Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការសិក្សា ៖ គ្មាន​មេរោគ​បំប្លែង​ថ្មី​ជាច្រើន​សប្តាហ៍ ក្រោយ​ចិន​បញ្ចប់​នយោបាយ​កូ​វីដ​សូន្យ​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មិន​មាន​មេ​រោគកូ​វីដ​បំប្លែង​ថ្មី​លេចឡើង​នៅ​ទីក្រុង​ប៉េកាំង​ជាច្រើន​សប្តាហ៍​បន្ទាប់ពី​ចិន​បាន​បញ្ចប់​គោល​ន​យោ​​បាយកូ​វីដ​សូន្យ​កាលពី​ចុងឆ្នាំ​មុន​។​

​ចិន​បាន​ឃើញ​ការផ្ទុះ​ករណី​ឆ្លង​បន្ទាប់ពី​បានចាប់ផ្តើម​ដកចេញ​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​តាំងពី​ដើម​ខែ​ធ្នូ ដែល​បង្ក​ឱ្យ​មាន​ការបា​រម្ភថា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​​ជាង​គេ​លើ​ពិភពលោក​នេះ​អាច​ក្លាយជា​កន្លែង​បង្កាត់​ពូជ​សម្រាប់​ប្រភេទ​មេរោគ​បំប្លែង​ថ្មី ដែល​អាច​ឆ្លង​ខ្លាំងក្លា​ឬ​ធ្ងន់ធ្ងរ​។​

​ប្រទេស​ជាង​ដប់​បាន​ដាក់ចេញ​ការ​រឹតបន្តឹង​ថ្មីៗ​លើ​អ្នកដំណើរ​ពី​ប្រទេស​ចិន​ភ្លាមៗ ដោយ​លើកឡើង​ពី​កង្វះ​តម្លាភាព​អំពី​ទំហំ​នៃ​ការផ្ទុះ​មេរោគ ជា​ហេតុ​បង្ក​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹងសម្បា​ជាខ្លាំង​។​

​ប៉ុន្តែ​ការសិក្សា​ថ្មី​របស់​អ្នកស្រាវជ្រាវ​ជនជាតិ​ចិន​ដែល​បាន​វិភាគ​សំណាក​ចំនួន ៤១៣ ពី​ទីក្រុង​ប៉េកាំង​ដែល​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី ១៤ ខែវិច្ឆិកា​ដល់​ថ្ងៃទី ២០ ខែ​ធ្នូ​បាន​ឱ្យដឹងថា​”​មិន​មាន​ភស្តុតាង​ណា​​មួយ​ថា មេរោគ​បំប្លែង​ថ្មី​បាន​លេចឡើង​” ក្នុងអំឡុងពេល​នោះទេ​។​

​ផ្ទុយទៅវិញ ជាង ៩០ ភាគរយ​នៃ​ករណី​ឆ្លង​គឺជា​មេរោគ​បំប្លែង​ប្រភេទ BF.7 និង BA5.2​ជា​អនុ​មេរោគ​អូ​មី​ក្រុង ដែល​មាន​វត្តមាន​រួចហើយ​នៅក្នុង​ប្រទេស​ចិន​និង​ត្រូវបាន​វ៉ា​ដាច់​ដោយ​ប្រភេទ​អនុ​​មេរោគ​បំប្លែង​ដែល​ឆ្លង​ខ្លាំង​ជាង​នេះ​នៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច​។​

BF.7 មាន​ចំនួន​បី​ភាគ​បួន​នៃ​សំណាក ខណៈ​ជាង ១៥ ភាគរយ​គឺ BA5.2 នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី The Lancet ។​

​មីក្រូ​ជីវ​វិទូ លោក ច​ច កៅ (George Gao) ជា​អ្នកដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចិន​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​ការវិភាគ​របស់​​យើង​បង្ហាញថា អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង​ចំនួន​ពីរ ដែល​មិនមែន​ជា​មេរោគ​បំប្លែង​ថ្មី គឺ​ទទួលខុសត្រូវ​ភាគ​ច្រើន​ចំពោះ​ការកើនឡើង​ករណី​ឆ្លង​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ហើយ​ទំនង​​ជា​ប្រទេស​ចិន​ទាំងមូល​”​។​

​លោក វូ​ហ្វ​ហ្គាង ព្រី​សឺ (Wolfgang Preiser) និង​លោក តុង​ហ្គាយ ម៉ា​ពុន​ហ្គា (Tongai Maponga) អ្នកឯកទេស​ខាង​មេរោគ​នៅ​សាកលវិទ្យាល័យ Stellenbosch​នៃ​ប្រទេស​អាហ្វ្រិក​​ខាងត្បូង ដែល​មិន​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​នេះ បាន​ព្រមាន​ថា វា​គ្របដណ្តប់​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ចិន​បាន​ដក​វិធានការកូ​វីដ​សូន្យ​របស់ខ្លួន​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​ផ្នែក​អត្ថាធិប្បាយ​របស់​ទស្សនា​វ​ដ្តី Lancet​ថា “​ប្រសិនបើ​មាន​ពូជ​មេរោគ​បំប្លែង​ថ្មី​លេចឡើង​ក្នុង​ដំណាក់កាល​នៃ​ការផ្ទុះ​មេរោគ​ការសិក្សា​នេះ​ប្រហែល​ជា​ឆាប់​ពេក​ក្នុង​​ការស្វែងរក​ពួកវា​”​។​

​ពួកគេ​បាន​បន្ថែមថា ចិន​ក៏​បាន​កាត់បន្ថយ​ការ​ធ្វើតេស្តិ៍​របស់ខ្លួន​យ៉ាងខ្លាំង​ផង​ដែរ ដោយ​អាច​ប៉ះពាល់​ដល់​លទ្ធផល ដែល​គ្របដណ្តប់​តែ​ទីក្រុង​ប៉េកាំង និង​មិនមែន​ប្រទេស​ចិន​ទាំងមូល​។​

​ទោះយ៉ាងណា អ្នកជំនាញ​ខាង​មេរោគ​ទាំងពីរ​បាន​ស្វាគមន៍​ចំពោះ “​ទិន្នន័យ​ដែល​ត្រូវការ​ចាំបាច់​បំផុត​ពី​ចិន​”៕

ក្រោយ​ចិន​ដក​ការ​រឹតបន្តឹង​កាលពី​ខែ​ធ្នូ ប្រទេស​ជាច្រើន​បារម្ភ​ថា ចិន​នឹង​ក្លាយជា​កន្លែង​បង្កាត់​ពូជ​របស់​មេរោគ​បំប្លែង​ថ្មីៗ

Post navigation