Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​-​អាម៉េរិក បន្ត​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​-​វិនិយោគ ទោះបី​ប្រឈម​នឹង​ឧបសគ្គ មួយចំនួន​

Views: 4

ដោយៈ ទេព មង្គល / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ លោក បួន សារៈ​មុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក (USTR) ដឹកនាំ​ដោយ​លោកស្រី Wallis Yu នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ក្រោម​កិច្ចសម្របសម្រួល ដោយ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​បច្ចុប្បន្នភាព​ព័ត៌មាន ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ នៅ​កម្ពុជា​។​

​ក្នុងជំនួប​នេះ លោក រដ្ឋលេខាធិការ បានលើកឡើង​ថាៈ ទោះបី​ស្ថិតក្នុង​ស្ថានភាព រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​សហរដ្ឋ​អា​មេ​៉​រិ​ក មាន​ចំនួន ៦,២ ប៊ី​លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២២ ដែលជា​ការកើនឡើង ក្នុង​អត្រាកំណើន ៦១,៥៤% ធៀប​នឹង ៦​ខែ ដើមឆ្នាំ​២០២១​។​

​លោក រដ្ឋលេខាធិការ បាន​បន្តថាៈ កម្ពុជា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង ឥតឈប់ឈរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​ពាណិជ្ជកម្ម​-​វិ​និ​យោ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ទាក់ទាញ និង​អំណោយផល ដល់​វិនិយោគិន​អន្តរជាតិ មកពី​បណ្តា​ប្រទេស​នានា លើ​ពិភពលោក​។​

​បន្ថែម​ពីនេះ លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​អំពី​វឌ្ឍន​ភាពជា​វិជ្ជមាន ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​កំពុងមាន​សន្ទុះ​ខ្លាំងក្លា រួមមាន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​បច្ចេកវិទ្យា នៃ​ការទូទាត់​ឆ្លង​ប្រទេស ដោយ​ប្រើ QR Code ជាដើម ដែល​ទាំងអស់នេះ បាន​ជួយ​រួមចំណែក​បង្ក​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ទន្ទឹមនឹងនោះ លោក​រដ្ឋលេខាធិការ ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល សហរដ្ឋ​អាម៉េរិក ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បា​នប​ញ្ចូ​នវ​ត្ថុ​បុរាណ មកកាន់​កម្ពុជា ដែលជា​មាតុប្រទេស​វិញ ក្នុងពេល​ថ្មីៗ​នេះ​។​

​ជាការ​ឆ្លើយតប លោកស្រី Wallis Yu ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ដែល​បានធ្វើការ សម្របសម្រួល​អន្តរក្រសួង ដើម្បីឱ្យ​កម្ពុជា​សម្រេច​ទទួលយក​ស្តង់ដារ​យានយន្ត សហរដ្ឋ​អាម៉េរិក ជាហេតុ​ធ្វើឱ្យ​កម្ពុជា បានក្លាយ​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​យានយន្ត សហរដ្ឋ​អាម៉េរិក​។​

​បន្ថែម​ពីនេះ លោកស្រី បានស្នើ​សុំឱ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បន្ត​សហការ​ផ្តល់ បច្ចុប្បន្នភាព​ព័ត៌មាន ទាក់ទង​នឹង​វិស័យ​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​ក្នុង​វិស័យ​ពាណិជ្ជកម្ម -​វិនិយោគ ដល់​តំណាង​ពាណិជ្ជកម្ម សហរដ្ឋ​អាម៉េរិក (USTR) សំដៅ​លើកកម្ពស់ បរិយាកាស​វិនិយោគ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ធំៗ របស់​សហរដ្ឋ​អាម៉េរិក ឱ្យមក​វិនិយោគ រយៈពេល​វែង នៅ​កម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Meta (Facebook) ជាដើម​។​

​ជាមួយគ្នានេះ លោកស្រី ក៏បាន​ជម្រាប​មកកាន់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ផងដែរ​ថាៈ ថ្មីៗ​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក កំពុងដំណើរការ​នីតិវិធី វាយតម្លៃ​ល័ក្ខខ័ណ្ឌ​នានា លើ​ប្រទេស​ដែល​ទទួល​អត្ថប្រយោជន៍​មួយចំនួន ដើម្បី​សម្រេច​ថា នឹង​បន្ត​ផ្តល់​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​ប្រទេស​ទាំងនោះ ឬ​យ៉ាងណា ដែល​ក្នុងនោះ ក៏មាន​កម្ពុជា ផងដែរ​។​

​គួរ​រលឹក​ដែរ​ថា ជំនួប​ពិភាក្សា​លើក​នេះ គឺជា​ការពិភាក្សា​ការងារ​បន្ត ដែលជា​ផ្នែក​មួយ​នៃ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម (TIFA) កម្ពុជា​-​អាម៉េរិក ៕/V


Post navigation