Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ទេចគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងកាកសំណល់សង្គ្រាមនៅត្បូងឃ្មុំ

Views: 6

ដោយៈ យោធិន/ត្បូងឃ្មុំៈ យុទ្ធភណ្ឌមិនទាន់ផ្ទុះរួមនិងកាកសំណល់សង្គ្រាមជាច្រើនប្រភេទត្រូវបានប្រតិបត្តិករនៃ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពហៅកាត់ថា NPMEC ធ្វើការបំផ្ទុះកម្ទេចចោលនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសកម្មភាពរុករកឃើញនៅតាមបណ្តាចម្ការមីនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទទួលបន្ទុកបេសកកម្មរុករនិងបោសសម្អាតមីនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំបានថ្លែងបញ្ជាក់ថាៈសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” កងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបានដំណើរការ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្ថិតក្នុងបណ្តាចំការមីនក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំសម្រេចបានប្រមាណ ៧០ភាគរយ នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចចោលរួមមាន៖​ គ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន១៥ គ្រាប់ និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១.០៨០ គ្រាប់។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១អាជ្ញាធរមីន បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ប្រតិបត្តិករនៃមជ្ឈមណ្ឌលជាតិរកហសាសន្តិភាពដែលសម្រេចបានស្នាដៃល្អប្រសើរក្នុងវិស័យបោសសម្អាតមីន។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងបន្តថា កងកម្លាំងជំនាញលើវិស័យមីនរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកន្លងទៅក៏ដូចជានាពេលបច្ចុប្បន្នទទួលបានការវាយតម្លៃខ្ពស់ពីកម្រិតសមត្ថភាពក្នុងការរុករកបោសសម្អាតមីនទាំងក្នុងប្រទេសក៏ដូចជាតាមតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ(អ.ស .ប) ដោយទទួលបាននូវកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិគួរជាទីមោទនភាពផងដែរ៕

Post navigation