Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាគ្រោងបើកការចរចាជុំទី២ លើកិច្ចព្រមព្រៀង CAM-UAE CEPA នៅសប្តាហ៍ទី៤ខាងមុខ

Views: 1

ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ជុំទី២ គ្រោងនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនៅកម្ពុជា។


ក្នុងឱកាសដឹកនាំក្រុមការងារចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ) ដើម្បីគោរពរាយការណ៍ជូន អំពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀង និងស្នើសុំគោលការណ៍សម្រាប់ការចរចាជុំបន្ត កាលពីរសៀលថ្ងៃទី៧ ខែធ្នូកន្លងទៅនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគោរពរាយការណ៍ជូនអង្គប្រជុំ អំពីប្រវត្តិសាវតា និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីសារៈសំខាន់ក្នុងការបន្តធ្វើសមាហរណកម្មនិងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប និងប្រសើរជាងមុន និងជាពិសេសចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។
ដោយមានការអនុញ្ញាតពីអង្គប្រជុំ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាបានធ្វើបទបង្ហាញស្តីពីរបាយការណ៍នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃការចរចាបើកច្រកទីផ្សារទំនិញ ដោយលោក ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារពាណិជ្ជកម្មទំនិញ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ និងបញ្ហានានារបស់ក្រុមការងារចរចាកិច្ចព្រមព្រៀងនេះ និងបានទទួលអនុសាសន៍ណែនាំនិងសេចក្តីសម្រេចពីលោកអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការ លើចំណុចមួយចំនួនពាក់ព័ន្ធនឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សំដៅត្រៀមការចរចាជុំទី២នាពេលខាងមុខនេះ៕ N

រូបថត (​ សកម្មភាព  កិច្ចប្រជុំចង្អៀតអន្តរក្រសួងអំពីការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ធ្វើឡើងតាមប្រព័ន្ធវីដេអូ )
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

Post navigation