កម្មករ–កម្មការិនីជាង ១ ៧០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច ក្រោយពីរោងចក្រនេះប្រកាសបិទទ្វារអាជីវកម្ម។
កម្មករ និងប្រធានសហជីព ស៊ីខៅឌូ ប្រចាំរោងចក្រ ខេមបូហ៊ែនសាំ លោក នេត តារាវុធ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ថៅកែរោងចក្រនេះបានបិទទ្វារអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវ និងបញ្ឈប់កម្មករទាំងអស់ពីការងារដោយមិនបានទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។
ប្រធានសហជីពរូបនេះបានឱ្យដឹងថា តាមផ្លូវច្បាប់ នៅពេលដែលបិទទ្វាររោងចក្រដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករ គឺថៅកែត្រូវទូទាត់អត្ថប្រយោជន៍ចំនួន ៥ចំណុច ដល់កម្មករ រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជួសឱ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសស់ ប្រាក់ជួសឱ្យការជូនដំណឹងមុន ប្រាក់អតីតភាពការងារឆ្នាំ២០២៣ និងមុនឆ្នាំ២០១៩ដែលនៅសស់ និងសំណងជំងឺចិត្ត។ ប៉ុន្តែលោកថា ករណីថៅកែបញ្ចប់កិច្ចសន្យាការងារកម្មករនេះ គឺថៅកែទូទាត់ឱ្យកម្មករតែ ៤ចំណុច ប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ការទូទាត់នេះ វាអត់ត្រឹមត្រូវ ដោយសារជាគោលការណ៍ នៅពេលដែលបិទទ្វាររោងចក្រ ដោយពុំមានការជូនដំណឹងត្រឹមត្រូវ គឺក្រុមហ៊ុនត្រូវទូទាត់អត្ថប្រយោជន៍ចំនួន ៥ចំណុច ដល់កម្មករស្របតាមផ្លូវច្បាប់»។
កម្មករ និងជាសមាជិកសហជីព ស៊ីខៅឌូ ប្រចាំរោងចក្រ ខេមបូ ហ៊ែនសាំ លោក គុយ សម្ភស្ស មានប្រសាសន៍ថា កម្មករបាននាំគ្នាដេកយាមមុខរោងចក្រចំនួន២យប់មកហើយ ដោយបារម្ភខ្លាចថៅកែដឹកសម្ភារចេញពីរោងចក្រ។ កម្មកររូបនេះឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ តំណាងក្រសួងការងារ បានជួបជាមួយតំណាងកម្មករ និងតំណាងរោងចក្រ ដើម្បីជជែករកដំណោះស្រាយវិវាទការងារនេះ ប៉ុន្តែភាគីរោងចក្រមិនបានអនុញ្ញាតឱ្យភាគីកម្មករចូលរួមចរចាក្នុងកិច្ចប្រជុំនេះឡើយ។
លោកបន្ថែមថា៖ «រោងចក្រហ្នឹង វាប្រកាសបិទថ្ងៃទី៣១ ខែមករា។ ហើយវាបិទថ្ងៃទី៤ ខែកុម្ភៈនេះ ដែលគ្មានប្រាប់ហេតុអីបន្តិចដល់កម្មករ ហើយក៏មិនបានប្រាប់កម្មករមុនដែរ។ ដោយគេដោះស្រាយឱ្យកម្មករចំនួន ៤ចំណុច ប៉ុន្តែពួកខ្ញុំទាមទារ៥ចំណុច ព្រោះគាត់ផ្តល់ដំណឹងឱ្យពួកខ្ញុំខុសគោលការណ៍ច្បាប់។ អ៊ីចឹង ពួកខ្ញុំទាមទារឱ្យមានសំណងជំងឺចិត្ត ប៉ុន្តែរោងចក្រអត់ឱ្យ»។
បើតាមលោក គុយ សម្ភស្ស រោងចក្រ ខេមបូ ហ៊ែនសាំ ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករបម្រើការងារជាង១ ៧០០នាក់ និងថៅកែជាជនជាតិកូរ៉េខាងត្បូង។
វីអូឌី មិនអាចសុំការឆ្លើយតបពីខាងតំណាងរោងចក្រ ខេមបូ ហ៊ែនសាំ ដែលកម្មករប្រាប់ឈ្មោះថា ប៊ុនធឿន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែកអគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ការចរចារកដំណោះស្រាយវិវាទការងារនេះនៅមិនទាន់សះជានៅឡើយទេ ហើយភាគីពាក់ព័ន្ធនឹងបន្តជួបចរចាគ្នានៅថ្ងៃស្អែកនេះទៀត។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី បានចេញសេចក្តីជូនដំណឹងស្តីពីការទូទាត់អត្ថប្រយោជន៍ចំនួន ៤ចំណុច ជូនកម្មករ។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា អត្ថប្រយោជន៍ ៤ចំណុច ដែលក្រុមហ៊ុនផ្តល់ឱ្យនោះ រួមមាន ប្រាក់ខែចុងក្រោយ ប្រាក់ជួសឱ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់ជួសឱ្យការជូនដំណឹងមុន ប្រាក់អតីតភាពការងារឆ្នាំ២០២៣ និងអតីតភាពការងារមុនឆ្នាំ២០១៩ដែលនៅសល់។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌីកាលពីខែមុននេះថា តាមរបាយការណ៍ពីសមាជិករបស់សហជីពមួយនេះ គឺមានរោងចក្រចំនួន១០ បានបិទទ្វារ និងរោងចក្រចំនួន២០ បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។
មេសហជីពរូបនេះលើកឡើងថា ទីផ្សារស្បែកជើង និងទីផ្សារវាយនភណ្ឌសម្លៀកបំពាក់ មិនទាន់បង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងវិញពីការបញ្ជាទិញពីទីផ្សារអន្តរជាតិនៅឡើយទេ។ លោកថា ស្ថានភាពបែបនេះនឹងជំរុញឱ្យរោងចក្រភាគច្រើននៅកម្ពុជានឹងបន្តកាត់បន្ថយការងារថែមម៉ោង និងព្យួរការងារដល់កម្មករមួយចំនួនបន្ថែមទៀត ហើយវានឹងធ្វើឱ្យប៉ះពាល់ជីវភាពរបស់កម្មករទាំងនោះផងដែរ។
មួយទៀតនោះ លោកថា បញ្ហាគ្មានការបញ្ជាទិញនេះក៏អាចជាប់ពាក់ព័ន្ធនឹងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និងការបាត់បង់ ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប រួមទាំងបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ បូកផ្សំនឹងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានឱ្យដឹងថា មានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ បានចុះបញ្ជីក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់១ ៩៨២រោងចក្រ។
របាយការណ៍ឱ្យដឹងទៀតថា នៅឆ្នាំ២០២២ មានរោងចក្រតែ ៨៣រោងចក្រប៉ុណ្ណោះ បានបិទទ្វារ គឺទាបជាងចំនួនរោងចក្របិទទ្វារក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ៕