Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្ពុជា ចាត់ទុក​ជប៉ុន ជាទី​ផ្សារ​ទេសចរណ៍​សំខាន់​មួយ​

Views: 9

​ដោយៈ​សុផល / ភ្នំពេញ​៖ ដោយ​ចាត់ទុកថា ប្រទេស​ជប៉ុន ជាទី​ផ្សារ​ទេសចរណ៍ ដ៏​សំខាន់​មួយ​របស់ខ្លួន ក្រសួងទេសចរណ៍ បាន​ចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (Tourism Expo Japan 2022) នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២២-២៥ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពី​ប្រទេស​នេះ ឱ្យបាន​ច្រើន ឡើងវិញ​។ នេះ​បើតាម​ប្រភព​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣ ខែកញ្ញា នេះ​។​

​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ការចូលរួម​នេះ​ដឹកនាំ​ដោយ​លោក ថុ​ក សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អមដោយ​ក្រុមហ៊ុន​ឯកជន មួយចំនួន នៅ​កម្ពុជា និង​មានការ​ចូលរួម​ពី​អ្នកសារព័ត៌មាន ក្រុមហ៊ុន​អន្តរជាតិ និង​ស្ថាប័ន​ចំនួន ១៤៤១ មកពី ១៣៦ ប្រទេស ក្នុង​តំបន់ និង​ពិភពលោក​។​

​ដោយឡែក នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​បើក​ជា​ផ្លូវការ​នៃ​ពិព័រណ៍ ទេសចរណ៍​អន្ដរជាតិ គឺមាន​ការចូលរួម​ពី​ភ្ញៀវទេសចរ​ជប៉ុន និង​ទេសចរ​អន្តរជាតិ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​សរុប​ចំនួន ២៥.៩២៨ នាក់​។​

​លោក ប្រាក់ វិ​ទ្ធី បាន​បន្តថាៈ ទីផ្សារ​ជប៉ុន ជាទី​ផ្សារ​សំខាន់​មួយ សម្រាប់​កម្ពុជា ដោយ​ក្នុង​រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន ចំនួន ៩.០២១ នាក់ ស្មើនឹង ៩១៨,២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​លោក​បានបង្ហាញ​ក្ដី​រំពឹងទុក​ថាៈ តាមរយៈ​ព្រឹត្តិការណ៍​ខាងលើ កម្ពុជា​នឹង​អាច​ទាក់ទាញ ភ្ញៀវទេសចរ និង​វិនិយោគិន​ជប៉ុន ឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ សុវត្ថិភាព និង​ផ្ដល់​ភាពកក់ក្តៅ​» កាន់តែច្រើន​ថែមទៀត នៅ​ឆ្នាំ​២០២២-២០២៣ ដែលជា​ដំណាក់កាល​ស្តារឡើងវិញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​សូមបញ្ជាក់ថាៈ ស្របតាម​ចក្ខុវិស័យ នៃ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដំណាក់កាល​ទី​២ ឆ្នាំ​២០២២-២០២៣ (Recovery) ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ផ្នែក​ឯកជន កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​ទូលំទូលាយ នៅលើ​ទីផ្សារ​ជប៉ុន ក៏ដូចជា​ទីផ្សារ​អន្តរជាតិ ក្នុង​ការបើក​រួមគ្នា ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ជាពិសេស​ផ្សព្វផ្សាយ អំពី​គោលដៅ ទេសចរណ៍​កម្ពុជា ជា​គោលដៅ​ទេសចរណ៍ សុវត្ថិភាព និង​ផ្ដល់​ភាពកក់ក្ដៅ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (SEA Games 2023) អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ (Asian Youth Games 2029) ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​៕/V​

Post navigation