Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការដាំដុះស្រូវប្រាំង ឆ្នាំនេះ មានសន្ទុះយឺត ដោយសារភ្លៀងច្រើន

Views: 2

ដោយៈប.ខុន / ភ្នំពេញៈ ការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២២-២០២៣ មានសន្ទុះយឺត  បើធៀបរយៈពេលដូចគ្នា ទៅការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២១-២០២២ ដោយសារមានភ្លៀងច្រើន នៅចុងរដូវវស្សា រំខានដល់ការភ្ជួររាស់ ដោយខេត្តខ្លះ នៅមិនទាន់ចាប់ផ្តើមបាននៅឡើយទេ។ ផែនការដាំដុះឆ្នាំនេះ មានកំណើនលើសឆ្នាំមុន ប្រមាណជាមួយម៉ឺនហិកតា។

លោក ជា  សុខនី នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែធ្នូ ធ្នាំ២០២២នេះថាៈ ការងារបង្កបង្កើនផល ស្រូវប្រាំង ឆ្នាំ២០២២-២០២៣ មានសន្ទុះយឺត បើធៀបរយៈពេលដូចគ្នា ទៅការងារបង្ក បង្កើនផលស្រូវប្រាំង ឆ្នាំ២០២១-២០២២ ដោយសារភ្លៀងចុងរដូវវស្សា អូសបន្លាយ ពេលវែង មាននៅសល់ទឹកច្រើន តាមវាលស្រែ ធ្វើឱ្យរាំងស្ទះ ដល់ការងារភ្ជួររាស់។

នាយករងខុទ្ទកាល័យក្រសួង ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកសម្រាប់ស្រោច ស្រព ដំណាំស្រូវប្រាំង ឆ្នាំ២០២២-២០២៣ នេះ មានមិនខ្វះទេ  គ្រប់អាងទឹកតូចធំ ពេលនេះមានទឹកពេញទាំងអស់ ដោយសារមានភ្លៀងច្រើន នៅចុងរដូវវស្សា។ ផ្ទៃដីដាំដុះ នៅឆ្នាំនេះ មានផែនការកើនលើសឆ្នាំមុន ប្រមាណជិតមួយម៉ឺនហិកតា។

តាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការងារង្កបង្កើនផលស្រូវវស្សា នៅទូទាំងប្រទេស ទើបអនុវត្តបាន ១៩២.១០៤ ហិកតា ស្មើនឹង ៤០,៦៣ ភាគរយ នៃផែនការ ៤៧២.៧៦០ ហិកតា។ ឯការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២១-២០២២ មានចំនួន ៤៦៤.២៦៥ ហិកតា។
ការដាំដុះស្រូវប្រាំង នៅក្នុងខេត្តពោធិសាត់ មានសន្ទុះលឿនជាងគេ គឺអនុវត្តបាន ១៨.៣៣៨ ហិកតា ស្មើនឹង ១០១,៨៨ ភាគរយ នៃផែនការ ១៨.០០០ ហិកតា។ ខេត្តកំពង់ឆ្នាំង ឧត្តរមានជ័យ កំពង់ចាម ស្ទឹងត្រែង មណ្ឌលគិរី កំពង់ស្ពឺ កែប និង រាជធានីភ្នំពេញ នៅមិនទាន់បានចាប់ផ្តើម ធ្វើនៅឡើយទេ ៕ V / N

Post navigation