉ាគី​ដើម្បី​តស៊ូ​ដណ្ដើម​អំណាច​ថ្វាយ​សម្ដេចព្រះ នរោត្តម សីហនុ វិញ​។ ម្ដាយ​របស់ខ្ញុំ​មិនបាន​បដិសេធ​នោះទេ ថែមទាំង​ឲ្យ​ធ្មេញ​របស់គាត់​ដែល​បាក់​មក​ខ្ញុំ​រក្សាទុក​ព្រោះ​វា​អាចជួយ​ការពារ​ខ្ញុំ ហើយ​គាត់​បាន​ទូន្មាន​ខ្ញុំ​ឲ្យ​មាន​ភាពស្មោះត្រង់​ទៀតផង​។

​ខ្ញុំ​ចាក​ចេញពី​ភូមិ​ជាមួយ​ឈ្មោះ ម៉ោញ កុសល និង​សមាជិក​៦​នាក់​ទៀត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ក្រុម​របស់ខ្ញុំ​កាលនោះ​បានធ្វើ​ដំណើរ​ទៅ​ម្ដុំ​ព្រៃ​ត្រោះ ក្នុង​ទឹកដី​ខេត្តស្វាយរៀង ដើម្បី​ហ្វឹកហាត់​ក្បួន​យោធា​។ ខ្ញុំ​បាន​ស្នាក់នៅ និង​រៀន​អំពី​ក្បួន​ធ្វើសឹក​នៅ​ព្រៃ​ត្រោះ​ចំនួន​៣​ខែ ដោយមាន​ជនជាតិ​វៀតណាម (​វៀត​កុង​) គឺជា​អ្នក​បង្រៀន​។ បន្ទាប់ពី​រៀន​ចប់ ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ចូលក្នុង​អង្គភាព​ទ័ព​ចល័ត​របស់​ស្រុក និង​មកឈរ​ជើង​នៅ​ខាង​ផ្សារ​ស្នេហ៍​។ អង្គភាព​ទ័ព​ចល័ត​របស់ខ្ញុំ​មាន​សមាជិក​ចំនួន​១២​នាក់ និង​មានឈ្មោះ សុន ហី គឺជា​ប្រធាន​ក្រុម​។

ក្រុម​របស់ខ្ញុំ​មាន​តួនាទី​វាយឆ្មក់​ទាហាន​រដ្ឋការ ឬ​មូលដ្ឋានទ័ព​របស់ លន់ នល់​។ ក្រុម​របស់ខ្ញុំ​ទាំងអស់​មិនបាន​ឈរជើង​នៅ​មួយកន្លែង​យូរ​ទេ គឺ​យើង​ដើរ​វាយឆ្មក់​នៅ​កន្លែង​ផ្សេងៗ ដូចជា ម្ដុំ​ផ្សារ​ស្នេហ៍ នៅ​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ និង​ពេលខ្លះទៀត​នៅ​វាយ​នៅ​ឃុំ​បា​បោង ស្រុក​ពាម​រក៍​។ ចន្លោះ​ឆ្នាំ​ពី​១៩៧៣ ដល់​ឆ្នាំ​១៩៧៤ មានការ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង គឺ​ក្រុម​របស់ខ្ញុំ​បាន​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់ ដើម្បី​ដណ្ដើមយក​ទី​រួម​ខេត្តព្រៃវែង​។ នៅពេល​វាយ​ប្រយុទ្ធ​គ្នា​ម្ដងៗ ខ្ញុំ​តែងតែ​យក​ធ្មេញ​របស់​ម្ដាយ​ខ្ញុំ​មក​បៀម​ជាប្រចាំ ពីព្រោះ​ខ្ញុំ​ជឿថា​ធ្មេញ​នោះ​អាចជួយ​ការពារ​ខ្ញុំ​។ នៅ​ឆ្នាំ​១៩៧៤ ក្រុម​របស់ខ្ញុំ​បានទទួល​ជ័យជម្នះ​នៅ​ទី​រួម​ខេត្តព្រៃវែង ហើយ​បាន​ប្ដូរ​មក​ធ្វើ​សកម្មភាព​នៅ​ខាង​អ្នក​លឿង​។ បន្ទាប់មក​ខ្ញុំ​ក៏​ត្រឡប់មក​រស់នៅ​ជាមួយ​ឪពុកម្ដាយ និង​ជួយ​ធ្វើស្រែ​គាត់​វិញ​។

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​លើ​របប លន់ នល់​។ ប្រជាជន​នៅក្នុង​ភូមិ​ពោធិ៍​ស្នាយ​ចាប់ផ្ដើម​ប្រមូល​ទ្រព្យសម្បត្តិ​ទាំងអស់​ធ្វើជា​របស់​រួម ចំណែក​ការងារ និង​ការហូប​ក៏​តម្រូវ​ឲ្យ​រួមគ្នា​ទាំងអស់​ដែរ​។ នៅពេលនោះ​អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ចូលធ្វើការ​ក្នុង​កងចល័ត​ឃុំ និង​ត្រូវ​ចេញទៅ​ធ្វើការ​ងារ​នៅ​ភូមិ​ផ្សេងៗ​។ នៅ​ខែឧសភា ឆ្នាំ​១៩៧៦ ខ្ញុំ​បានស្នើ​សុំ​អង្គការ​រៀបការ​ជាមួយ​នារី​ម្នាក់​នៅក្នុង​ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ អង្គការ​បាន​រៀបការ​ឲ្យ​ខ្ញុំ និង​អ្នក​ផ្សេងទៀត​សរុប​ទាំងអស់​មាន​ចំនួន​៣៤​គូ នៅក្នុង​ទីស្នាក់ការ​ភូមិ​ស្រះ​តា​អឹម​។ នៅ​ថ្ងៃ​រៀបការ ឪពុកម្ដាយ​ទាំងសងខាង​អាច​ចូលរួម​ធ្វើជា​ភ្ងៀ​វ ប៉ុន្តែ​មិនមាន​សិទ្ធិ​និយាយ​ទេ​។ បន្ទាប់ពី​រៀបការ​រួច ខ្ញុំ​បាន​ប្ដូរ​ទៅ​រស់នៅ​ភូមិ​ស្រះ​តា​អឹម និង​បានធ្វើ​ការងារ​នៅក្នុង​ក្រុម​ដឹកជញ្ជូន​ឃុំ​អង្គ​រស​។

​នៅក្នុង​ឃុំ​អង្គ​រស​ទាំងមូល​មាន​រទេះដឹក​ជញ្ជូន​ប្រមាណ​ជិត​១០​រទេះ​។ អង្គការ​បាន​ប្រើ​ឲ្យ​កង​ដឹកជញ្ជូន ដឹក​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់ និង​ផលដំណាំ​ផ្សេងៗ​។ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៧ ប្រជាជន​នៅក្នុង​ភូមិ​ស្រះ​តា​អឹម មាន​អាហារ​ហូប​បាន​គ្រប់គ្រាន់ ហើយ​ការងារ​ក៏​មិនសូវ​លំបាក​ប៉ុន្មាន​ដែរ​។ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ចាប់ សោ ភឹម កម្មាភិបាល​ខ្មែរក្រហម​ដែល​គ្រប់គ្រង​នៅក្នុង​ឃុំ​អង្គ​រស​ត្រូវបាន​ចាប់ខ្លួន​យកទៅ​សម្លាប់ចោល ហើយ​ដាក់​កម្មាភិបាល​ថ្មី​មក​គ្រប់គ្រង​ជំនួស​។ ចាប់តាំងពី​ពេលនោះ​ការរស់នៅ​របស់​ប្រជាជន​ចាប់ផ្ដើម​លំបាក ហើយ​របប​អារ​ហារ​កាន់តែ​តិច​ទៅៗ ចំណែក​ការងារ​កាន់តែ​ធ្ងន់ធ្ងរ​។ ខ្មែរក្រហម​បាន​ដកយក​រទេះគោ​ពី​ខ្ញុំ​វិញ និង​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​ភូមិ​។

​នៅ​ឆ្នាំ​១៩៧៨ ប្រធាន​សហករណ៍​កត់​ឈ្មោះ​ខ្ញុំ និង​គ្រួសារ​ដើម្បី​ត្រៀម​ជម្លៀស​ទៅ​តំបន់​ផ្សេង ប៉ុន្តែ​បាន​ខកខាន​វិញ​។ រហូតដល់​ដើមខែ​មករា ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​រួមទាំង​គ្រួសារ​របស់ខ្ញុំ​ឲ្យ​ចេញពី​ភូមិ​ម្តងទៀត ព្រោះ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចូលមក​ជិត​ដល់​ភូមិ​ហើយ​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ភ្នំ​ឈើកាច់​សំដៅទៅ​កំពង់ចម្លង​អ្នក​លឿង​។ ពេលទៅដល់​អ្នក​លឿង ខ្ញុំ​ឃើញ​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​នាក់​ព្យាយាម​ហែល​ឆ្លងទន្លេ និង​មាន​កម្មាភិបាល​ជាច្រើន​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក ព្រោះ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​យោធា​ខ្មែរក្រហម​។ ខ្ញុំ​ឃើញ​ឈាម​ដាន​នៅ​ពេញ​ថ្នល់ជាតិ​។

​គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ត្រឡប់មក​ភូមិ​ស្រះ​តា​អឹម​វិញ​។ នៅតាម​ផ្លូវ​ខ្ញុំ​ឃើញ សាកសព​ប្រជាជន និង​យោធា​ខ្មែរក្រហម​ជាច្រើន​នាក់​។ សាកសព​ប្រជាជន​ភាគច្រើន​ស្លាប់​នៅ​ម្ដុំ​កំពង់​សឹង ស្ពាន​ស្ទឹង​ស្លូត និង ស្ពាន​វ៉ា​មី ដោយសារ​ខ្មែរក្រហម​បររថ​ក្រោះ​កិន​។ ពេលមកដល់​ភូមិ​គ្រួសារ​របស់ខ្ញុំ​បាន​ដើរ​ច្រូតស្រូវ​ក្នុង​ស្រែ​ដើម្បី​ទុក​ធ្វើជា​ស្បៀងអាហារ និង​ទុក​ធ្វើជា​ពូជ​ដាំ​ដុះ​បន្តទៀត​។ គ្រួសារ​របស់ខ្ញុំ​បាន​ប្រកប​របប​ធ្វើស្រែ និង​ឡើងត្នោត​ដើម្បី​ចិញ្ចឹមជីវិត​។
​នៅ​ឆ្នាំ​១៩៨៣ ខ្ញុំ​ចូលធ្វើការ​ខាង​គណនេយ្យ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ស្រុក​មេសាង​រហូតដល់​ឆ្នាំ​១៩៨៦​ទើប​ឈប់​។ បន្ទាប់មក​ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​រហូតដល់​ឆ្នាំ​២០០០ ទើប​ខ្ញុំ​ឡើងទៅ​រៀន​ផ្នែក​កសិកម្ម​នៅ​ទី​រួម​ខេត្តព្រៃវែង និង​ធ្វើជា​គ្រូ​បណ្ដុះបណ្ដាល​ប្រជាជន ខាង​ផ្នែក​កសិកម្ម​។ នៅ​ឆ្នាំ​២០១៤ ខ្ញុំ​ឈប់​ដើរ​បង្រៀន​កសិកម្ម ព្រោះ​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ ស្រី រាម បាន​ស្លាប់​ដោយសារ​ជំងឺ ដូច្នេះ​ខ្ញុំ​ត្រូវ​នៅចាំ​ផ្ទះ និង​ថែទាំ​ដំណាំ​។ សព្វថ្ងៃ ខ្ញុំ​រស់នៅ​ជាមួយ​ចៅ​របស់ខ្ញុំ​ម្នាក់ ចំណែក​កូនៗ​បាន​រៀបការ និង​រស់នៅ​បែក​ផ្ទះ​អស់ហើយ​៕​សរន​

Post navigation