Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ដែល​សម្លាប់​មនុស្ស​១០០ នាក់ គឺជា​ការសង​សឹង​ប្រឆាំង​នឹង​ប៉ូលិស​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ (​ដេល្លី​ម៉េល​) ៖ មេ​ប៉ូលិស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មករា​ថា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​ខាងក្នុង​ទីស្នាក់ការ​ប៉ូលិស​ប៉ា​គី​ស្ថាន​​គឺ​ជា​ការវាយប្រហារ​ស​ង​សឹក​ដែល​កំណត់​គោលដៅ ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​បាន​បញ្ចប់​ជាមួយ​អ្នក​ស្លាប់​កើនឡើង​ដល់ ១០០ នាក់​។​

​ប៉ូលិស​ចន្លោះ​ពី ៣០០ ទៅ ៤០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការ​អធិស្ឋាន​ពេល​រសៀល​នៅ​ឯ​វិហារ​អ៊ីស្លាម​ក្នុង​បន្ទាយ​ប៉ូលីស​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង​ប៉េ​សាវ៉ា (Peshawar)​នៅពេល​ដែល​ជញ្ជាំង​ទាំង​​មូល​និង​ដំបូល​ភាគច្រើន​ត្រូវបាន​បំផ្ទុះ​ប៉ើង​កម្ទេចកម្ទី​ម​មក​លើ​ប៉ូលិស​។​

​មេ​ប៉ូលិស​ក្រុង លោក មូហា​ម៉ាត់ អ៊ីហ្សាក់ ខាន់ (Muhammad Ijaz Khan) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​យើង​ស្ថិតនៅ​ជួរ​មុខ​ក្នុង​សកម្មភាព​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ហើយ​​នោះ​ជា​មូលហេតុ​ដែល​យើង​ត្រូវបាន​គេ​កំណត់​គោលដៅ​”​។​

“​គោលបំណង​គឺ​ដើម្បី​បំបាក់ទឹកចិត្ត​ពួក​យើង​ជា​កងកម្លាំង​”​។​

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បញ្ចប់​ប្រតិបត្តិ​ការសង្គ្រោះ ដែល​ឃើញ​ពួកគេ​គាស់​យក​អ្នក​រស់រានមានជីវិត​និង​សាកសព​ចេញពី​គំនរ​បាក់បែក​នៃ​វិហារ​អ៊ីស្លាម​ដោយ​ប្រញាប់​បញ្ជូន​អ្នក​​អាច​សង្គ្រោះ​បាន​ទៅ​កាន់​មន្ទីរពេទ្យ​។​

​លោក វ៉ា​ចា​ហា​ត់ អា​លី (Wajahat Ali) អាយុ ២៣ ឆ្នាំ​ជា​ប៉ូលិស​ម្នាក់​ដែល​បាក់​ជើង​នៅក្នុង​ការ​បំផ្ទុះ​នោះ​បាន​ប្រាប់ AFP​ពី​មន្ទីរពេទ្យ​ថា គាត់​”​បាន​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​ជាមួយនឹង​​សាកសព​នៅ​លើ​ខ្ញុំ​អស់​រយៈពេល ៧ ម៉ោង​ហើយ​ខ្ញុំ​បាន​បាត់បង់​អស់​ក្តីសង្ឃឹម​នៃ​ការរស់រានមានជីវិត​”​។​

​លោក សា​ហ៊ី​ដ អា​លី (Shahid Ali) ជា​អ្នក​នៅ​រស់​ម្នាក់ទៀត បាន​និយាយថា ការផ្ទុះ​បាន​កើតឡើង​ប៉ុន្មាន​វិនាទី​បន្ទាប់ពី​អាចារ្យ​ចាប់ផ្តើម​ធ្វើ​អធិស្ឋាន​។​

​មន្ត្រីប៉ូលិស​អាយុ ៤៧ ឆ្នាំ​រូប​នេះ​បាន​ប្រាប់ AFP ថា “​ខ្ញុំ​បាន​ឃើញ​ផ្សែងខ្មៅ​ហុយ​ឡើង​លើ​មេឃ​។ ខ្ញុំ​បាន​រត់​ចេញ​ដើម្បី​ជួយ​ជីវិត​របស់​ខ្ញុំ​”​។​

​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​កម្រិត​ទាប ដែល​ជារឿយៗ​សំដៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ បាន​កើនឡើង​ជា​លំដាប់​នៅក្នុង​តំបន់​ក្បែរ​ទីក្រុង​ប៉េ​សាវ៉ា ជាប់​ព្រំដែន​អា​ហ្វ​ហ្គានី​ស្ថាន​ចាប់តាំងពី​​ក្រុម​តា​លី​បង់​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​កា​ប៊ុល​ក្នុង​ខែ​សីហា ឆ្នាំ​២០២១​។​

​ការវាយប្រហារ​នេះ​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ភាគច្រើន​ដោយ​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​ក៏ដូចជា​កូនចៅ​ក្នុង​តំបន់​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ប៉ុន្តែ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ទ្រង់ទ្រាយ​ធំ​បែប​នេះ​នៅ​​តែ​ជា​រឿង​កម្រ​។​

​ប្រមុខ​កងកម្លាំង​ប៉ូលិស​ខេត្ត ឃី​បឺ ប៉ាខ​ទុន​ខ្វា (Khyber Pakhtunkhwa) លោក ម៉ូ​អា​សហ្សា​ម ចា អាន​សារី (Moazzam Jah Ansari) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ជន​បំផ្ទុះ​គ្រាប់​​បែក​អត្តឃាត​ម្នាក់​បាន​ចូលទៅ​ក្នុង​វិហារ​អ៊ីស្លាម​ក្នុងនាម​ជា​ភ្ញៀវ ដោយ​ផ្ទុក​នូវ​សារធាតុ​ផ្ទុះ​ទម្ងន់ ១០-១២ គីឡូក្រាម​។​

​លោក​បាន​បន្ថែមថា ក្រុម​សកម្មប្រយុទ្ធ ដែល​មាន​ទំនាក់ទំនង​មិន​ទៀង​ជាមួយ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន អាច​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​៕

មនុស្ស​១០០​នាក់​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ប៉េ​សាវ៉ា​

Post navigation