Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មសិក្សាថ្នាក់មូលដ្ឋាននៅមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

Views: 1


អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានចុះកម្មសិក្សាថ្នាក់មូលដ្ឋានចំនួន២យប់៣ថ្ងៃ ទៅកាន់មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម។ អំឡុងពេលចុះកម្មសិក្សា ខ្ញុំបានចុះទៅទីកន្លែង និងតំបន់ប្រវត្តិសាស្រ្ដមួយចំនួន ដូចជា ទំនប់ជ្រោយចេក, ព្រលានយន្តហោះ, ភ្នំប្រុស, ប្រាសាទនគរបាជ័យ, ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម, វត្តសិម្ពលីវនារាម ហៅ វត្តរកាគយ, ទីតាំងចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩) និងការចុះទៅកាន់សហគមន៍ចាម។
១) ទំនប់ទឹកជ្រោយចេក
ទំនប់ទឹកជ្រោយចេកស្ថិតនៅក្នុងភូមិគ្រោល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទំនប់ទឹកនេះ សាងសង់ឡើងដើម្បីរក្សាទឹកទុកធ្វើស្រែ និងចម្ការ។ បន្ថែមជាងនេះទៅទៀត ប្រជាជននៅក្នុងតំបន់នោះអាចធ្វើការនេសាទ និងរកបន្លែផ្សេងៗដែលបានដុះនៅក្នុងទំនប់ដើម្បីយកមកចិញ្ចឹមជីវិតប្រចាំថ្ងៃ ក៏ដូចជាលក់នៅលើទីផ្សារ។ ទំនប់ទឹកជ្រោយចេក ចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ដោយមានកម្មាភិបាលខ្មែរក្រហមជាអ្នកគ្រប់គ្រង។ ប្រជាជនជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនៅពេលលើកទំនប់នេះដោយសារមិនមានអាហារបរិភោគគ្រប់គ្រាន់ មានជំងឺហើយគ្មានថ្នាំព្យាបាល និងធ្វើការហួសកម្លាំង។
២) ព្រលានយន្តហោះ
ព្រលានយន្តហោះ ខេត្តកំពង់ចាម មានទីតាំងស្ថិតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ព្រលានយន្តហោះខេត្តកំពង់ចាម បង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយម សម្ដេចព្រះនរោត្តម សីហនុ។ ក្រោយមកនៅក្នុងសម័យ លន់ នល់ ទីតាំងប្រលានយន្តហោះត្រូវបានទាហាន លន់ នល់ ធ្វើជាទីតាំងមូលដ្ឋានទ័ព។ ចាប់តាំងពីរបបខ្មែរក្រហមដួលរលំមក ព្រលានយន្តហោះនេះបានបញ្ឈប់ដំណើរការរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ ប្រជាជនបានយកបរិវេណព្រលានយន្តហោះធ្វើជាចម្ការដាំដំណាំ និងឈូសឆាយ ជួសជុលផ្លូវសម្រាប់ធ្វើដំណើរ។
៣) ភ្នំប្រុស
បើតាមប្រសាសន៍របស់ចាស់ព្រឹទ្ធាចារ្យនៅក្នុងតំបន់បានឲ្យដឹងថា ភ្នំប្រុសបានបង្កើតឡើងអំឡុងពេលសម័យអាណានិគមន៍បារាំង ឬក៏មុននោះទៅទៀត។ នៅលើភ្នំប្រុសមានចេតិយមួយដែលនៅលើកំពូលចេតិយមានព្រហ្មមុខបួនធ្វើអំពីស្ពាន់ និងមានត្បូងមានតម្លៃជាច្រើនទៀត។ នៅក្នុងសម័យ លន់ នល់ នៅលើភ្នំប្រុស គឺជាកន្លែងដាក់កាំភ្លើងផ្លោងនិងគ្រាប់បែករបស់ទាហាន លន់ នល់ ដើម្បីបាញ់ផ្លោងសំដៅទៅកាន់ក្រុមខ្មែរក្រហមស្ថិតនៅឃុំគគរ និង ស្រុកកោះសូទិន។
៤) ប្រាសាទនគរបាជ័យ
ប្រាសាទនគរបាជ័យ បានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសចំពោះពុទ្ធសាសនាមហាយាន។ នៅក្នុងសម័យសង្គ្រាម ប្រជាជនមួយចំនួនបានគាស់យកថ្មនៅខ្លោងទ្វារប្រាសាទទៅប្រើប្រាស់ក្នងគោលបំណងផ្សេងៗ។ ក្រោយសម័យខ្មែរក្រហម ទីតាំងប្រាសាទនគរបាជ័យ ក៏ជាទីតាំងសម្រាប់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។
៥) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម
ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយមានកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ទីតាំងរបស់ការិយាល័យគឺស្ថិតនៅក្នុងបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។ គោលបំណងដែលបង្កើត ការិយាល័យស្រាវជា្រវ និងបណ្ណាល័យឯកសារខ្មែរក្រហមនេះឡើង គឺដើម្បីធ្វើជាកន្លែងសិក្សាស្រាវជ្រាវ កន្លែងតម្កល់ឯកសារ ប្រវត្តិសាស្រ្ដខ្មែរក្រហម ទុកឲ្យក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ។ នៅក្នុងការិយាល័យស្រាវជ្រាវ មានតម្កល់ឯកសារជា ឯកសារក្រដាស ដែលរក្សាទុកនៅក្នុងទូឯកសារ ឯកសារជារូបភាព ដែលបង្ហាញតាមរយៈការតាំងពិព័រណ៍ និងឯកសារសំឡេងដែលមានទាំងចម្រៀង និងភាពយន្តឯកសារ។ បន្ថែមលើនេះ ការិយាល័យក៏មានបន្ទប់ប្រជុំអនឡាញមួយទៀតដែលស្ថិតនៅជាប់បន្ទប់ធំ។
៦) វត្តសិម្ពលីវនារាម ហៅ វត្តរកាគយ
វត្តរកាគយ ស្ថិតនៅក្នុងភូមិរកាគយ (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងសម័យ លន់ នល់ នៅក្នុងវត្តរការគយគឺជាទីកន្លែងលាក់ខ្លួនរបស់កងទ័ពបដិវត្តន៍ខ្មែរក្រហម ដែលនៅចាំស្ទាក់បាញ់ទាហាន លន់ នល់ ដែលធ្វើដំណើរតាមផ្លូវទឹក។ នៅក្នុងសម័យខ្មែរក្រហម បរិវេណវត្តរកាគយ ត្រូវបានខ្មែរក្រហមយកទៅធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ។
៧) ទីតាំងចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩)
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយគណៈឃុំគគរ ដើម្បីសង់ចេតិយតម្កល់អដ្ឋិធាតុមួយឡើងនៅក្នុង ភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចេតិយនេះសង់ឡើងដើម្បីឲ្យកូនចៅជំនាន់ក្រោយមានការចងចាំអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម និងជាកន្លែងរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។ បើតាមប្រសាសន៍របស់លោក តុង សុភា ដែលជាតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានឲ្យដឹងថា នៅក្នុងសម័យខ្មែរក្រហម ទីកន្លែងសង់ចេតិយនេះគឺជាដីស្រែរបស់អង្គការ។ អង្គការបានបញ្ជាប្រជាជនឲ្យមកធ្វើស្រែជាក្រុម និងយកទិន្នផលទាំងអស់ដាក់ធ្វើជាកម្មសិទ្ធិរួម។ នៅពេលរបបខ្មែរក្រហមដួលរលំ ឆ្នាំ១៩៧៩ ប្រជាជននាំគ្នាសាងសង់របងនៅទីតាំងនេះ ដើម្បីការពារក្រុមខ្មែរក្រហមដែលរត់ចូលព្រៃ កុំឲ្យចូលមកធ្វើបាបប្រជាជនក្នុងភូមិ។ ចំពោះឆ្អឹងសាកសពជនរងគ្រោះ ដែលរាយនៅជិតៗនោះ ប្រជាជនបានប្រមូលយកទៅតម្កល់នៅក្នុងវត្តនគរបាជ័យ រហូតដល់ឆ្នាំ១៩៨៥ ទើបបញ្ជូនទៅតម្កល់នៅលើភ្នំប្រុសភ្នំស្រីវិញ។
៨) ការចុះទៅកាន់សហគមន៍ចាម
នៅសហគមន៍ចាម ខ្ញុំបានចូលទៅមើលការត្បាញរបស់សហគមន៍ចាម នៅស្រុកកោះសូទិន។ ស្មាន ស្រីយ៉ះ បានឲ្យដឹងថា គាត់ចេះត្បាញហូលតាមម្ដាយរបស់គាត់។ ការត្បាញហូលគឺមានច្រើនជំនាន់មកហើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនចាមទាំងអស់ដែលរស់នៅខាងស្រុកកោះសូទិន ត្រូវបានជម្លៀសឲ្យទៅខេត្តផ្សេង ហើយការត្បាញហូលត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ក្រោយរបបខ្មែរក្រហមដួលរលំ ប្រជាជនចាមជាច្រើននាក់បានស្លាប់ ហើយអ្នកនៅរស់បានត្រឡប់មករស់នៅភូមិកំណើត នៅខេត្តកំពង់ចាមវិញ។ នៅក្នុងភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានជនជាតិចាមត្បាញហូលជាច្រើនគ្រួសារ ប៉ុន្តែក្រោយមកដោយសារមិនសូវមានទីផ្សារទើបប្រជាជនមួយចំនួនឈប់ត្បាញ។ ស្មាន ស្រីយ៉ះ បានបន្តថា ក្នុងមួយអាទិត្យគាត់អាចត្បាញហូលបានមួយក្បិន បើគិតជាសំពត់បានពីរ ប៉ុន្តែក្នុងមួយអាទិត្យនេះគឺគាត់មិនគិតពីពេលវេលាជ្រលក់ពណ៌ ឬស្រាវសរសៃសូត្រទេ។ សព្វថ្ងៃនេះ ស្មាន ស្រីយ៉ះ បានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោងសូត្រចាម ដើម្បីយកផលិតផលដែលគាត់ត្បាញបាន ទៅលក់នៅក្រៅប្រទេស។
ចំណេះដឹងដែលទទួលបានពីកម្មសិក្សា
នៅក្នុងពេលចុះកម្មសិក្សា ខ្ញុំមានការចាប់អារម្មណ៍ជាច្រើនកិច្ចការងារ ជាពិសេសការងាររបស់មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម។ ខ្ញុំសង្កេតឃើញថា មជ្ឈមណ្ឌលនេះមានការរៀបចំបានល្អ មានទាំងការតាំងពិព័រណ៍រូបភាព ឯកសារក្រដាសនៅក្នុងទូសៀវភៅ និងសម្ភារពីបុរាណមួយចំនួនទៀត។ ចំណែកការរៀបចំការិយាល័យមានភាពទាក់ទាញ បរិស្ថានជុំវិញល្អ ដែលស័ក្តិសមជាកន្លែងធ្វើការ រក្សាឯកសារ កន្លែងស្រាវជ្រាវ និងកន្លែងអប់រំ។ អំឡុងពេលចុះកម្មសិក្សាខ្ញុំបានដឹងអំពីការងារមួយចំនួនដែលខាងមជ្ឈមណ្ឌលឯកសារកំពង់ចាម អនុវត្តជារៀងរាល់ខែ។ សកម្មភាពមួយចំនួនមានភាពស្រដៀងគ្នា និងមានភាពខុសគ្នាបន្តិចបន្តួច ហើយភាពខុសគ្នានេះអាចជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំធ្វើការអភិវឌ្ឍន៍។ បន្ថែមពីនេះទៅទៀត ការចុះទៅកាន់ទីតាំងផ្សេងៗនៅក្នុងខេត្តកំពង់ចាម បានធ្វើឲ្យខ្ញុំដឹងរឿងរ៉ាវនានានៅក្នុងតំបន់នេះ ពិសេសរឿងរ៉ាវជនរងគ្រោះក្នុងសម័យខ្មែរក្រហម និងទីតាំងប្រវត្តិសាស្រ្ត។ នៅពេលដែលខ្ញុំចុះទៅជួបប្រជាជននៅតាមភូមិ នៅខេត្តកំពង់ចាម ទើបខ្ញុំដឹងថាមានឈ្មោះ ភូមិ ឃុំមួយចំនួនខ្ញុំធ្លាប់បានឮពីមុនមក តាមរយៈការរៀបរាប់របស់ប្រជាជនក្នុងខេត្តព្រៃវែងដែលធ្លាប់មករស់នៅកំពង់ចាម។ ចំពោះសាច់រឿងមួយចំនួន ហាក់មានភាពស្រដៀងគ្នា បើទោះបីនៅក្នុងសម័យខ្មែរក្រហមស្ថិតនៅក្នុងភូមិភាគផ្សេងគ្នាក៏ដោយ។ រឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំបានដឹង គឺមកពីបទសម្ភាសន៍កន្លងមក ហើយខ្ញុំយល់ដឹងកាន់តែច្បាស់ថែមទៀត នៅពេលដែលខ្ញុំចុះមកជួបប្រជាជននៅមូលដ្ឋានផ្ទាល់។ សរន​

រូប ( ទំនប់ទឹកជ្រោយចេក ស្ថិតនៅក្នុងភូមិគ្រោល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( ព្រលានយន្តហោះ មានទីតាំងស្ថិតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( ភ្នំប្រុស ។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( ប្រាសាទនគរបាជ័យ។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តកំពង់ចាម។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( វត្តសិម្ពលីវនារាម ហៅ វត្តរកាគយ។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( ទីតាំងចេតិយ៍តម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម(ឆ្នាំ១៩៧៥-១៩៧៩)

រូប ( ស្រ្តីជនជាតិចាម នៅស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងត្បាញ់ហូល។ (ភា រស្មី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

Post navigation