Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា​៖ សូត្រ វាសនា និង ឃុន បូរ៉ា ឈ្នះ​ដូចគ្នា​

Views: 3

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់ ពានរង្វាន់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ទម្ងន់ ៦០ គីឡូក្រាម លើស​ង្វៀន​ទូរទស្សន៍ ប៉ុស្ដិ៍​លេខ​៥ (TV5) ថ្ងៃទី​២ តុលា យប់ម្សិល​មិញ​នេះ អ្នក​ប្រដាល់ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក និង ឃុន បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បានទទួល​ជ័យជំនះ លើ​គូប្រកួត​ដូចគ្នា​។​

​សូត្រ វាសនា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស ។ អ្នក​ប្រដាល់​​ទាំង ២ រូបនេះ សុទ្ធតែ​ខ្លាំងៗ​ដូចគ្នា​។ ស្ថានភាព​នៃ​ការប្រកួត វាសនា បានបង្ហាញ​ពី ការ​មានប្រៀប​លើ សំបូរ តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ​។ សំបូរ ទោះបី​គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ និង​រហ័ស ក៏ពិតមែន តែ វាសនា ដែល​ខ្ពស់ជាង​នោះ គេ​បាន​ប្រើ​ជើង​ធាក់ ដើម្បី​រារាំង​មិន​ឲ្យ សំបូរ ចូល​កៀក​ខ្លួន ដើម្បី​ប្រើ​កណ្ដាប់ដៃ បានឡើយ​។​

​ទឹក​ទី​១ និង​ទឹក​ទី​២ សំបូរ មិនមាន​ឱកាស​ច្រើន ដើម្បី​វាយ​សង​លើ​លើ វាសនា ឡើយ លុះ មកដល់​ទឹក​ទី​៣ វាសនា បួង ក សំបូរ ជាប់ ហើយ​បញ្ចេញ​មួយ​ជង្គង់ ចំ​ឆ្អឹងជំនី ធ្វើ​ឲ្យ សំបូរ ដួលសន្លប់ មិនអាច​បន្ត​ការប្រកួត​បានឡើយ​។ ក្នុង​ព្រឹត្តិការណ៍​នេះ ទាំង សំបូរ ទាំង វាសនា ទើបតែ​ប្រកួត​បាន​មួយ​ប្រកួត​នេះ ដូចគ្នា​តែមួយ​ប្រកួត​របស់ វាសនា បានទទួល​ជ័យជំនះ ចំពោះ សំបូរ ទទួលបាន​បរាជ័យ ។​

​ចំពោះ​ជំនួប​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​ជើង​រន្ទះ គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង ឃុន បូរ៉ា ក្លិប​រស្មី​ភូម​គាប ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ​។ ទោះបី​ការប្រកួត​អូសបន្លាយ រហូតដល់​ចប់​ទឹក​ទី​៥ ក៏ពិតមែន តែ​ស្ថានភាព​នៃ​ការប្រកួត ភាគច្រើន​គឺ បូរ៉ា ជា​អ្នក​មានប្រៀប ។​

​គង់ ហ៊ូ​វ មិនសូវ​ពូកែ​កណ្ដាប់ដៃ​ឡើយ តែ​កែង​របស់គេ និង​ស្នៀត​ទាត់​របស់គេ អស្ចារ្យ​​ណាស់ តែ​ក្នុងជំនួប​ជាមួយ បូរ៉ា គង់​ហ៊ូ​វ បញ្ចេញ​ជើង​មិន​រួច​ឡើយ​។ ចំពោះ បូរ៉ា គេ​វ៉ៃ​ដោយ​ប្រយ័ត្នប្រយែង​បំផុត ព្រោះ​គេ​ក៏​ញញើត​ជើង​របស់ គង់ ហ៊ូ​វ ដែរ​។ ពួកគេ ប្រកួត​គ្នា​រហូត​ចប់​ទឹក​ទី​៥ ដោយ ឃុន បូរ៉ា បានទទួល​ជ័យជំនះ លើ គង់ ហ៊ូ​វ ដោយ​​ពិន្ទុ ។ នេះ​ជាការ​ប្រកួត​លើកដំបូង​របស់​ពួកគេ ក្នុង​ព្រឹត្តិការណ៍​នេះ ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ប្រដាល់ ៤​រូប​ហើយ​ដែល​ចាញ់ ក្នុងការ​ប្រកួត​ដំបូង ហើយក៏​មាន​អ្នក​ប្រដាល់ ៤​រូប​ដែរ ដែល​ឈ្នះ​ក្នុងការ​ប្រកួត​ដំបូង​។ អ្នកចាញ់​ទាំង ៤​រូបនោះ មាន សៀវ ង៉ុ​យ ក្លិប​អភិវឌ្ឍន៍​គុន​ខ្មែរ​រ៉ុង​រឿង រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ គង់ ហ៊ូ​វ ក្លិប​គុហារ​គុន​ខ្មែរ និង ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស ។​

​ចំពោះ​អ្នកឈ្នះ​ទាំង ៤ រូប​វិញ​នោះ មាន​ប្រដាល់ វ៉ាន់ វឿន ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា សូត្រ វាសនា និង ឃុន បូរ៉ា ៕​ V / N

Post navigation