Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការរំលោភ​ផ្លូវភេទ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ត្រូវ​ចាត់​ជា​បទឧក្រិដ្ឋ​នៅ​ទូទាំង​អាស៊ាន

ការរំលោភផ្លូវភេទក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍​ គឺជាហិង្សាផ្លូវ​ភេទ​​ទៅ​​លើ​​ស្ត្រី​​ដែល​​ជា​​ភរិយា​ដោយ​មិន​មាន​ការ​​ព្រម​​​ព្រៀង​​​ពី​​នាង ហើយ​​បញ្ហា​​នេះ​​ កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់ ដោយសារគំនាប​វប្បធម៌ និងភាព​ពុំ​ច្បាស់​លាស់​​នៃ​​និយម​ន័យ​​ផ្លូវ​ច្បាប់។

ប៉ុន្តែ​មាន​​តែ​ប្រទេស​មួយ​​ចំនួន​​ប៉ុណ្ណោះ​​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​កំណត់​​ការ​រំលោភបំពាន​នេះ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​របស់​ខ្លួន។

មួយភាគបីនៃស្ត្រីជា​ដៃគូ​នៅ​អាស៊ី​អាគ្នេយ៍ដែល​មានអា​យុច​ន្លោះពី​ ១៥ឆ្នាំ ទៅ​ ៤៩​ឆ្នាំ នឹង​ជួបប្រទះ​អំពើ​ហិង្សា​ផ្លូវ​កាយ និង​/ឬផ្លូវភេ​ទ​ ពី​ដៃ​គូ​បច្ចុប្បន្ន ឬអតីត​ដៃ​គូ យ៉ាង​ហោច​ណាស់​ម្តង​ក្នុងជីវិត​របស់​ពួក​គេ។ នេះបើយោងតាមទិន្នន័យ​ពីអង្គការសុខភាពពិភពលោក ឆ្នាំ២០២១។​

ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍នេះ ត្រូវបានគេមើលរំលង​ក្នុង​ប្រទេស​​មួយ​ចំនួ​ន​នៃ​​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ពីព្រោះតាមប្រពៃណី ទង្វើនេះ​មិន​ត្រូវ​​បានចាត់​ទុក​​​ថាជា​​បទ​ឧក្រិដ្ឋ​នោះ​ទេ ហើយ​បទ​ដ្ឋាន​​សង្គម​​​នៅទូទាំង​តំបន់អាស៊ីអាគ្នេយ៍​ ​មិន​បានចាត់​ទុក​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​ទំនាក់​ទំនង​​នៃ​​ភាព​​​ជា​​ប្តី​ប្រពន្ធ​​ថា​ជា​បទ​ល្មើស ឬ​ជា​ការ​រំលោភ​សិទ្ធិ​​ស្ត្រី​នោះ​ទេ។ ​ប្រទេស​​ចំនួន​៥ ក្នុង​​ចំណោម​​១០​ប្រទេស​របស់​អាស៊ាន រួមទាំង​ប្រទេស​កម្ពុជាផ​ងដែរ ការរំលោភផ្លូវភេទ​ក្នុង​ទំនាក់ទំនង​ប្ដីប្រពន្ធ​​ ​នៅតែស្ថិត​ក្រោម​ភាពមិនច្បាស់លាស់ផ្នែក​ច្បាប់ និងក្នុងបទដ្ឋានគតិយុត្ត។

ជាការ​ពិត​ណាស់ ​ដើម្បី​ការ​ពារ​​សិទ្ធិ​ស្ត្រី​ដែលភាគច្រើនជាជនរងគ្រោះ ការរំលោភ​បំពាននេះមិន​​គួរត្រូវ​បាន​អត់ឱន​ឡើយ។ ទង្វើនេះគួរ​ត្រូវ​ចាត់​ទុក​ថា​ ជាបទឧក្រិដ្ឋដែល​ត្រូវប្រឈម​នឹង​ការ​ផ្តន្ទាទោ​ស​ព្រហ្ម​ទណ្ឌ។ អាស៊ានដែលជាសមាគមថ្នាក់តំបន់​ គួរ​យក​បញ្ហា​នេះធ្វើ​ជា​ប្រធាន​បទ​​អាទិភាព​​សម្រាប់​​ទាំង​​កិច្ច​សន្ទនា និង​សកម្មភាព​ជាក់ស្តែងរួមគ្នា។

ច្បាប់ ការយល់ឃើញ និង​ជំនឿលើការរំលោភផ្លូវភេទ​ក្នុង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍

នៅពេលនិយាយដល់ច្បាប់​ដែល​ទាក់​ទង​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍ មាន​ការ​យល់​ឃើញ និង​ចែង​ខុសៗ​គ្នា​នៅ​ទូទាំង​អាស៊ាន។

ប្រទេសមួយចំនួន​ដែល​នាំមុខ ដូចជា ឡាវ ហ្វីលីពីន វៀត​ណាម និ​ង​ថៃ បាន​ចែង​យ៉ាងច្បាស់​ថា​ ការ​រំលោភ​ផ្លូវភេទ​ក្នុង​ទំនាក់ទំនងគូ​ស្នេហ៍​ស្រប​​ច្បាប់នេះ ជាបទឧក្រិដ្ឋនៅក្នុងក្រមច្បាប់របស់​ពួក​គេ។

កាលពីខែមេសា ឆ្នាំ២០២២ បន្ទាប់ពី​ចំណាយពេ​ល១០​ឆ្នាំ​​ក្នុងការពិភាក្សា ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្រេច​ដាក់​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុងទំ​នាក់​ទំនង​អាពាហ៍ពិពាហ៍ ថាជាការប្រព្រឹត្តបទ​ឧក្រិដ្ឋ​ក្នុងច្បាប់ស្ដីពីអំពើហិង្សាផ្លូវភេទ។

ក្នុងពេលជាមួយគ្នានេះ ក្រមច្បាប់នៃប្រទេសមួយចំនួនទៀត ដូចជា ម៉ាឡេស៊ី ប្រ៊ុយណេ និងមីយ៉ាន់ម៉ា បានបដិសេធយ៉ាង​ដាច់​អហង្ការ​​ចំពោះការកំណត់ជាបទឧក្រិដ្ឋ និងដាក់ទោស​ទង្វើនៃ​ការរួមភេទដោយពុំមានការព្រមព្រៀងគ្នារវាងប្តីនិងប្រពន្ធនេះ ​ពី​ព្រោះ​ប្រទេស​សមា​ជិក​អាស៊ា​​នទាំង​នេះមិន​ចាត់ទុក​ទង្វើនេះ​​ថា​ជាការរំលោភផ្លូវភេទទេ។

នៅប្រទេសមីយ៉ាន់ម៉ា ការរំលោភផ្លូវភេទ​ក្នុង​​ទំនាក់​ទំន​ង​​​ប្តី​ប្រពន្ធ អាច​កើត​មាន​ឡើង​តែ​ក្នុង​ករណី​ដែល​ប្រពន្ធ​មាន​អាយុ​ក្រោម១៣​ឆ្នាំ​ប៉ុណ្ណោះ ​ហើយប្រទេសប្រ៊ុយណេ បាន​ចែងដូច​គ្នា​នេះសម្រាប់​​តែករណី​ប្រពន្ធ​អាយុក្រោម១៤ឆ្នាំ។

ក្នុងឆ្នាំ​២០១៣ នៅប្រទេសម៉ាឡេស៊ី ការិយាល័យនាយករដ្ឋមន្ត្រីបានស​ម្រេច​ចិត្ត​មិន​ទទួលស្គាល់​​ការរំលោភ​ផ្លូវភេទ​ក្នុង​​ចំណង​អាពាហ៍ពិពាហ៍ ដោយពន្យល់ថា គំនិតនេះផ្ទុយនឹងច្បាប់ Syariah (ច្បាប់សាសនានៃប្រពៃណីអ៊ីស្លាម) និង​ជំនឿ​​​សាសនា​​របស់​​ពួ​ក​គេ។ កាលពីឆ្នាំ២០១៨ ទេស​រដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mohamed Hanipa Maidin បានប្រាប់សភាថា រដ្ឋាភិបាល​​មិនមាន​​គម្រោង​ដាក់​ការរួមភេទ​ដោយពុំមានការព្រមព្រៀងគ្នា រវាងប្តីប្រពន្ធ​ជាបទឧក្រិដ្ឋនោះ​ទេ ដោយ​ហេតុ​ថា ទង្វើនេះមានការ​ពិបាក​ក្នុងការបញ្ជាក់នៅក្នុងតុលាការ។

នៅ​ក្នុង​ប្រទេស​អាស៊ាន​​ផ្សេង​​ទៀត ការរំលោភផ្លូវភេទក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ មិន​​បាន​ចែង​ច្បាស់លាល់​ក្នុង​​ច្បា​ប់​ទេ។

នៅប្រទេសសិង្ហបុរី អភ័យឯកសិទ្ធិ (immunity) ក្នុងការរំលោភបំពានក្នុងទំនាក់ទំនងអាពាហ៍​ពិពាហ៍​ ​ត្រូវបានដកចេញ​ក្នុង​រយៈ​ពេល២ឆ្នាំ​ចុងក្រោយនេះប៉ុណ្ណោះ ហើយនាពេលបច្ចុប្បន្ន ច្បាប់​ក្នុងប្រទេស​នេះនៅតែមិនបង្ហាញឱ្យច្បាស់​ថា ការ​រំលោភ​ផ្លូវ​ភេទក្នុងទំនាក់​ទំនងអាពាហ៍​ពិពាហ៍​ជាអំពើ​ខុស​ច្បាប់ ដែ​ល​នេះ​ជា​កត្តាធ្វើឱ្យ​​ជនរងគ្រោះនៅស្ងៀម មិនធ្វើការ​ប្ដឹង និង​មិន​ទទួល​​បានយុត្តិធម៌។ នាពេលអនាគត ខណៈពេលដែលប្រទេសសិង្ហបុរី អាចជំរុញការដាក់ទណ្ឌកម្មលើការរំលោភនេះ អ្នកជំនាញនិយាយថា ឧបសគ្គពិតប្រាកដកំពុងត្រូវបានពិភាក្សា។

លោក Pratap Kishan នាយកក្រុមហ៊ុនផ្ដល់សេវាកម្មផ្លូវ​ច្បាប់ Kishan Law Chambers LLC នៅប្រទេសសិង្ហបុរី ចោទ​ជា​សំណួរ​​ថា បើមា​ន​ការ​ដាក់​ទោសជនដែល​ប្រព្រឹត្តទង្វើ​រំលោភបំពាន​នេះ ​តើប្តីឬប្រពន្ធ​ដែល​​ជាជនរងគ្រោះនៃ​ការ​បំពាន​ ​នឹងចេញ​មុខ​មក​ធ្វើការ​ចោទ​ប្រកាន់​ដែរ​ឬ​ទេ?

ដូច​គ្នា​នេះ​ដែរ នៅ​​ប្រទេស​កម្ពុជា ក្រម​ច្បាប់​​​មិន​បានចែង​ជាក់លាក់​​អំពី​ការរំលោភផ្លូវភេទក្នុង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍​​ទេ។ ក្នុង​ច្បាប់​របស់​កម្ពុជា​ ស្តីពី ការទប់ស្កាត់អំពើ​ហិង្សា​ក្នុងគ្រួសារ និង​ការ​ការ​ពារ​ជនរងគ្រោះ​ មានការប្រើពាក្យពេចន៍​​មិន​​ច្បាស់​​លាស់ ទាក់ទងនឹងគោលគំនិត​នៃកា​រ​រំលោភ​បំពាន ដូចជា និយមន័យនៃអំពើហិង្សាក្នុងគ្រួសារ និង​ការរំលោភផ្លូវ​​ភេទក្នុង​​ទំនាក់​​ទំនង​ប្តីប្រពន្ធ​ ជាដើម។

នៅក្នុងមាត្រា​៣ និង​៧ នៃច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុងគ្រួសារ និង​ការ​ការ​ពារ​ជន​រង​គ្រោះ ទទួល​ស្គាល់​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​ទំនាក់​ទំនងអាពាហ៍​ពិពាហ៍​ថា​ជាអំពើ​ដែល​ប្រព្រឹត្ត​តាម​រយៈ “ការ​ឈ្លាន​ពាន​ផ្លូវ​ភេទ” ដោយ​​​ប្រើ​​អំពើ​ហិង្សា។ ច្បាប់នេះ​បញ្ជាក់​ថា “ការរួមភេទដោយហិង្សា” ជា​ធាតុ​ផ្សំ​នៃ “ការបំពានផ្លូវភេទ” ប៉ុន្តែមិនមាននិយមន័យ​​ច្បាស់​​លាស់​ពី “ការរួមភេទដោយហិង្សា” នោះទេ។ ច្បាប់នេះក៏មិន​មាន​ចែង​ពី “បញ្ហា​ទាក់​ទង​នឹង​ការ​យល់​ព្រម ​​(consent)” ដែល​ជា​ចំណុច​សំខាន់​នៃ​ការ​រំលោភ​ផ្លូវ​ភេទក្នុង​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍​នោះ​ដែរ។

ដោយសារតែនិយមន័យមិនច្បាស់លាស់ទាំងនេះហើយ ដែលបណ្ដាលឱ្យ​​ជនល្មើស​ភាគច្រើន​មិន​ត្រូវ​បាន​ផ្តន្ទា​ទោស ឬ​ត្រូវ​​បាន​​ចោទ​ប្រកាន់​ពី​បទល្មើស​ផ្សេង​ទៅ​វិញ ជាក់​ស្តែង​ដូច​ជា បទ​ល្មើស​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ព្រោះតា​ម​ទំនៀម​​ទម្លាប់ អំពើ​​ហិង្សា​​ក្នុ​ង​​គ្រួសារមាន​លក្ខណៈ​ដែល​អាច​ទទួល​យក​បាន​ថា​ជាបទឧក្រិដ្ឋដែលប្រព្រឹត្តដោយប្តីទៅលើប្រពន្ធ។

Inala Fathimath ទីប្រឹក្សារបស់​អង្គការ​សហប្រជា​ជាតិ​សម្រាប់​ស្ត្រី (UN Women) យល់​ស្រប​នឹង​បញ្ហា​នេះ និង​​លើក​​ឡើង​ថា៖ «ភាគច្រើនប្រសិន​បើករណីអំពើហិង្សាផ្លូវភេទកើត​ឡើង​នៅក្នុង​ផ្ទះ នោះវានឹង​ក្លាយជា​ករណី​អំពើ​ហិង្សា​ក្នុងគ្រួសារ»។

នៅទូទាំងតំបន់ បើទោះបីជា​នៅ​​ក្នុង​​បណ្ដា​ប្រទេស​ដែល​​​ការ​រំលោភផ្លូវភេទក្នុង​ចំណង​អាពាហ៍​ពិពាហ៍​នេះ ​ត្រូវបានចែងយ៉ាង​ច្បាស់​ថា​ជាបទឧក្រិដ្ឋនៅក្នុងក្រមច្បាប់ក៏ដោយ ក៏បទ​ដ្ឋានសង្គម​នៅតែចាត់​ទុក​ការរំលោភផ្លូវភេទរវាងប្តីប្រពន្ធថាមិនអាចទៅរួច ដែល​នេះបានក្លាយជាឧបសគ្គដ៏ធំចំពោះការអនុវត្តច្បាប់។

មេធាវី Rena Herdiyani អនុប្រធានអង្គការ Kalyanamitra ដែលជាអង្គការសិទ្ធិស្ត្រីនៃប្រទេសឥណ្ឌូនេស៊ី បានលើកឡើង​ពីការ​យល់ឃើញរបស់សង្គមថា៖ «អ្នកអនុវត្តច្បាប់ និងសង្គម គិតថា​វាជាតួនាទី​របស់ស្ត្រីក្នុងការបំពេញ​តម្រូវការផ្លូវភេទ​របស់​ស្វាមី»។

ការសិក្សាថ្មីមួយ ស្តីពី បទពិសោធផ្លូវភេទក្នុងចំណងអាពាហ៍​ពិពាហ៍ នៅក្នុង​ស្រុក​មួយ​នៃខេត្តកំពង់​ស្ពឺ ប្រទេស​កម្ពុជា បាន​​សម្ភាសស្ត្រីដែលរៀបការហើយចំនួន១១នាក់។ ស្រ្តីទាំងនោះ​បានរាយការណ៍​ថា​ បានជួប​ប្រទះនូវ​ការរួមភេទ​ដែលមិន​ចង់​​បាន (unwanted sex)​ នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេ។ បទពិសោធទាំងនោះ រួម​មាន ការ​រួម​ភេទដោយ​​បង្ខំ ការ​រួមភេទដោយមា​នស​ម្ពាធ​ដើម្បីបំពេញចំណង់របស់ស្វាមី និងការរួមភេទដើម្បីបំពេញកាតព្វកិច្ចជាភរិយា (ឆន្ទៈក្នុងការយល់​ព្រម​ចំពោះការរួមភេទដែលមិនចង់បាន ទោះ​បី​ជាខ្វះ​ចំណង់​ផ្លូវភេទ​ក៏ដោយ ដោយសា​រ​បទដ្ឋាន​​សង្គម និង​វប្បធម៌ យល់​ថា ​ប្រពន្ធ​​​ត្រូវ​បម្រើផ្លូវភេទ​របស់​ស្វាមី)។

ចំណែក​ឯតាមបទដ្ឋាន​វប្បធម៌ និងសង្គមនៅប្រទេសម៉ាឡេស៊ីវិញ ស្ត្រីត្រូវរក្សាភាពស្ងៀមស្ងាត់ និងលាក់បាំង​ពីបទពិសោធ​ផ្លូវភេទទាំងអស់នេះ ហើយប្រសិនបើសហគមន៍របស់ពួកគេបានដឹង ពួកគេនឹងទទួលភាពអាម៉ាស់។

​បើយោងទៅតាមហេតុផលនៃការគោរពសិទ្ធិមនុស្ស ទោះក្នុងបទដ្ឋាន​​ប្រពៃណី សង្គម ទស្សនៈ ឬជំនឿសាសនាបែបណាក៏ដោយ “ការរួមភេទដែលមិនមានការព្រមព្រៀងគ្នា” ទោះក្នុងទម្រង់ណាមួយ មិនគួរត្រូវបានអត់ឱនឡើយ។

ហេតុ​អ្វី​បាន​ជា​ប្រទេស​អាស៊ាន​ទាំង​អស់​​គួរ​ដាក់​ទោស​លើទង្វើរំលោភផ្លូវភេទក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍?

ការដាក់​ទោស​លើទង្វើនេះ នឹង​ជួយ​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិស្ត្រីនៅទូទាំងតំបន់អាស៊ាន ជាពិសេសសិទ្ធិរបស់​​ស្ត្រី​​ចំពោះ​ស្វ័យ​ភាព​បុគ្គល​លើ​រាង​កាយ​របស់​ពួក​គេ និង​សុខុមាលភាពផ្ទាល់​ខ្លួន​របស់​ពួក​គេ។

ការចាត់ទុកការ​រំលោភ​ផ្លូវភេទ​ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ជាបទល្មើសព្រហ្មទណ្ឌ នឹងជួយ​ឱ្យ​ប្រទេស​អាស៊ាន​រក្សា​គោល​ដៅ និង​​​បំពេញ​កាតព្វកិច្ច​ ដូចមានចែងក្នុងសេចក្តីប្រកាសស្តីពី​ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ ក្នុងអាស៊ាន ដែលត្រូវ​បាន​អនុម័ត​កាលពីខែមិថុនា ឆ្នាំ២០០៤ និងធ្វើឱ្យប្រទេសសមាជិកទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងដែលពង្រឹង អនុម័ត ឬធ្វើវិសោធនកម្មច្បាប់ជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី។

ការសិក្សាថ្មីមួយ​ក្នុង​ឆ្នាំ​២០២២ ស្តី​ពី ការ​រំលោភផ្លូវភេទក្នុងទំនាក់ទំនង​អាពាហ៍​ពិពាហ៍ និងផល​ប៉ះពាល់​របស់​វា​នៅទូទាំង​ប្រទេស​ឥណ្ឌា និងអាស៊ីអាគ្នេយ៍ បានបង្ហាញថា ស្ត្រីដែលជាជន​រងគ្រោះនៃការរំលោភបែបនេះ ​បានទទួលរង​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ក្នុង​នោះរួម​មាន ជន​រងគ្រោះ​៧នាក់ ​ក្នុងចំណោម៨នាក់ កើតជំងឺ​បាក់​ទឹក​ចិត្ត និង​ជនរងគ្រោះម្នាក់​​ក្នុងចំណោម​៣នាក់​ កើតជំងឺ​ស្ត្រេស។ ក្រៅ​ពីនោះ​ មាន​ផលវិបាកខាងរាងកាយផ្សេងទៀត ដូចជា ការ​រលូតកូន សុខ​ភាព​ទារក​មិន​ល្អ ការ​ឆ្លង​​មេរោគ​​អេដស៍ និងការកើនឡើងអត្រាធ្វើអត្តឃាត។

ទោះបី​មាន​ការបង្ហាញពីផលអវិជ្ជមានក៏ដោយ អំពើហិង្សា និងផលវិបាកនៃការរំលោភផ្លូវភេទក្នុងទំនាក់ទំនង​អាពាហ៍​ពិពាហ៍ ត្រូវ​បាន​សាធារណជន និង​អ្នក​បង្កើត​គោលនយោបាយ ​មិនអើ​ពើ និង​មើល​រំលង។ មិន​ត្រឹម​តែ​មិន​បាន​ការយកចិត្តទុកដាក់ក្នុង​ការ​រក​ដំណោះ​ស្រាយ និង​ចាត់​វិធាន​ការ​ទេ ផ្ទុយទៅវិញ ការពិភាក្សាអំពីបញ្ហាសំខាន់នេះត្រូវបាន​ច្រាន​ចោល​ជា​ញឹក​ញាប់ ​​ដោយ​ហេតុសង្គមយល់ថាមានភាពមិនសមរម្យក្នុងការនិយាយ ឬ​ពិភាក្សា​ពី​បញ្ហា​ផ្លូវ​ភេទ។

លោក Pratap Kishan ក៏បានលើកឡើងដែរថា៖ «ស្ត្រីមានការស្ទាក់ស្ទើរក្នុងការរាយការណ៍អំពីបញ្ហាបែបនេះ ពីព្រោះពួកគេ​មាន​អារម្មណ៍ថាវាជារឿងនៅក្នុងគ្រួសារ ហើយពួកគេគួរតែ​លាក់​បាំង​វា»។

ដោយមើលឃើញពីឧបសគ្គទាំងនេះហើយ ទើបតម្រូវឱ្យ​មាន​​សកម្មភាព​​ជា​​ឯកច្ឆន្ទ​ពី​ទូទាំង​សមា​ជិក​​អាស៊ាន​​លើ​​បញ្ហា​​នេះ។ ប្រសិន​បើច្បាប់រដ្ឋសមាជិកអាស៊ានទាំងអស់កំណត់យ៉ាង​ច្បាស់​អំពីឧក្រិដ្ឋកម្មនៃ​ការ​រំលោភ​ផ្លូវ​ភេទក្នុងទំនាក់​ទំនង​អាពាហ៍ពិពាហ៍ នោះ​អ្នកតស៊ូមតិក្នុងតំបន់អាចបន្តធ្វើការងារ ដែលនឹងតម្រូវឱ្យថ្នាក់តំបន់ទាំងមូលយល់ដឹង និងដោះស្រាយពី​បញ្ហា​បទដ្ឋាន​សង្គមដែលរារាំងដល់ការអនុវត្តច្បាប់ដូចដែលបានលើកឡើងពីខាងលើ។

បន្ថែមលើនេះ នៅពេលគ្មានការពិភាក្សាដោយបើកចំហលើបញ្ហារំលោភផ្លូវភេទរវាងប្តីប្រពន្ធ កង្វះទិន្នន័យជុំវិញបញ្ហានេះក៏​ជាកត្តារារាំង​ដល់​ការអនុវត្តច្បាប់​ផងដែ​រ។ អង្គការសុខភាពពិភព​លោក បាន​បង្ហាញ​ថា ដោយ​សារ​តែ​ភាព​រសើប​នៃ​បញ្ហា​នេះ ស្ថិតិ​ទូទៅ​ស្តីពីការរំលោភ​ផ្លូវភេទ​ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ពិបាកនឹងធ្វើការ​ស្រង់​យក។ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ការ​ប្រមូល​ទិន្នន័យកាន់តែពិបាក ហេតុផល​គឺមិនត្រឹមតែដោយសារ​វា​​មិ​ន​មែន​ជា​បទ​ល្មើស​​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ដោយសារ​តែប្រទេសភាគច្រើននៅប្រកាន់​ខ្ជាប់​នូវ​ផ្នត់​គំនិតបុរស​និយម (patriarchal mindset)។

តើអ្វីដែលអាស៊ានអាចធ្វើបាន?

ដើម្បីផ្តល់អំណាចដល់ស្ត្រី និងពង្រឹងសមត្ថភាពក្នុងការទាមទារសិទ្ធិរបស់ពួកគេ បញ្ហានៃដាក់ការរំលោភផ្លូវភេទក្នុងទំនាក់​ទំនង​​​អាពាហ៍​ពិពាហ៍​​ជាបទឧក្រិដ្ឋ និងការអនុវត្តច្បាប់ គួរតែត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅឆ្នាំក្រោយ​។ សហគមន៍អាស៊ានគួរតែប្រើអំណាចរួមរបស់ខ្លួនក្នុងការធានាថា រដ្ឋាភិបាលនៃប្រទេសជាសមាជិកបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម​សេចក្តីប្រកាសស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រីនៅក្នុងអាស៊ាន រួមទាំងការមាន​ច្បាប់ជាក់លាក់​ក្នុងការហាម​ប្រាម​ទង្វើ​នេះ។ ច្បាប់​ក៏គួរតែកំណត់ធាតុនៃ “ការយល់ព្រម ​(consent)” ជាចំណុចសំខាន់ដែលទាមទារដើម្បីវាយ​តម្លៃយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ អំពី​បទឧក្រិដ្ឋនៃការរំលោភផ្លូវ​ភេទក្នុង​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍។

ការអនុវត្តច្បាប់ទាក់ទង​នឹងការដាក់ទណ្ឌកម្មលើអំពើបទឧក្រិដ្ឋនៃការរំលោភផ្លូវ​ភេទក្នុង​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍ គួរ​តែត្រូវបាន​ចែក​រំលែក​ក្នុង​ចំណោម​បណ្ដា​​ប្រទេស​​ក្នុង​​តំបន់​​អាស៊ាន ដើម្បី​​ជា​គំរូ​សម្រាប់​ប្រទេស​ដែល​មិន​ទាន់​ចាត់​វិធានការចាំបាច់ ក្នុងការឆ្លើយតបនឹងបញ្ហានេះ។ ការ​ចែក​រំលែក​ឧទាហរណ៍ និង​ការ​អនុវត្ត​​ល្អៗទាំង​នេះ នឹង​ក្លាយ​ជាការលើកទឹកចិត្តដល់ជនរងគ្រោះនៃការរំលោភបំពាន ក្នុង​ការរាយការណ៍ និងទាមទាររកយុត្តិធម៌ជូនខ្លួនឯងផងដែរ​។

ដើម្បីបង្កើនការគាំទ្រចំពោះការសម្រេចដាក់ទង្វើនៃការការរំលោភផ្លូវភេទក្នុងទំនាក់​ទំនងអាពាហ៍​ពិពាហ៍​ថា​ជាបទឧក្រិដ្ឋ ចាំ​បាច់​​​ត្រូវមានការផ្លាស់ប្តូរការយល់ឃើញជាសាធារណៈអំពីការរំលោភ​ផ្លូវភេទនៃ​ចំណងស្វាមីភរិយា ដោយប្រើយុទ្ធនា​ការ​ផ្សព្វ​ផ្សាយការយល់ដឹង​ជា​សាធារណៈរបស់រដ្ឋាភិបាល ដើម្បីប្រឆាំងបទដ្ឋានប្រពៃណី និងជំនឿ​មិនត្រឹមត្រូវ​ ដែល​​ធ្វើការ​​ស្តី​បន្ទោស​​​លើ​ជន​រងគ្រោះ ក៏ដូចជាដើម្បីបង្កើតការឆ្លើយតបប្រកបដោយការលើកទឹកចិត្ត​បន្ថែមទៀត​សម្រាប់ស្ត្រី​ដែល​ទទួល​រង​គ្រោះ។

វាមិនត្រឹមតែជាកាតព្វកិច្ចរបស់ស្ត្រីក្នុងការការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទំនួលខុសត្រូវរួមរបស់​សង្គម និងរបស់​រដ្ឋាភិបាល​ទូទាំង​តំបន់​នេះ​ផង​ដែរ ក្នុង​ការ​ផ្តល់​ឱ្យ​ស្ត្រីទាំ​ង​អស់​នូវបរិយា​កាស​សុវត្ថិ​ភាព ដោយ​មិន​គិត​ពី​អាយុ សញ្ជាតិ សាសនា និង​ស្ថានភាព​អាពាហ៍ពិពាហ៍​ (marital status) របស់ពួកគេ៕

ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការ​វេទិកា​អនាគត​ | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

អត្ថបទជាភាសាអង់គ្លេស៖ Marital rape must be a crime across ASEAN