Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្យល់មូសុងឦសាន នឹងរុញចុះមកខ្លាំង បន្ទាប់ពីភ្លៀងចុះខ្សោយ នៅមានរហូតដល់ ចុងសប្តាហ៍ទី២ នៃខែធ្នូ

Views: 2

ដោយៈ ប.ខុន / ភ្នំពេញៈ ខ្យល់មូសុងឦសាន នឹងចាប់ផ្តើមរុញចុះមកខ្លាំង នៅអំឡុងពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែធ្នូ ជាពិសេសនៅតំបន់មាត់សមុទ្រ ជាមួយនឹងទឹករលកខ្ពស់ៗ តែភ្លៀងធ្លាក់ ខុសប្រក្រតី នៅមិនទាន់អស់នៅឡើយទេ គឺនៅមានរហូតដល់ដំណាច់សប្តាហ៍ទី២ នៃខែធ្នូ ក្នុងកម្រិតពីតិចទៅមធ្យម។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ភ្លៀងខុសប្រក្រតី នៅតែបន្តធ្លាក់រាយប៉ាយ​មិនទូទៅ ក្នុងកម្រិតពីតិចទៅមធ្យម រហូតដល់អំឡុងចុងសប្តាហ៍ទី២ នៃខែធ្នូ ទើបអាចអស់។ តែបរិមាណទឹកភ្លៀង ធ្លាក់មិនច្រើន ដូចកាលពីក្នុងសប្តាហ៍ កន្លងទៅនោះទេ ដោយសារបាតុភូត ដែលគេរំពឹងថា វាអាចវិវត្តទៅដល់កម្រិតជាវិសម្ពាធ ឬជាកូនព្យុះ នៅក្នុងសមុទ្រខាងត្បូង នាដើមខែវិច្ឆិកានោះ បានដើរចុះក្រោម (ត្បូង) មុនពេល មកដល់ហ្វីលីពីន។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ  ភ្លៀងធ្លាក់នៅបន្តរាយប៉ាយ ក្នុងកម្រិតពី តិចទៅមធ្យមនេះ វាមានអំណោយផលល្អបំផុត ដល់ដំណាំស្រូវស្តារឡើងវិញ បន្ទាប់ពីខូចខាត ដោយសារទឹកជំនន់។ ស្ថានភាពភ្លៀងធ្លាក់ចុះខ្សោយ តែខ្យល់មូសុងឦសាន ចាប់ផ្តើមមាន ឥទ្ធិពល នៅថ្ងៃទី២ ខែធ្នូ និងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែធ្នូ មានឥទ្ធិពលកាន់តែខ្លាំង ជាពិសេស នៅតំបន់មាត់សមុទ្រ ជាមួយនឹងទឹករលកខ្ពស់ៗ រហូតដល់ថ្ងៃទី៨ ធ្នូ ទើបថយចុះ ទៅវិញ ។ នៅអំឡុងពេលបុណ្យសមុទ្រពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែធ្នូ មិនមានខ្យល់ខ្លាំងទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានជូនដំណឹង​ស្តីពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាថាៈ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ប្រទេសកម្ពុជា ទទួលឥទ្ធិពល ពីសម្ពាធទាបសកម្ម និងនៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ (ជើង) ទទួលនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី និងខេត្ត នៅភាគខាងក្រោម (ត្បូង) បន្តទទួលឥទ្ធិពលពីជល្រងសម្ពាធទាប បង្កឱ្យមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ  សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ នៅចន្លោះពីថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣៣ អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច៕ V/ N

Post navigation