Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​សេដ្ឋកិច្ច​៖ កិច្ចព្រមព្រៀង​ទទួល​ឥណទាន​ជាង ៣០០ លាន​ដុល្លារ ពី​សាធារណរដ្ឋ​កូរ៉េ សម្រាប់​សង់ស្ពាន​មិត្តភាព កម្ពុជា​-​កូរ៉េ និង​បណ្តាញ​បញ្ជូន​អគ្គិសនី នៅ​ខេត្ត​ព្រះសីហនុ​

Views: 1

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មូលនិធិ​សហប្រតិបត្តិ ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF)  បានចេញ​សេចក្ដី ប្រកាស​ព័ត៌មាន​រួម ស្តីពី​កិច្ចព្រមព្រៀង​ទទួល​ឥណទាន​ជាង ៣០០ លាន​ដុល្លារ ពី​សាធារណរដ្ឋ​កូរ៉េ សម្រាប់​សាងសង់​ស្ពាន​មិត្តភាព កម្ពុជា​-​កូរ៉េ និង​បណ្តាញ​បញ្ជូន អគ្គិសនី នៅ​ខេត្ត​ព្រះសីហនុ​។​ ពិធី​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ២ ពី​សាធារណរដ្ឋ​កូរ៉េ​នេះ ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០២២, នៅ​វិមាន​សន្តិភាព ក្រោម​អធិបតី ភាព សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ក្នុងការ​ផ្តល់​ឥណទាន​សម្បទាន ចំនួន ២ ពី​សាធារណរដ្ឋ​កូរ៉េ រវាង​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Minnie Chey ប្រធាន​តំណាង​មូលនិធិ សម្រាប់​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ (EDCF/ Korea Eximbank) ប្រចាំ​នៅ​កម្ពុជា ។​

​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ទាំងពីរ មាន​៖
​កិច្ចព្រមព្រៀង​ទី​១៖ សម្រាប់​គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​អគ្គិសនី នៅ​ខេត្ត​ព្រះសីហនុ (Grid Reinforcement in Sihanoukville Project) មាន​ទឹកប្រាក់​ឥណទាន ចំនួន ៧០.០០០.០០០ ដុល្លារ​អាម៉េរិក​
​វិសាលភាព​របស់​គម្រោង គឺ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី តង់ស្យុង​ខ្ពស់ នៅលើ​អាកាស និង​បង្កប់​ក្រោម​ដី ចំនួន ៣ ខ្សែ ប្រវែង​សរុប​ចំនួន ២២ គ​.​ម , សាងសង់​អនុ​ស្ថានីយ​ចំនួន ៤ កន្លែង និង​ពង្រីក​អនុ​ស្ថានីយ ចំនួន ២ កន្លែង​។ គម្រោង​នេះ មាន​រយៈពេល​អនុវត្ត​ចំនួន ៤ ឆ្នាំ ៥ ខែ (៥៤ ខែ​) និង​រយៈពេល​សាងសង់​ចំនួន ៣ ឆ្នាំ (៣៦ ខែ​)​។​

​កិច្ចព្រមព្រៀង​ទី​២៖ សម្រាប់​គម្រោង​សាងសង់​ស្ពាន​មិត្តភាព កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​រាត្រី​-​ជ្រោយចង្វារ​, ជ្រោយចង្វារ – អរិយ​ក្សត្រ ) (Cambodia-Korea Friendship Bridge Project ) មាន​ទឹកប្រាក់​ឥណទាន​ចំនួន ២៤៥.៩០៩ .០០០ ដុល្លារ​អាម៉េរិក វិសាលភាព​របស់​គម្រោង គឺ​សាងសង់​ស្ពាន ចំនួន ២ នៅ​ទីតាំង «​ផ្សារ​រាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយ​ក្សត្រ​» ជា​ស្ពាន​ប្រភេទ​ខ្សែកាប យោង​ខ្ពស់ (Cable-Stayed Bridge) សាងសង់​ជា ៤ គន្លង (4 Lanes) ប្រភេទ A/C, ទទឹង​ស្ពាន​មាន​ប្រវែង​សរុប ២៧,៥ ម៉ែត្រ និង​ទទឹងផ្លូវ​ប្រវែង ២២,៥ ម៉ែត្រ ដែលមាន​មេ​ដ្យា​ន ៣ ម៉ែត្រ និង​ចិញ្ចើមផ្លូវ ៣ ម៉ែត្រ​, ល្បឿន​អតិបរមា ៨០ គ​.​ម​/​ម៉ោង ក្នុងនោះ​៖

* ស្ពាន​ទី​១៖ ឆ្លងកាត់​ទន្លេសាប (​ចាប់ផ្តើម​ពី​ចំណុច​ម្តុំ​សួន​ផ្សារ​រាត្រី (​ផ្សារ​ចាស់​) ឆ្លងកាត់​ទៅ​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) មាន​ប្រវែង ១,១៩ គ​.​ម និង​
* ស្ពាន​ទី​២៖ ឆ្លងកាត់​ទន្លេមេគង្គ ចាប់ផ្តើម​ពី​ចំណុច​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) ឆ្ពោះទៅ​ប្រសព្វ​នឹង​ផ្លូវ​លេខ ៣៨០ ឃុំ​អរិយ​ក្សត្រ (​ស្រុក​ល្វាឯម ខេត្តកណ្តាល​) មាន​ប្រវែង ១,១៨ គ​.​ម និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ប្រសព្វ​នឹង​ផ្លូវ លេខ ៣៨០ មាន​ប្រវែង ១,១៧ គ​.​ម ។ គម្រោង​នេះ មាន​រយៈពេល​អនុវត្ត ចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ​) និង​រយៈពេល​សាងសង់​ចំនួន ៣ ឆ្នាំ ៩ ខែ (៤៧​ខែ​) ។​

​ជារួម គិត​ចាប់ពី​ឆ្នាំ ២០០១ រហូតមកដល់​ដំណាច់ឆ្នាំ ២០២២ នេះ សាធារណរដ្ឋ​កូរ៉េ បានផ្តល់​ឥណទាន​សម្បទា​ន​ដល់​កម្ពុជា សរុប​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) នៃ​ធនាគារ The Export-Import Bank of Korea (Korea Eximbank) សម្រាប់ គម្រោង​អភិវឌ្ឍន៍​នានា ដែលជា​គម្រោង​ក្នុង​វិស័យ​អាទិភាព​របស់ រាជរដ្ឋាភិបាល​កម្ពុជា ស្របទៅតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​, យុទ្ធសាស្ត្រ​ចតុកោណ គ្រប់​ដំណាក់កាល របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ដែលមាន​វិស័យ ដូចជា ផ្លូវថ្នល់​, ប្រព័ន្ធធារាសាស្ត្រ​, ថាមពល​, ទឹកស្អាត​និង​អនាម័យ​, សុខាភិបាល និង​វិស័យ​ទូរគមនាគមន៍​៕/V​

Post navigation