ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៦ ខែធ្នូនេះ។ ក្រសួងអប់រំ បានប្រកាសថា ការប្រឡងបាក់ឌុប ២ថ្ងៃនេះ បានបញ្ចប់ដោយរលូន ទោះជាបេក្ខជនខ្លះ មានបញ្ហាសុខភាព។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ស្ថានភាពជារួមនៃការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃនេះ គឺមានសភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ។ ប្រឡង ២ថ្ងៃនេះ បេក្ខជនអវត្តមាន ២៤០០នាក់ ត្រូវជា ១,៨៧ភាគរយនៃបេក្ខជនសរុប។ បេក្ខជន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល មាន ៤ករណី និងសង្ស័យវិជ្ជមានកូវីដ ៤ករណី។ បេក្ខជន ដែលមិនអាចដំណើរការសំណេរ ដោយសារបញ្ហាសុខភាព មាន ៣ករណី។ រីឯគណៈមេប្រយោគ មានបញ្ហាសុខភាព ចំនួន ១៤នាក់ ហើយក្នុងនោះ ម្នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងអប់រំ បានបន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួង។ ក្នុងនោះ ទោះបីនៅតាមខេត្តមួយចំនួន មានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជន បានគោរពបទប្បញត្តិនៃការប្រឡងបានយ៉ាងល្អ។ តែមានបេក្ខជនប្រព្រឹត្តកំហុសឆ្គង ចំនួន ១ករណី។
ជារួម ក្រសួងអប់រំ បញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។
ការប្រឡងបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជិត ១៣ម៉ឺននាក់។ លទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕