Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា បាន​ពិភាក្សា អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ហ្កំ​ប៊ី និង​ប្រេ​ស៊ី​ល​

Views: 3

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ហ្កំ​ប៊ី និង​ប្រ​ស៊ី​ល ដើម្បី​ពិភាក្សា​អំពី ការលើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​។ នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ។ នេះ​បើ​យោងតាម សេចក្តី​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្តថាៈ ជំនួប​ជាមួយ ឯកឧត្តម​បណ្ឌិត Mamadou Tangara រដ្ឋមន្ដ្រីការបរទេស កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អាណិកជន​ហ្កំ​ប៊ី នៃ​សាធារណរដ្ឋ​ហ្កំ​ប៊ី​៖
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​បណ្ឌិត Mamadou Tangara បាន​ឯកភាព​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ នៅលើ​គ្រប់​វិស័យ ដែលមាន​សក្តានុពលភាព រួមទាំង វិស័យ​កសិកម្ម​ផង រវាង​កម្ពុជា និង​ប្រទេស​ហ្កំ​ប៊ី​។ ដើម្បី​អាច​ដំណើរការបាន ភាគី​ទាំងពីរ បាន​យល់​ស្របគ្នា​ធ្វើយ៉ាងណា សម្រេច​ឱ្យបាន​ឆាប់​នូវ កិច្ចព្រមព្រៀង​ស្តីពី​ការ លើកលែង​ទិដ្ឋាការ សម្រាប់​អ្នក​កាន់ លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​ជួយ​សម្រួល​ដល់ ការផ្លាស់ប្តូរ​មន្ត្រីរាជកា​រ រួមទាំង​រវាង​ស្ថាប័ន នីតិប្បញ្ញត្តិ​ផងដែរ​។

​រូប​ថ​តៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ឯកភាពគ្នា​ថាៈ ភាគី​ទាំងពីរ គួរ​គិតគូ​អំពី​ការបង្កើត កុងស៊ុល​កិត្តិយស នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ជំរុញ​ការភ្ជាប់​ទំនាក់ទំនង និង​ធុរកិច្ច​។ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រវាង​កម្ពុជា​-​ហ្កំ​ប៊ី និង​ការគាំទ្រ​បេក្ខភាព​គ្នា ទៅវិញទៅមក នៅក្នុង​អង្គការ​តំបន់ និង​អន្តរជាតិ​នានា​។​

​ក្រសួងការបរទេស បាន​បន្តទៀតថាៈ ជំនួប​ជាមួយ​លោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ី​ល​៖
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ប្រេ​ស៊ី​ល ដែល​ទើប​ទទួលបាន ឋានៈ​ជា​ដៃគូ សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​បាន​ឯកភាព​ជាមួយ​សម​ភាគី​ប្រេ​ស៊ី​ល របស់លោក​ថា នៅមាន​វិស័យ​សក្តានុពល​ជាច្រើន​ទៀត សម្រាប់​កិច្ចសហប្រតិបត្តិការ អាស៊ាន​-​ប្រេ​ស៊ី​ល និង កម្ពុជា​-​ប្រេ​ស៊ី​ល​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​សម្តែង​សុទិដ្ឋិនិយម​ថាៈ កិច្ច​ពិគ្រោះ​យោបល់​នយោបាយ លើក​ទី​១ រវាង​ក្រសួងការបរទេស​កម្ពុ​ជា និង​ប្រេ​ស៊ី​ល ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែធ្នូ ឆ្នាំនេះ នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន រវាង​ប្រទេស​ទាំងពីរ​។

​រូប​ថ​តៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​

នៅក្នុង​ជំនួប​នេះដែរ លោក Carlos Alberto Franco França បានបង្ហាញ​ពី​បំណង​ចង់​បើក​ស្ថានទូត​ប្រេ​ស៊ី​ល ប្រចាំ​នៅ​កម្ពុជា នាពេលខាងមុខ​។ លោក ក៏បាន​ស្វាគមន៍​ចំពោះ បំណង​របស់​កម្ពុជា ចង់​បើក​ស្ថានទូត​របស់ខ្លួន នៅ​ទីក្រុង Brasilia នាពេលខាងមុខ​ផងដែរ​។ លើសពីនេះ រដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាព​ពង្រឹង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​-​ប្រេ​ស៊ី​ល និង​បាន​សន្យា​បង្កើន​ការគាំទ្រ​គ្នា ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ជំនួប​ជាមួយ​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ​នៃ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី ៖
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា យ៉ាង​ស្និទ្ធស្នាល ជាមួយ លោកស្រី Louise Mushikiwabo ស្តីពី​ការជំរុញ​បន្ថែមទៀត​នូវ កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ជាពិសេស ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ នៅក្នុង​រង្វង់​អង្គការ​នេះ​។
​ភាគី​ទាំងពីរ បាន​យល់​ស្របគ្នា​ថាៈ មាន​វិស័យ​សក្តានុពល​ជាច្រើន ដែល​សមាជិក OIF អាច​សហការគ្នា ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក ដូចជា​វិស័យ​កសិកម្ម និង​ថាមពល កកើត​ឡើងវិញ​។​

​លោកស្រី Louise Mushikiwabo បាន​រំ​ឮ​ក​ឡើងវិញ ដោយ​ក្តី​រីករាយ​ក្រៃលែង អំពី​ទស្សនកិច្ច​នៅ​កម្ពុជា ប្រកបដោយ​ជោគជ័យ​របស់លោក​ស្រី កាលពី​ខែមីនា ឆ្នាំនេះ​៕/V

Post navigation