Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការបែកបាក់​ផ្នែក​ការទូត​រវាង​អាម៉េរិក​និង​ចិន​ធ្វើឱ្យ​ខូច​ដល់​ទស្សនវិស័យ​សម្រាប់​វឌ្ឍនភាព​អាកាសធាតុ​ពិភពលោក​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖​ការសម្រេចចិត្ត​របស់​ចិន​ក្នុង​ការបញ្ឈប់​កិច្ចពិភាក្សា​ទ្វេភាគី​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​សហរដ្ឋ​អាម៉េរិក​បានធ្វើឱ្យ​មានកា​រ​សង្ស័យ​ថា​តើ​​ពិភពលោក​អាច​ប្រមូលផ្តុំ​មហិច្ឆតា​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ការឡើង​កម្តៅ​ផែនដី​បាន​ទាន់​ពេល​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​បាន​ឬ​យ៉ាងណា​។​

​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​មហាអំណាច​ទាំងពីរ និង​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​បំផុត​ទាំង​ពីរ​។​

​ប៉ុន្តែ​ចិន​បាន​ផ្អាក​ការពិភាក្សា​លើ​បញ្ហា​នេះ តិចជាង ១០០ ថ្ងៃ​មុន​ពេល​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​អន្តរជាតិ​ដ៏​សំខាន់ COP27​ដើម្បី​ជាការ​សងសឹក​របស់ខ្លួន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​​តំណាងរាស្ត្រ​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់​។​

​លោក ច​ន ឃើ​រី (John Kerry) ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក ដែល​បច្ចុប្បន្ន​ជា​អ្នកការទូត​អាកាសធាតុ​កំពូល​របស់​រដ្ឋបាលបៃដិ​ន បាន​និយាយថា​”​គ្មាន​ប្រទេស​ណាមួយ​គួរ​រារាំង​វឌ្ឍនភាព​​លើ​បញ្ហា​អត្ថិភាព​ពហុ​ជាតិ ដោយសារ​តែ​ការខ្វែងគំនិត​គ្នា​ទ្វេភាគី​នោះទេ​”​។​

​លោក​បាន​និយាយថា “​ការផ្អាក​កិច្ចសហប្រតិបត្តិការ​មិន​បាន​ដាក់​ទណ្ឌកម្ម​សហ​រដ្ឋ​អាម៉េរិក​ទេ វា​ដាក់ទណ្ឌកម្ម​ពិភពលោក ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​”​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បម្រែបម្រួល​អាកាសធាតុ​នៅតែ​ជា​ច្រក​បើកចំហ​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​បើទោះបីជា​ភាព​តានតឹង​បាន​កើន​ឡើង​លើ​បញ្ហា​​ផ្សេងទៀត​ដូចជា​សិទ្ធិមនុស្ស ពលកម្ម​ដោយ​បង្ខំ អធិបតេយ្យភាព​ហុងកុង តៃវ៉ាន់ និង​ពាណិជ្ជកម្ម​ក៏ដោយ​។​

​មន្ត្រី​អាម៉េរិក​និង​ចិន​បានចាប់ផ្តើម​បង្កើន​ការចូលរួម​លើ​បញ្ហា​អាកាសធាតុ​មុន​ពេល​ឈានទៅដល់​កិច្ចប្រជុំ​កំពូល COP27 របស់​អង្គការសហប្រជាជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​​ក្នុង​ខែវិច្ឆិកា​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​របស់​លោកស្រី​ផេ​ឡូ​ស៊ី​នៅ​សប្តាហ៍​នេះ​ទៅ​កាន់​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​បាន​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បា​និង​បាន​បង្ក​ឱ្យ​មាន​សមយុទ្ធ​យោធា​របស់​ចិន​​ក្នុង​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​នៅ​លើ​សមុទ្រ​និង​លើ​មេឃ​ជុំវិញ​កោះ​នេះ​។​

​ការចូលរួម​ទ្វេភាគី​ពី​មុន​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០១៥​ហើយ​បាន​បន្ត​ឱ្យ​មាន​ការចរចា​អាកាស​​ធាតុ​អន្តរជាតិ​នៅ​ទីក្រុង​ក្លាស​ហ្គោ (Glasgow) ក្នុង​ឆ្នាំ ២០២១​។​

​ក្រុមអ្នកវិភាគ​និយាយថា ជាមួយ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​ដ៏​សំខាន់​ជិត​មក​ដល់​និង​ប្រទេស​នានា​បាន​ដើរ​ថយ​ក្រោយ​ពី​ការសន្យា​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ទីក្រុង​ក្លាស​ហ្គោ ការខ្វះ​ការចូលរួម​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​អាច​រារាំង​ការចរចា​និង​មហិច្ឆតា​ខ្ពស់​ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​។​

​លោកស្រី បឺ​នីស លី (Bernice Lee) នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ធនធាន​ប្រកបដោយ​និរន្តរភាព​នៅ Chatham House បាន​និយាយថា​”​ការព្រួយបារម្ភ​គឺ​ថា​ភាព​តានតឹង​​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​ក្លាយ​ជា​លេស​សម្រាប់​ប្រទេស​ទាំងឡាយ​ដែល​គ្មាន​ឆន្ទៈ​ក្នុង​ការបង្កើន​ការប្រឹងប្រែង​”​។​

​លោកស្រី​បាន​និយាយថា “​វា​ពិតជា​មាន​សារៈសំខាន់​ដែល​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ងាយ​រងគ្រោះ បន្ត​ធ្វើ​ឱ្យ​ប្រាកដថា​អ្នក​បញ្ចេញ​ឧស្ម័ន​ធំៗ​បន្ត​ផ្តល់​អ្វី​​ដែល​ពួកគេ​បាន​សន្យា​”​។​

​លោក​ឃើ​រី បេសកជន​ពិសេស​របស់​សហរដ្ឋ​អាម៉េរិក​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុ តែងតែ​និយាយ​ជា​ដដែលៗ​ថា​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​ទុក​មួយ​ឡែក​នូវ​បម្រែបម្រួល​អាកាសធាតុ​​ជា​វិស័យ​សម្រាប់​ការពិភាក្សា​រួមគ្នា ដែល​ផ្តល់​សារៈសំខាន់​ជា​សកល ដោយ​មិន​មាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ស្មុគស្មាញ​ផ្សេងទៀត​។​

​លោក ថម វូដ​រូ​ហ្វ (Thom Woodroofe) អ្នក​សិក្សា​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី បាន​និយាយថា​”​ឥឡូវ​នេះ​ដោយ​អនុញ្ញាត​ឱ្យ​ភូមិសាស្ត្រ​នយោបាយ​ក្លាយជា​អ្នកសម្រេច​ជោគវាសនា​​លើ​អាកាសធាតុ វា​តំណាងឱ្យ​ការផ្លាស់ប្តូរ​វិធីសាស្ត្ររ​បស់​ទីក្រុង​ប៉េកាំង ពី​ការមើលឃើញ​គុណសម្បត្តិ​នៃ​ការអនុញ្ញាត​ឱ្យ​អាកាសធាតុ​ក្លាយជា​តំបន់​ឯករាជ្យ​នៅ​ក្នុង​ទំនាក់ទំនង ឱ្យ​ប្រែ​ទៅ​ជា​ចុះ​ញ៉ម​ចំពោះ​អ័ក្ស​ភូមិសាស្ត្រ​នយោបាយ​ទៅ​វិញ​”​។

​សម្ពាធ​ក្នុង​ស្រុក​អាច​បង្ខំ​ចិន​ឱ្យ​បន្ត​ដោះស្រាយ​ការបំភាយ​ឧស្ម័ន​មួយចំនួនរប​ស់​ខ្លួន បើទោះបីជា​មាន​ការប៉ះទង្គិច​ខាង​ការទូត​ក៏ដោយ​។ អ្នកវិភាគ​បាន​និយាយថា ឧទាហរណ៍​ជាក់ស្តែង​ចិន​អាច​នឹង​ជំរុញ​ផែនការ​កាត់បន្ថយ​ឧស្ម័ន​មេតាន​របស់ខ្លួន​។ ការបំភាយ​ឧស្ម័ន​មេតាន​ភាគច្រើន​គឺ​ចេញមក​ពី​អណ្តូងរ៉ែ​ធ្យូងថ្ម​នៅក្នុង​ប្រទេស​ផលិត​ដ៏​ធំ​នេះ​។​

​លោក ចូ​នណា ឡេវី​ស (Joanna Lewis) សាស្ត្រាចារ្យ​ផ្នែក​ថាមពល​និង​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​ច​ច​ថោ​ន (Georgetown) បាន​និយាយថា​”​មាន​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅពេល​នេះ​​ដោយ​អ្នក​បង្កើត​គោល​នយោបាយ​នៅក្នុង​ប្រទេស​ចិន​ដើម្បី​រៀបចំ​ផែនការ​ក្នុងស្រុក​ក្នុង​ការទប់ស្កាត់​ការបំភាយ​ឧស្ម័ន​មេតាន​។ ទោះបីជា​ការចូលរួម​ជា​អន្តរជាតិ​លើ​ប្រធានបទ​នេះ​ត្រូវ​ផ្អាក​ក៏ដោយ ក៏​សង្គ្រាម​ក្នុងស្រុក​លើ​មេតាន​នឹង​មិន​បញ្ឈប់​នោះទេ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុង​ការគ្រប់គ្រង​ការបំភាយ​ឧស្ម័ន​”​។​

​អ្នកសង្កេតការណ៍​ផ្សេងទៀត​និយាយថា ការផ្អាក​ការចរចា​អាច​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​ថា​សហរដ្ឋ​អាម៉េរិក​និង​ចិន​នឹង​នៅតែ​រួម​កម្លាំង​គ្នា​បើ​ទោះបីជា​ទំនាក់ទំនង​ប្រែប្រួល​ចុះឡើង​​ជាច្រើន​ឆ្នាំ​ក៏ដោយ​។​

​លោក អាល់​ដិន មេ​យើ (Alden Meyer) សហការី​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា E3G បាន​និយាយថា “​នេះ​តែងតែ​ជា​ទំនាក់ទំនង​ឡើង​ចុះ​អ៊ីចឹង​ហើយ​។ ខ្ញុំ​គិតថា​សំណួរ​នៅទីនេះ​គឺ​ថា​តើ​វា​ជា​វិធាន​​ការ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ព្យាយាម​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទីក្រុង​វ៉ាស៊ីនតោន ឬ ជា​ផ្នែក​មួយ​នៃ​ការកែសម្រួល​យុទ្ធសាស្ត្រ​រយៈពេល​វែង​និង​ធំ​ជាង​នេះ​ដោយ​ប្រទេស​ចិន​?”៕

ការដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​គឺជា​ផ្នែក​សំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​មហាអំណាច​ទាំងពីរ

Post navigation