Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការ​វាយ​ឆ្ម​ក់​របស់​អាម៉េរិ​ក​នៅ​សូ​ម៉ាលី​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មករា​ថា ការ​វាយ​ឆ្ម​ក់​របស់​យោធា​អាម៉េរិក​នៅក្នុង​ប្រទេស​សូ​ម៉ាលី ដែល​បញ្ជា​ដោយ​ប្រធានាធិបតី ចូ បៃ​ដិន បានសម្លាប់​មេដឹកនាំ​ក្នុង​តំបន់​ដ៏​សំខាន់​មួយ​រូប​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS)​គឺ​លោក ប៊ី​ឡាល់ អាល់​ស៊ូ​ដា​នី (Bilal al-Sudani)​។​

​យោង​តាម​មន្ត្រី​អាម៉េរិក លោក​ស៊ូ​ដា​នី​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង បន្ទាប់​ពី​ទាហាន​អាម៉េរិក​បាន​ចុះ​មក​ដល់​លើ​រូងភ្នំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី​ដោយ​សង្ឃឹម​​ចាប់​ខ្លួន​គាត់​។​

​ក្រុមមន្ត្រី​បាន​និយាយថា កូនចៅ​របស់​លោក​ស៊ូ​ដា​នី​ប្រហែល​១០​នាក់​នៅ​កន្លែងកើតហេតុ​ត្រូវបាន​សម្លាប់ ប៉ុន្តែ​មិន​មាន​ទាហាន​អាម៉េរិក​ណា​ម្នាក់​រងរបួស​ឬ​ស្លាប់​នោះ​ទេ​។​

​រដ្ឋមន្ត្រី​ការពារជាតិ លោក ឡយ អូ​ស្ទីន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កាលពី​ថ្ងៃទី ២៥ ខែ​មករា តាម​បញ្ជា​ពី​ប្រធានាធិបតី​យោធា​អាម៉េរិក​បានធ្វើ​ប្រតិបត្តិការ​វាយលុក​នៅ​ភាគ​​ខាងជើង​ប្រទេស​សូ​ម៉ាលី ដែល​បណ្តាល​ឱ្យ​សមាជិក ISIS​ជាច្រើន​នាក់​ស្លាប់ រួមទាំង​លោក ប៊ី​ឡាល់ អាល់​ស៊ូ​ដា​នី​”​។​

​លោក​អូ​ស្ទីន​បាន​និយាយថា “​អាល់​ស៊ូ​ដា​នី​ទទួលខុសត្រូវ​សម្រាប់​ការជំរុញ​វត្តមាន​របស់ ISIS​ដែល​កំពុង​កើនឡើង​នៅក្នុង​ទ្វីបអាហ្វ្រិក​និង​សម្រាប់​ការផ្តល់​មូលនិធិ​ដល់​ប្រតិបត្តិការ​របស់​ក្រុម​នេះ​នៅ​​ទូទាំង​ពិភពលោក រួម​ទាំង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ផងដែរ​”​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ពី​មូលដ្ឋាន​ភ្នំ​របស់​គាត់​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី គាត់​បាន​ផ្តល់​និង​សម្របសម្រួល​ថវិកា​សម្រាប់​សាខា IS​មិន​ត្រឹមតែ​នៅក្នុង​ទ្វីបអាហ្វ្រិក​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​ខូ​រ៉ា​សាន (Khorasan) ដែល​ជា​សាខា​ប្រតិបត្តិការ ISIS នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ផងដែរ​។​

​កាលពី ១០ ឆ្នាំមុន មុនពេល​ដែល​គាត់​ចូលរួម​ជាមួយ​រដ្ឋ​អ៊ីស្លាម លោក​ស៊ូ​ដា​នី​បាន​ចូលរួម​ក្នុង​ការជ្រើសរើស​និង​បណ្តុះបណ្តាល​អ្នក​ប្រយុទ្ធ​សម្រាប់​ចលនា​ជ្រុលនិយម អាល់​សា​បាប (al-Shabaab) នៅក្នុង​ប្រទេស​សូ​ម៉ាលី​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា​”​ស៊ូ​ដា​នី​មាន​តួនាទី​ប្រតិបត្តិការ​និង​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ជាមួយ​នឹង​ជំនាញ​ឯកទេស​ដែល​ធ្វើឱ្យ​គាត់​ក្លាយ​ជា​គោលដៅ​សំខាន់​សម្រាប់​សកម្មភាព​ប្រឆាំង​ភេរវកម្ម​របស់​​សហរដ្ឋ​អាម៉េរិក​”៕

​លោក ប៊ី​ឡាល់ អាល់​ស៊ូ​ដា​នី ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ឆ្ម​ក់​របស់​អាម៉េរិ​ក​នៅ​សូ​ម៉ាលី​កាលពី​ទី​២៥​មករា ឆ្នាំ​២០២៣​

Post navigation