Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការចូលរួម​របស់​ស​ហគ​មន៍ ក្នុងការ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន បាន​ត្រឹមត្រូវ ធ្វើឱ្យ​សហគមន៍​នោះ មាន​សុខ​ភាពល្អ និង​អាយុ​វែង​

Views: 1

ដោយៈ ទេព មង្គល / តាកែវៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ អភិវឌ្ឍ និង​គ្រប់គ្រង ក្របខ័ណ្ឌ​អនុវត្ត ការជំរុញ​បង្កើន​ការងារ ថែទាំ​សុខភាព​បឋម (​ក​.​ជ​.​ស​.​ប​) បាន​មានប្រសាសន៍ថាៈ ” ការចូលរួម​របស់​ស​ហគ​មន៍ ក្នុងការ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន បាន​ត្រឹមត្រូវ ធ្វើឱ្យ​សហគមន៍ នោះ មាន​សុខ​ភាពល្អ និង​អាយុ​វែង រួមចំណែក​ឱ្យមាន​កំណើនសេដ្ឋកិច្ច​គ្រួសារ និង សេដ្ឋកិច្ចជាតិ ” ។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែង​ដូច្នេះ នៅពេល​លោកស្រី​បាន​ដឹកនាំ​ប្រតិភូ ក្រសួងសុខាភិបាល ចុះ​បំពេញ​បេសកកម្ម​ការងា​រ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦ និង ២៧ ខែមករា ឆ្នាំ​២០២៣ នៅ​ខេត្តតាកែវ​។​

​បើតាម​ប្រភពពី​ក្រសួងសុខាភិបាល បានឱ្យដឹងថាៈ បន្ទា​ប៉​ពី​បាន​ចុះ​ពិនិត្យ​ដំណើរការ ចាក់​វ៉ាក់សាំង នៅ​រោងចក្រ​សូ​ឡា​ម៉ូ​ឡា ស្រុក​បាទី លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ដឹកនាំ​ប្រតិភូ ក្រសួងសុខាភិបាល បន្ត​ជួបពិភាក្សា​ការងារ ជាមួយ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ស្តីពី​ការបង្កើន​ការថែទាំ​សុខភាព នៅ​បឋម​សហគមន៍ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមករា ឆ្នាំ​២០២៣ ដោយមាន​វត្តមាន លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ ។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថាៈ ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់ និង​ជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម នៅ​សហគមន៍ ដែលជា​មូលដ្ឋានគ្រឹះ ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ ការ​គ្របដណ្តប់ សុខ​ភាពជា​សាកល (UHC) ជាមួយនឹង​ការពង្រឹង​ការងារ​ផ្តល់​សេវា នៅតាម​មណ្ឌល សុខភាព ដោយ​ផ្តោតលើ​ការផ្តល់សេវា តាមបែប​អភិក្រម​ប្រជាជន ជា​មជ្ឈមណ្ឌល កណ្តាល ដើម្បី​ធ្វើឱ្យ​បានល្អ​ប្រសើរឡើង នូវ​សុខភាព​ប្រជាជន​ទូទៅ​។ ការរៀបចំ​បង្កើត ឱ្យមាន​សហគមន៍​គំរូ ដែលមាន​ប្រជាជន​សុខភាព​ល្អ និង​អាយុ​វែង នឹង​ជួយ​ជំរុញឱ្យមាន កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ព្រមទាំង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម ឌីជីថល ក្នុង​ផ្នែក​នេះ​ផងដែរ​។ ទោះជា​យ៉ាងណាក្តី ការពង្រឹង​សម្ថ​ភាព​ការងារ​របស់ គណ​:​កម្ម​ការគ្រប់គ្រង​មណ្ឌល​សុខភាព (HCMC) ក្រុម​ទ្រទ្រង់​សុខភាព (VHSG) និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ (​គ​.​ក​.​ន​.​ក​) ឱ្យមាន​គុណភាព និង​នៅតាម​តំបន់ ឱ្យមាន​ការចូលរួម​ពី​សហគមន៍ ដើម្បី​កាត់បន្ថយ​ហានិភ័យ​លើ​សុខភាព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​ចំណាយ ក្នុងការ​ព្យាបាល​ជំងឺ គឺជា​កត្តាចាំបាច់​មួយ​ដែល​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជំរុញ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដោយមាន​ផែនការ​ត្រឹមត្រូវ និង​មានការ​គាំទ្រ​លើកទឹកចិត្ត​។​

​ក្នុងនាម គណៈ​អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ប្រតិភូ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព ពិភពលោក នៅលើ​ទឹកដី​ខេត្តតាកែវ ព្រមទាំង​បាន​ប្តេជ្ញា ជាមួយ​ក្រសួងសុខាភិបាល ចូលរួម​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម (PHC) នៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឱ្យ​កាន់តែ​រីកចម្រើន​។​

​លោកស្រី វេជ្ជបណ្ឌិត លី អាយ​ឡែ​ន បានលើកឡើង ៣ ចំណុច ដែល​អង្គការ​សុខភាព ពិភពលោក​ប្រចាំ​កម្ពុជា នឹង​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា (១) ការគ្រប់គ្រង​ជំងឺ​កូ​វីដ -១៩ និង​ត្រៀមខ្លួន​ឆ្លើយតប​នឹង​វិបត្តិ​សុខភាព​នានា ដែល​អាច​កើតមានឡើង នាពេល​អនាគត (២) បន្ថែម​ការវិនិយោគ លើ​សុខភាព​សាធារណៈ (៣) វិនិយោគ​លើ ការងារ​ថែទាំ​សុខភាព​បឋម (PHC) ឆ្លើយតបបាន​តាម​តម្រូវការ​ពិតប្រាកដរ​បស់ សហគមន៍​។​

​លោកស្រី វេជ្ជបណ្ឌិត បាន​លើកទឹកចិត្ត​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ពង្រឹង​ការទទួលខុសត្រូវ ក្នុង​ភាពជា​ម្ចាស់ ធានា​ឱ្យបាន​នូវ​ការអនុវត្ត ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម នាពេល​អនាគត ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​និរន្ត​ភាព​។ ការចូលរួម​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន ជាការ​កំណត់​គោលដៅ ដែលមាន​សុពលភាព និង​ជាក់ស្តែង អាចអនុវត្ត​បាន​នាពេល​អនាគត ។​

​លុះដល់​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ លោកស្រី រដ្ឋលេខាធិការ ក៏បាន​ដឹកនាំ​ប្រតិភូ​ក្រសួងសុខាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បន្តដំណើរ បេសកកម្ម​ជួប​ផ្ទាល់ ជាមួយ​ប្រជាជន​នៅ​សហគមន៍ ក្នុង​បរិវេណ​វត្ត​ពុទ្ធ​គី​រី ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយមាន​ការចូលរួម​ពី គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព (HCMC) ក្រុម​ទ្រទ្រង់​សុខភាព (VHSG) និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ (​គ​.​ក​.​ន​.​ក​) ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​សុខភាព និង​តម្រូវការ​សេវា សុខាភិបាល នាពេល​អនាគត ព្រមទាំង​ឆ្លៀតឱកាស​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ ក្នុង​សហគមន៍ នៅ​ទីនោះ ដោយ​ផ្តល់នូវ​សារ​អប់រំ​សុខភាព​ផង លើកទឹកចិត្ត ឱ្យ​ពួកគាត់ យល់​បន្ថែមទៀត ពី​សារសំខាន់​នៃ វ៉ាក់សាំង​កូ​វីដ​-១៩​ផង និង​បំផុសគំនិត ពួកគាត់ ឱ្យ​ចេះ​បន្ត​ការយកចិត្តទុកដាក់ លើ​ការថែទាំ​សុខភាព​បឋម​ផងដែរ​៕/V​

Post navigation