Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការវាយប្រហារ​របស់​អ៊ីស្រាអែល​សម្លាប់​សកម្មប្រយុទ្ធ​កំពូល​នៅហ្គា​ហ្សា​, បង្ក​ឱ្យ​មាន​ការបាញ់​គ្រាប់​រ៉ុក្កែត​សងសឹក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ីស្រាអែល​បាន​វាយលុក​តំបន់​ហ្គា​ហ្សា​ជាមួយនឹង​ការវាយប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​សៅរ៍​ទី​៦​សីហា​នេះ​ហើយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​បាន​សងសឹក​វិញ​​ដោយ​ការបាញ់​គ្រាប់​រ៉ុក្កែត នៅក្នុង​ការកើនឡើង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​នៅ​ដែនដី​ហ៊ុម​ព័ទ្ធ​មួយ​នេះ​ចាប់តាំងពី​សង្គ្រាម​កាលពី​ឆ្នាំមុន​។​

​អាជ្ញាធរ​សុខាភិបាល​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស​អ៊ីស្លាម​បាន​និយាយថា មនុស្ស​១០ នាក់​ត្រូវបាន​សម្លាប់​ដោយ​ការ​បាញ់ស្រោច​របស់​អ៊ីស្រាអែល រួម​ទាំង​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ និង​មនុស្ស​៧៩​នាក់​ផ្សេងទៀត​បាន​រងរបួស​។ កងទ័ព​អ៊ីស្រាអែល​បាន​ប៉ាន់ប្រមាណ​ថា ប្រតិបត្តិការ​របស់​ខ្លួន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ចំនួន​១៥​នាក់ ។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក យែ​រ ឡា​ភី​ដ (Yair Lapid)​បាន​និយាយថា រដ្ឋ​ជ្វី​ហ្វ​នេះ​ត្រូវ​បង្ខំចិត្ត​ចាប់ផ្តើម​”​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ជាមុន​ទល់នឹង​ការគំរាមកំហែង​ភ្លាមៗ​”​ដែល​បង្កឡើង​​ដោយ​ក្រុម​ជី​ហាត​អ៊ីស្លាម បន្ទាប់ពី​មាន​ភាព​តានតឹង​ជាច្រើន​ថ្ងៃ​នៅតាម​ព្រំដែន​ហ្គា​ហ្សា​។​

​អ៊ី​ស្រា​អ៊ែល​និង​ក្រុមជី​ហាត​អ៊ីស្លាម​បាន​បញ្ជាក់​ពី​ការស្លាប់​មេដឹកនាំ​កំពូល​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ គឺ​លោក ថា​យ​សៀ អាល់ ចា​បារី (Taysir al-Jabari)​នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​​លើ​អគារ​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​ហ្គា​ហ្សា​។​

​ក្រុម​ជី​ហាត​អ៊ីស្លាម​បាន​និយាយថា ការ​បាញ់ស្រោច​ពី​ដំបូង​របស់​អ៊ីស្រាអែល​គឺ​ស្មើនឹង “​ការប្រកាសសង្គ្រាម​” មុនពេល​ដែល​ខ្លួន​បញ្ចេញ​គ្រាប់​រ៉ុក្កែត​ជាង ១០០ គ្រាប់​ទៅលើ​អ៊ីស្រាអែល​។​

​ការបាញ់​គ្រាប់​រ៉ុក្កែត​និង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​បន្ត​ពេញ​មួយ​យប់ ដោយ​ប្រថុយ​នាំ​ឱ្យ​ផ្ទុះ​ជម្លោះ​ម្តងទៀត​ដូច​ជម្លោះ​រយៈពេល ១១ ថ្ងៃ​កាលពី​ខែ​ឧសភា ឆ្នាំ ២០២១​ដែល​បាន​បំផ្លិចបំផ្លាញ​​តំបន់​ហ្គា​ហ្សា​និង​បង្ខំ​ប្រជាជន​អ៊ីស្រាអែល​រាប់មិនអស់​ឱ្យ​ប្រញាប់ប្រញាល់​រក​កន្លែង​ជ្រក​គ្រាប់​។​

​លោក​ឡា​ភី​ដ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថ្នាក់ជាតិ​ថា “​អ៊ីស្រាអែល​មិន​ចាប់អារម្មណ៍​នឹង​ជម្លោះ​កាន់តែ​ធំ​នៅហ្គា​ហ្សា​នោះទេ ប៉ុន្តែ​ក៏​មិន​ខ្លាច​នឹង​ធ្វើ​សង្គ្រាម​មួយទៀត​នោះ​ដែរ​”​។​

​ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការ​វាយឆ្មក់​តាម​អាកាស​បាន​បន្លឺ​ឡើង​ពេញ​មួយ​យប់​នៅ​ទូ​ទាំង​កន្លែង​ជាច្រើន​នៅ​ភាគ​ខាងត្បូង​និង​ភាគ​កណ្តាល​អ៊ីស្រាអែល ប៉ុន្តែ​មិនទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​នោះ​ទេ​។​

​ក្រុម​មន្ត្រី​នៅ​តាម​តំបន់​ព្រំដែន​បាន​ជំរុញ​ឱ្យ​ប្រជាជន​ស្នាក់​នៅ​ក្បែរ​ជម្រក​ជ្រក​គ្រាប់ ដែល​ត្រូវបាន​បើក​ផងដែរ​នៅក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម តែ​ល​អា​វីវ (Tel Aviv) ។​

​ដំបូង​ឡើយ កងទ័ព​បាន​បញ្ជាក់​ពី​ការបាញ់​រ៉ុក្កែត​យ៉ាងតិច ៧០ គ្រាប់​ពី​តំបន់​ហ្គា​ហ្សា ដោយ​និយាយថា ១១​គ្រាប់​បាន​ធ្លាក់​នៅ​ខាងក្នុង​តំបន់​ហ្គា​ហ្សា​និង​រាប់សិប​គ្រាប់​ទៀត​ត្រូវបាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​​ការពារ​ដែនអាកាស Iron Dome ហើយ​គ្រាប់​ផ្សេងទៀត​បាន​ធ្លាក់​នៅ​តំបន់​ទីវាល​។​

​ការព្រមាន​អំពី​ការ​វាយឆ្មក់​តាម​អា​កាស​និង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​បន្លឺ​នៅ​ម៉ោង ៤៖៣០ ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុមមន្ត្រី​អេ​ហ្ស៊ី​បបាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ទីក្រុង​ហ្គា​ហ្សា​ថា អេ​ហ្ស៊ី​ប ដែល​ជា​អ្នកសម្របសម្រួល​ជា​ប្រវត្តិសាស្ត្រ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់អាវុធ​នៅហ្គា​ហ្សា​កំពុង​ស្វែងរក​ការសម្រុះ​​សម្រួល និង​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​គណៈប្រតិភូ​ក្រុម​ជី​ហាត​អ៊ីស្លាម​នៅ​ថ្ងៃ​សៅរ៍​នេះ​៕

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប៉ាឡេ​ស្ទីន​កំពុង​ពន្លត់ភ្លើង​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​ទីក្រុង​ហ្គា​ហ្សា 

Post navigation