Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តបាត់ដំបងទទួលបានប្រាក់ចំណូលជាង ៦លានដុល្លារក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

Views: 7

ដោយ: ភ្នំខៀវ / បាត់ដំបង៖ វិស័យទេសចរណ៍ខេត្តបាត់ដំបងស្រូបបានប្រាក់ចំណូលជាង ៦,៥លានដុល្លាអាម៉េរិក ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌបីថ្ងៃ។

លោក អ៊ុច អ៊ុភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញឱ្យដឹងតាមសារអេឡិចត្រូនិកនៅរសៀល ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នេះថាតាមរយ:កំណើនភ្ញៀវទេសចរក្នុងតួលេខច្រើននាំមុខគេបើធៀបទៅនឹងបណ្តាខេត្តដទៃក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខេត្តបាត់ដំបងបានស្រូបយកប្រាក់ចំណូលពីវិស័យទេសចរណ៍មានសរុបចំនួន៦.៥២១.៥៧៨ដុល្លា។ក្នុងនោះប្រាក់ចំណូលបានពីភ្ញៀវទេសចរជាតិចំនួន ៦.៤៩៨.៤៨៨ ដុល្លារ និងចំណូលពីភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣.០៩០ ដុល្លារ។

លោកប្រធានមន្ទីររូបនេះបានបញ្ជាក់បន្ថែមថាចំនួនសាច់ប្រាក់ចំណូលដែលខេត្តបាត់ដំបងទទួលបាននេះ គណនាលើសេវាផ្សេងៗជាច្រើននៅតាមទីតាំងផ្តល់សេវាលក់ដូរ អាហារដ្ឋាន កន្លែងស្នាក់នៅ នានាទូទាំងខេត្ត។ ក្នុងនោះភ្ញៀវជាតិចូលមកស្នាក់នៅក្នុងមូលដ្ឋានខេត្តខ្ទង់ចំណាយក្នុងម្នាក់ចន្លោះចាប់ពី៣០ទៅ៣៧ដុល្លារក្នុងមួយថ្ងៃ ។ដោយឡែកចំណូលទាញពីភ្ញៀវទេសចរអន្តរជាតិភាគច្រើនជាភ្ញៀវផ្ទៃក្នុង ( មានស្រាប់នៅក្នុងស្រុក ) បានចំណាយក្នុងម្នាក់ចំនួន៧០ដុល្លារក្នុងមួយថ្ងៃ។ចំណែកឯភ្ញៀវបរទេស២០ភាគរយដែលចូលមកលេងហើយវិលវិញល្ងាចចំណាយ ៤៥ ដុល្លារក្នុងម្នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយ:ពេលបីថ្ងៃ ឆ្នាំ ២០២២ ខេត្តបាត់ដំបងបានទទួលភ្ញៀវចូលមកលេងកម្សាន្តសរុបមានចំនួន ២១០.១២២នាក់ កើនឡើង ៤៥៧ ភាគរយ ធៀបនឹងឆ្នាំ ២០២១ មានចំនួនត្រឹមតែ ៣៧.៧២៤នាក់ប៉ុណ្ណោះខណ:ប្រទេសស្ថិតក្នុងរបត់ជំងឺកូវីដ-១៩៕

Post navigation