Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ខេត្តសៀមរាប​បានធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៣

Views: 5

ដោយ​: ជា សីហៈ / ភ្នំពេញ​: ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍វប្បធម៌ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២​បាន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៣ ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥៣​។

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក រដ្ឋ សា​រ៉ាវុធ អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ ដោយមាន​ការចូលរួម​ដោយ​អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ប្រទេស​ដៃគូ​របស់​អាស៊ាន និង​គណៈប្រតិភូ​នៃ​ប្រទេស​នីមួយៗ ព្រមទាំង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​

​លោក​ប្រធាន​អង្គប្រជុំ បាន​សម្តែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​អង្គប្រជុំ​ទាំងអស់ ដែល​តែងតែ​ផ្តល់នូវ​ការគាំទ្រ​យ៉ាងសកម្ម ក្នុងការ​ចូលរួម​ផ្លាស់ប្តូរ​មតិយោបល់​លើ​បញ្ហា​ដែលមាន​ក្នុង​របៀបវារៈ​នីមួយៗ យ៉ាង​ផុសផុល និង​ផ្តល់នូវ​ការឆ្លើយតប​ចំពោះ​បញ្ហា​នានា​ប្រកបដោយ​ភាពទន់ភ្លន់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោ​កម​អគ្គនាយក បញ្ជាក់ថា អង្គប្រជុំ​បានកត់សម្គាល់ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ រួមមាន​៖ (១) ការតាមដាន​សកម្មភាព​ពី​សេចក្តីសម្រេច​ដែល​បាន​ធ្វើឡើង​កាលពី​កិច្ចប្រជុំ​លើក​ទី​១ នៃ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (SEOM 2/53), (២) វឌ្ឍនភាព​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverables – PEDs) របស់​កម្ពុជា​សម្រាប់​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ (៣) កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អាស៊ាន​, (៤) ការត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៥៤ ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន កិច្ចប្រជុំ​លើក​ទី​២១​នៃ​ក្រុមប្រឹក្សា​សសរស្តម្ភ​សេដ្ឋកិច្ច​អាស៊ាន និង​ការត្រៀម​រៀបចំ​ឯកសារ​សំខាន់ៗ​ដាក់ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១, (៥) វឌ្ឍនភាព​នៃ​ការចរចា​ដំឡើង​កម្រិត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA Upgrade), (៦) ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត (៧)​អនុស្សរណៈ​យោគយល់​ស្តីពី​ការអនុវត្ត​វិធានការ​មិនមែន​ពន្ធគយ​លើ​មុខទំនិញ​ចាំបាច់ និង​ការពង្រីក​បញ្ជី​ទំនិញ​ចាំបាច់​, (៨) គំនិត​ផ្តួចផ្តើម​លើ​គម្រោង​មូលដ្ឋាន​អាស៊ាន​, (៩) កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ចលនា​របស់​បុគ្គល (៩) កម្មវិធី​ការងារ​របស់​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ប្រចាំឆ្នាំ​២០២២, (១០) កិច្ចពិភាក្សា​ផ្ទៃក្នុង​ត្រៀម​សម្រាប់​ការជួបប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​សន្ទនា​សំខាន់ៗ និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះ ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ជួបពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ដៃគូ​សន្ទនា​ចំនួន ១១ រួមមាន​៖
១. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​កាណាដា​លើក​ទី​១៦
២. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​កូរ៉េ​លើក​ទី​៣៧
៣. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អាមេរិក​លើក​ទី​៣៦
៤. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អង់គ្លេស​លើក​ទី​៣
៥. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់​លើក​ទី​៤១
៦. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ចិន​លើក​ទី​៤១
៧. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន​លើក​ទី​២៧​។​
៨. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​រុស្សី លើក​ទី​១៤​។​
៩. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី លើក​ទី​៣៩​។
១០. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ី​បូព៌ា លើក​ទី​៣៩​។
១១. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ហុងកុង​លើក​ទី​២៧​។​

​ក្នុងឱកាស​នោះ សមាជិក​ទាំងអស់​នៃ​កិច្ចប្រជុំ បានធ្វើការ​ផ្លាស់ប្តូ​រម​តិ​យោបល់ ពិភាក្សា ផ្តល់​បច្ចុប្បន្នភាព និង​ចូលរួម​យ៉ាងសកម្ម​ទៅលើ​របៀបវារៈ​នីមួយៗ ដែល​ធ្វើឱ្យ​កិច្ចប្រជុំ​នេះ​បញ្ចប់ទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​។ កិច្ចប្រជុំ​នៃ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុងតួនាទី​ជា​ប្រធាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​នៅ​ឆ្នាំ​២០២៣៕​

Post navigation